សៀមរាបៈ ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត ជាការបង្ហាញពីភាពជោគជ័យជាប្រវត្តិសាស្ត្រថ្មី ១ ទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតរយៈពេល ៧០ ឆ្នាំកន្លងមក រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនដែលបានចាប់ផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ ១៩៥៣។
ព្រះមហាក្សត្រទ្រង់មានព្រះរាជបន្ទូលបែបនេះ ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ នៃព្រះមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ព្រះករុណាបានលើកឡើងថា ក្រុមការងារជំនាញរបស់ប្រទេសជប៉ុនមកពីសាកលវិទ្យាល័យសូហ្វីយ៉ា ដឹកនាំដោយលោក យ៉ូស៊ីអាគីអ៊ីស៊ីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា បានមកបំពេញការងារពាក់ព័ន្ធ នឹងរមណីយដ្ឋានអង្គរតាំងពីអំឡុងឆ្នាំ ១៩៨៩ មកម្ល៉េះ គឺមុនការផ្ដួចផ្ដើមគំនិតដោយ រដ្ឋាភិបាលជប៉ុនក្នុងការបង្កើតអាយស៊ីស៊ី (ICC) អង្គរ នៅឆ្នាំ ១៩៩៣។
ការចាប់ផ្តើមដំបូង គឺផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ផ្នែកបេតិកភណ្ឌវប្បធម៌ និងបន្តបន្ទាប់ បានធ្វើការបណ្តុះបណ្តាល និងអភិរក្សដោយផ្ទាល់ជាមួយអ្នកជំនាញកម្ពុជា ព្រមទាំងសារមន្ទីរ ព្រះនរោត្តម សីហនុអង្គរ កាលពីឆ្នាំ ២០០៧ ផងដែរ។ ព្រះអង្គមានបន្ទូលថា៖«កិច្ចដំណើរការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាពេលកន្លងមក ពិតណាស់ ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានាទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រទេសជប៉ុន»។
ក្នុងឱកាសនោះព្រះមហាក្សត្រទ្រង់បានលើកឡើងពីទឹកព្រះទ័យនៃការយកចិត្តទុកដាក់ក្នុងការថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ពិសេសប្រាសាទអង្គរវត្ត ដោយអង្គព្រះករុណា ព្រះបរមរតនកោដ្ឋផងដែរ។ ទ្រង់បញ្ជាក់ថា ព្រះបរមរតនកោដ្ឋតែងនាំភ្ញៀវដែលជាថ្នាក់ដឹកនាំប្រទេសជាច្រើន មានព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រធានាធិបតី មកទស្សនាប្រាសាទអង្គរវត្ត។ ជាមួយគ្នានោះព្រះករុណា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះប្រទេសជប៉ុន ដែលក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ បានរួមចំណែកយ៉ាងធំធេងដល់ភាពជោគជ័យនៃអាយស៊ីស៊ី (ICC) អង្គរ។
ព្រះអង្គក៏បានថ្លែងអំណរគុណទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA សាកលវិទ្យាល័យសូហ្វីយ៉ា ជាពិសេសលោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា ដែលផ្តល់ការគាំទ្រ និងជំរុញការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលក្នុងរមណីយដ្ឋានអង្គររហូតដល់ការជួសជុលរួចរាល់ជាស្ថាពរនូវស្ពានហាលនេះ ក៏ដូចជា ការជួសជុលប្រាសាទផ្សេងៗទៀត ព្រមទាំងបានផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរឱ្យសាធារណជនលើពិភពលោកបានជ្រួតជ្រាបផងដែរ។
ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រឱ្យបន្តការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ននានានៃប្រទេសជប៉ុនព្រមទាំងជាមួយដៃគូជាតិ និងអន្តរជាតិ ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ស្មារតីនៃចក្ខុវិស័យ១០ឆ្នាំទៅមុខទៀត»។
ក្នុងឱកាសនោះដែរ ព្រះបាទ នរោត្តម សីហមុនី ក៏បានអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់ឋានានុក្រមទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងបុគ្គលិកភ្នាក់ងារ ពលករ និងឆ្មាំគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា ដែលបានលះបង់ពេលវេលា ប្រាជ្ញា ស្មារតីបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរមណីយដ្ឋានអង្គរល្បីល្បាញនៅលើពិភពលោក ។
ព្រះអង្គមានព្រះរាជបន្ទូលថា៖ «ជោគជ័យដ៏ត្រចះត្រចង់នេះ ក៏បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោលនយោបាយវប្បធម៌ជាតិ ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍមរតកវប្បធម៌ជាតិ»។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការជួសជុលស្ពានហាលប្រាសាទអង្គរបានប្រើរយៈពេលសរុបចំនួន ១៩ ឆ្នាំ ដោយចែកចេញជា ២ ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ប្រើរយៈពេលអស់ ១២ ឆ្នាំ ពីឆ្នាំ ១៩៩៦ ដល់ ២០០៧ សម្រេចលទ្ធផលជួសជុលបានប្រវែង ៩៣ ម៉ែត្រ ដឹកនាំដោយអ្នកជំនាញជប៉ុន ចំណែកដំណាក់កាលទី២ ប្រើរយៈពេលអស់ ៧ ឆ្នាំ ពីឆ្នាំ ២០១៦ ដល់ ២០២៣សម្រេចការជួសជុលបាន ៩៩ ម៉ែត្រ ដឹកនាំជួសជុលដោយអ្នកជំនាញការខ្មែរ និងជប៉ុន។
លោកស្រីថ្លែងថា៖ «ក្នុងដំណើរការជួសជុលទាំង ២ ដំណាក់កាលនេះ ថ្មភក់ និងថ្មបាយក្រៀមជាច្រើនពាន់ដុំត្រូវបានរៀបចំឡើងវិញដែលបានចំណាយថវិកាជាច្រើនរយលានយេន និងជួយបណ្តុះបណ្តាលផ្នែកអភិរក្សជូនអ្នកជំនាញកម្ពុជា ៣០ នាក់ ដែលជាធនធានមនុស្សក្នុងវិស័យវប្បធម៌ អនុញ្ញាតឱ្យជនជាតិខ្មែរអាចជួសជុលប្រាសាទ និងសិក្សាស្រាវជ្រាវដោយខ្លួនឯង»។
លោកស្រីលើកឡើងទៀតថា សម្រាប់ដំណាក់កាលទី២ នៃការជួសជុលស្ពានហាលនេះ ដែលមានរយៈពេល ៧ ឆ្នាំកន្លងមក អាជ្ញាធរជាតិអប្សរា បានទទួលបន្ទុកថវិកាសរុបចំនួន ៨២ ម៉ឺន ៧១ ដុល្លារអាមេរិក ដោយមិនទាន់គិតពីការចំណាយចាំបាច់ផ្សេងៗមួយចំនួនផងទេ។ ចំណែកគ្រឹះស្ថានអប់រំសូហ្វីយ៉ាបានផ្តល់អ្នកជំនាញជប៉ុន និងថវិកាជារៀងរាល់ឆ្នាំចំនួន ៦៨ ០០០ ដុល្លារ រីឯរដ្ឋាភិបាលជប៉ុន បានប្រើប្រាស់ថវិកាសរុបចំនួន ៩១ លានយេន ប្រហែល ៧៥ ម៉ឺនដុល្លារ ក្រោមទម្រង់ជាជំនួយសម្ភារ និងគ្រឿងបរិក្ខារទំនើបៗ សម្រាប់ដំណើរការជួសជុលនេះ។
លោកស្រីសកុណា បញ្ជាក់ថា នៅថ្ងៃទី ៣ ខែវិច្ឆិកា អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអប់រំសូហ្វីយ៉ា ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ ក្នុងកិច្ចអភិរក្សរមណីយដ្ឋានអង្គរសម្រាប់រយៈពេល ៥ ឆ្នាំបន្តទៀតផងដែរ៕