ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុនប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើនខណៈរាជរដ្ឋាភិបាលបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។
លោក ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាពិធីបើកមហាសន្និបាត មិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧ ក្រោមប្រធានបទ «ស្រមៃមើលឱកាស» ដែលធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នាខេត្តសៀមរាប ដែលមានអ្នកចូលរួមប្រមាណ ១៥០ នាក់ មកពីជាង ១០ ប្រទេស។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ខ្ញុំយល់ថា ពិភពលោកនឹងកាន់តែសុវត្ថិភាពស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន»។
លោកបានបន្តថា៖ «តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្ត្រី គឺជាស្នូល»។
លោកនាយករដ្ឋមន្ត្រី លើកឡើងដែរថា ការរៀបចំមហាសន្និបាត មិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ នេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងដ៏មានអត្ថន័យសម្រាប់សមាគមកាយឫទ្ធិនារី នៅកម្ពុជាដែលត្រូវបានផ្តល់ទំនុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់ពីការរីកចម្រើនរបស់សមាគមនៅក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងឯកភាពជាតិនៅកម្ពុជា។
នាពិធីនោះដែរ លោក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់កាយឫទ្ធិនារីនៅក្នុងតំបន់ក៏ដូចជាការចូលរួមជាមួយនឹងសមាគមកាយឫទ្ធិនារីពិភពលោកក្នុងការអប់រំ បណ្តុះបណ្តាលនារី កុមារី និងយុវតីវ័យក្មេងឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយសមត្ថភាព និងទំនុកចិត្ត។
លោកមានប្រសាសន៍ថា៖ «ខ្ញុំក៏សូមគាំទ្រ ចំពោះមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រតម្លៃស្ត្រី និងការអភិវឌ្ឍសមត្ថភាពយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ ហើយនេះជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាចង់សម្រេចបាន»។
លោកបន្តថា៖ «ខ្ញុំក៏ជឿជាក់ផងដែរថា រដ្ឋាភិបាលនៃប្រទេសទាំងអស់ក៏សាទរ និងគាំទ្រចំពោះចក្ខុវិស័យ និងគុណតម្លៃរបស់សមាគមកាយឫទ្ធិនារីទាំងអស់ដូចគ្នាផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវដល់គ្រប់រដ្ឋាភិបាល និងបណ្តាភាគីពាក់ព័ន្ធទាំងអស់សូមចូលរួមជាមួយនឹងចលនាសមាគមកាយឫទ្ធិនារីដើម្បីជំរុញឱ្យបេសកកម្មដ៏ថ្លៃថ្លាទាំងនេះសម្រេចបានដោយជោគជ័យ»។
ក្នុងពិធីនោះដែរ លោកស្រី ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក៏បានលើកឡើងដែរថា មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧ នាពេលនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ទាំងសម្រាប់សមាគមកាយឫទ្ធិនារីពិភពលោក និងជាពិសេសសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ផ្ទាល់ ដែលមានលក្ខណៈជាការជួបប្រជុំថ្នាក់តំបន់មួយដ៏ធំនេះ។
លោកស្រីបានបន្តថា គិតត្រឹមឆ្នាំ ២០២៣ នេះ សម្រាប់ប្រទេសកម្ពុជា មានសមាជិកមិត្តកាយឫទ្ធិនារីកម្ពុជា សរុបចំនួន ២៣៩ រូប ដោយក្នុងនោះសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាសមាជិកគាំទ្រថ្នាក់មាស (Gold Supporter) របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកស្រី ពេជ ចន្ទមុន្នី ថ្លែងថា៖ «ចលនាកាយឫទ្ធិនារី គឺជាសកម្មភាពក្រៅរដ្ឋាភិបាលដែលមិនប្រកាន់បក្ខពួក វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងជាចលនាកើតឡើងដោយការស្ម័គ្រចិត្តផ្ទាល់ខ្លួនរបស់សមាជិកាម្នាក់ៗដោយមិនមានការបង្ខិតបង្ខំក្នុងរូបភាពណាមួយឡើយ និងមិនមានប៉ះពាល់ ដល់ការសិក្សា ឬការបំពេញការងាររបស់សមាជិកម្នាក់ៗនោះទេ»។
មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាក្រុមអ្នកគាំទ្រសម្រាប់លើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ដោយលោកស្រី Dato Dr.Juseon Byun ជាប្រធានគណៈកម្មការ និងម្ចាស់ក្សត្រី Azizah of Pahang ជាព្រះប្រធានកិត្តិយស។
លោកស្រី ពេជ ចន្ទមុន្នី បានបញ្ជាក់ដែរថា៖ «នាងខ្ញុំអាចនិយាយបានថា ការជ្រើសរើសកម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមិនមែនជារឿងដែលកើតឡើងដោយចៃដន្យទេ តែផ្ទុយទៅវិញ គឺជាការសម្រេចប្រកបដោយសុភវិនិច្ឆ័យដោយសង្កេតឃើញពីការរីកចម្រើន និងការកើនឡើងសមាជិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅកម្ពុជាផ្ទាល់»។
ជាមួយគ្នានោះដែរលោកស្រី ចូសិន បាយអុន (Dr. Juseon Byun) ដែលជាស្ថាបនិក មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏បានថ្លែងកោតសរសើរចំពោះលោក ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដ៏កក់ក្តៅចំពោះមហាសន្និបាតនាពេលនេះ។
លោកស្រីថ្លែងថា៖ «ការចូលរួមនាពេលនេះគឺជាការបង្ហាញពីការគាំទ្រមិត្តកាយឫទ្ធិនារី ក៏ដូចជាការលើកទឹកចិត្តដល់ពួកយើងក្នុងការបំពេញការងារសម្រាប់នារីនិងយុវតីនៅក្នុងតំបន់ ហើយយើងក៏សូមថ្លែងអំណរគុណដល់កម្ពុជាដែលជាម្ចាស់ផ្ទះដែលបានរៀបចំ និងស្វាគមន៍យ៉ាងកក់ក្តៅដ៏ល្អបំផុតនៃមហាសន្និបាតនេះ»។
លោកស្រីបន្តថា៖ «ការចូលរួម និងការប្តេជ្ញាចិត្តរបស់អស់លោកអ្នកនៅពេលនេះអាចនឹងធ្វើឱ្យយើងទទួលបានជោគជ័យហើយអ្នកទាំងអស់គ្នា គឺជាកម្លាំងដ៏ខ្លាំងក្លារបស់យើងផងដែរ»។
សូមបញ្ជាក់ដែរថា ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ជាបទពិសោធន៍ដ៏សំខាន់សម្រាប់កម្ពុជាក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតពិភពលោកលើកទី៣៩ នៅឆ្នាំ ២០២៦ របស់សមាគមកាយឫទ្ធិនារីពិភពលោក (39th WAGGGS World Conference) ផងដែរ៕