ភ្នំពេញៈ ទិវាជាតិអាហារូបត្ថម្ភលើកទី១០ ឆ្នាំ ២០២៣ បានរៀបចំឡើង ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» ដែលកម្ពុជាធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងតាមរយៈសារលិខិតអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៦ ខែវិច្ឆិកាថា លោកសូមគាំទ្រដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដែលបានរួមគ្នារៀបចំទិវាជាតិដ៏មានសារៈសំខាន់នេះ។
លោកបានលើកឡើងថា ទិវាជាតិអាហារូបត្ថម្ភលើកទី១០ ឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាលបានជ្រើសរើសយកប្រធានបទ«ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» ស្របពេលដែលអង្គការសហប្រជាជាតិនឹងរៀបចំសន្និសីទកំពូលបណ្ដាភាគីលើកទី ២៨ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០២៣ ផងដែរ។
លោកបញ្ជាក់ថា៖ «បញ្ហាប្រព័ន្ធស្បៀង និងការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាធំពីរដែលអង្គការសហប្រជាជាតិកំពុងយកចិត្តទុកដាក់ដោះស្រាយ ដើម្បីឱ្យមនុស្សគ្រប់រូបទទួលបានសន្តិសុខស្បៀង អាហារូបត្ថម្ភ របបអាហារសុខភាព ការពារបរិស្ថាន និងជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង»។
លោក ហ៊ុន ម៉ាណែត បន្តថា ការលើកកម្ពស់ប្រព័ន្ធស្បៀង តាមរយៈការបង្កើនការផលិត ការកែច្នៃ ការវេចខ្ចប់ ការដឹកជញ្ជូនការយកស្បៀងទៅប្រើប្រាស់ និងការគ្រប់គ្រងកាកសំណល់ស្បៀងអាហារបណ្តាលឱ្យមានកំណើននៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ធ្វើឱ្យប៉ះពាល់បរិស្ថាន និងរួមចំណែកឱ្យមានការប្រែប្រួលអាកាសធាតុ។
ចំណែកឯការប្រែប្រួលអាកាសធាតុនឹងបណ្តាលឱ្យមានគ្រោះធម្មជាតិដូចជា៖គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ និងរលកកម្ដៅដែលបង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម ជីវចម្រុះប្រព័ន្ធអេកូឡូស៊ី ប្រព័ន្ធធារាសាស្ត្រ ដីស្រែចម្ការ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ផ្ទះសំបែង ទ្រព្យសម្បត្តិនិងប៉ះពាល់ដល់សុខភាព សន្តិសុខស្បៀង អាហារូបត្ថម្ភនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសស្ត្រី និងកុមារ។ នេះបើតាមសារលិខិតរបស់លោកហ៊ុន ម៉ាណែត។
នាទិវាជាតិអាហារូបត្ថម្ភលើកទី១០ នេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់អនុសាសន៍មួយចំនួនដល់ក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរដូចជា៖ អនុវត្តផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ ២០៣០, ក្រសួងព័ត៌មានត្រូវណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងឯកជន អ្នកប្រើប្រាស់បណ្ដាញសង្គម ចូលរួមជួយផលិតកម្មវិធី រឿងអប់រំខ្លីៗ និងចម្រៀងដែលទាក់ទងនឹងប្រធានបទប្រព័ន្ធស្បៀងអាហារូបត្ថម្ភនិងការប្រែប្រួលអាកាសធាតុ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន។
លោកបន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹង និងពង្រីកការស្រាវជ្រាវ និងផ្សព្វផ្សាយ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ គ្រាប់ពូជដំណាំ និងពូជសត្វដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងផ្ដោតលើការធ្វើពិពិធកម្មកសិកម្មផលិតកម្មស្បៀងអាហារដែលសម្បូរសារជាតិចិញ្ចឹម និងការពារផលិតផល ស្បៀងអាហារដែលកើតចេញពីធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់ប្រជាជន។
លោក ហ៊ុន ម៉ាណែត ថា៖ «គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបន្តកែលម្អប្រព័ន្ធស្បៀងបម្រុង ឱ្យមានលទ្ធភាពកាន់តែច្រើន និងរហ័សទាន់សភាពការណ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីអន្តរាគមន៍ជួយពលរដ្ឋ តាមរយៈការផ្ដល់ស្បៀង ផ្តល់គ្រាប់ពូជស្រូវ និងពូជដំណាំបន្លែសម្រាប់ស្តារការដាំដុះឡើងវិញក្រោយរងការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្ននានា»។
លោកបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះនិងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ជាសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន រួមនឹងអនុសាសន៍សំខាន់ៗមួយចំនួនទៀត។
លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន អង្គការសង្គមស៊ីវិលវិស័យឯកជន និងពលរដ្ឋគ្រប់រូប បន្តការយកចិត្តទុកដាក់ និងអនុវត្ត ពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពពលរដ្ឋ ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ពិសេសគោលដៅទី២ គឺបញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបាននូវសន្តិសុខស្បៀងនឹងធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព៕