ភ្នំពេញៈ «​ខ្ញុំ​គិតថា​ខ្ញុំ​គាំទ្រ​ចំណាត់ការ​នេះ​ព្រោះ​ឃើញ​ក្មេងៗ​មួយចំនួនធំ​គាត់​ប្រើ​ទូរ​ស័ព្ទ ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ហ្នឹង​គឺ​ខួរក្បាល​របស់គាត់​មួយចំនួន​រាង​ស្ពឹក ហេតុនេះ​បើ​កាត់បន្ថយ​បាន​អាច​នឹង​ធ្វើឱ្យ​ខួរក្បាល​គាត់​សកម្ម​វិញ​»​។​

​នេះ​គឺជា​ការលើកឡើង​របស់​អ្នក​អា​ណា​ព្យាបាល​សិស្ស​ម្នា​ក់នៅ​ខេត្ដ​បន្ទាយមានជ័យ​ដែល​បាន​គាំទ្រ​លើ​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​។​

​កាលពី​ថ្មីៗ​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា​បានប្រកាស​ហាម​សិស្ស​ប្រើប្រាស់​ទូរស័ព្ទដៃ​ឬ​ឧបករណ៍​អេឡិចត្រូនិក ដែល​មិន​បម្រើឱ្យ​សកម្មភាព​សិក្សា​នៅក្នុង​គ្រឹះស្ថានសិក្សា​សា​ធា​រណៈ ​ដើម្បី​ជំរុញ​ការពង្រឹង​វិន័យ​តាម​សាលារៀន​ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រើ​ឧបករណ៍​ទាំងនោះ​ឱ្យ​ត្រូវ​តាម​បរិបទ​នៃ​ការអប់រំ​ឌីជីថល សម្រាប់​បម្រើ​ដល់​ការបង្រៀន ការរៀន និង​ការស្រាវជ្រាវ​។

​ការប្រកាស​ណែនាំ​នេះ​បានធ្វើឱ្យ​មាតាបិតា ឬ​អាណាព្យាបាល គ្រូបង្រៀន សិស្សានុសិស្ស មានការ​ពេញចិត្ត​ច្រើន ថ្វីបើ​មាន​អ្នកខ្លះ​យល់ឃើញ​ផ្សេង ខណៈ​អ្នកតាមដាន​ការអប់រំ​បាន​ជំរុញ​បន្ថែម​ឱ្យ​ការប្រើប្រាស់​ទូរស័ព្ទ​រប​ស់​សិស្សានុសិស្ស​បាន​ចំ​គោល​ដៅ​សិក្សា ការការពារ​ខ្លួន​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​ឌីជីថល ហើយ​ដើរ​ទាន់​សម័យកាល​បច្ចេក​​វិទ្យា​ថ្មី​នេះ​។

​លោក​ ហត្ថា វាត ប្រជាពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​ដែលមាន​កូនតូច​កំពុង​សិក្សា​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា លោក​គាំទ្រ​ចំពោះ​ការណែនាំ​របស់​ក្រសួង​អប់រំ ដែល​ជំរុញ​បន្ថែម​កុំឱ្យ​សិស្ស​ប្រើ​ទូរស័ព្ទ​ខុស​កម្ម​​វិធី​សិក្សា​នៅ​សាលា ព្រោះ​ការប្រើប្រាស់​ទូរស័ព្ទ ឬ​ឧបករណ៍​អេឡិចត្រូនិក មាន​ទាំង​ផល​ល្អ​ និង​ផល​មិនល្អ ប៉ុន្តែ​ជាក់ស្តែង​សិស្ស​ខ្លះ បាន​ប្រើប្រាស់​ខុស​កម្មវិធីសិក្សា បែរជា​ចូលចិត្ត​លេង​ហ្គេម​ ឬ​ប្រើ​បណ្តាញ​សង្គម​ផ្សេងៗ​នាំឱ្យ​ខាត​ពេល និង​ការសិក្សា​ធ្លាក់ចុះ​។

​លោក​ថា​៖ «​អ្វីដែល​ក្រសួង​ហាម គឺ​ហាម​តែ​ក្នុងពេល​កំពុង​សិក្សា​ក្នុង​ថ្នាក់រៀន និង​នៅ​ទីធ្លា​សាលា​ជាដើម​ប៉ុណ្ណោះ​។​ ​«​ខ្ញុំ​គិតថា ខ្ញុំ​គាំទ្រ​ចំណាត់ការ​នេះ ព្រោះ​ឃើញ​ក្មេងៗ​មួយចំនួនធំ គាត់​ប្រើ​ទូរស័ព្ទ ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ហ្នឹង ​គឺ​ខួរក្បាល​របស់គាត់ មួយចំនួន​រាង​ស្ពឹក ហេតុនេះ​បើ​កាត់បន្ថយ​បាន​អាច​នឹង​ធ្វើឱ្យ​ខួរក្បាល​គាត់​សកម្ម​វិញ​»​។

​យ៉ាងណាក្ដី លោក ​ហត្ថា វាត ថ្លែងថា ការជំរុញឱ្យ​កូនៗ​ប្រើ​ទូរស័ព្ទ​ឱ្យចំ​គោលដៅ​ក្នុង​កម្មវិធីសិក្សា​អាចមាន​ការលំបាក​គ្រប់គ្រង ព្រោះ​ជាក់ស្តែង​ចាស់ៗ​ខ្លះ​ហាក់ដូចជា​ញៀន​ក្នុង​ការប្រើ​ទូរស័ព្ទ​ដែរ​ដោយ​មិនបាន​ធ្វើជា​គំរូ​ដល់​កូនៗ​ក្នុងការ​ចាប់​អាន​សៀវភៅ​ឡើយ​។

​យល់​ផ្ទុយ​ពីនេះ​បន្តិច លោក អ៊ូច ធា ប្រជាពលរដ្ឋ​នៅ​រាជ​​ធានី​ភ្នំពេញ បាន​លើកឡើងថា សេចក្តីណែនាំ​ក្រសួង​អប់រំ ហាក់​មិនទាន់​ត្រឹមត្រូវ​ ១០០ ភាគរយ​ទេ ពីព្រោះ​សម័យ​បច្ចេកវិទ្យា​ឌីជីថល​ការប្រើ​ទូរស័ព្ទ ឬ​ឧ​បក​រណ៍​អេឡិចត្រូនិក​ផ្សេងៗ​ទៀត​ក្នុង​ការសិក្សា​ស្រាវជ្រាវ គឺ​ធ្វើឱ្យ​សិស្ស​បាន​លូតលាស់​ទាន់សម័យ​និង​មាន​ប្រាជ្ញា​វាងវៃ ទោះបីជា​ពេលខ្លះ​ពួកគេ​ត្រូវ​មើល​ការកម្សាន្ត​ម្ដងម្កាល​ក៏ដោយ​។

​លោក​ថា​៖ «​បើតាម​គំនិត​ខ្ញុំ ការណែនាំ​របស់​ក្រសួង​អប់រំ គឺ​មិន​ត្រឹមត្រូវ​ ១០០ ​ភាគរយ​ទេ ពីព្រោះ​សម័យនេះ ​គឺជា​សម័យ​បច្ចេក​ក​វិទ្យា ជាក់ស្តែង​កូន​ខ្ញុំ​រៀន​ថ្នាក់​ទី​៦ តែ​គាត់​អាច​ប្រើ​ទូរ​ស័ព្ទ​ឆែក​រក​ព័ត៌មាន​ក្នុង​ពិភព​​លោក​ដឹង​គ្រប់​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ដល់​»​។

​ក៏ប៉ុន្ដែ​លោក​ សយ ចន្ថា ប្រជាពលរដ្ឋ​ម្នាក់ទៀត​នៅ​រាជ​ធានី​ភ្នំពេញ​បាន​គាំទ្រ​ខ្លាំង​ចំពោះ​ការណែនាំ​របស់​ក្រសួង​អប់រំ​។ លោក​ថា ក្នុងសម័យ​បច្ចុប្បន្ន ពលរដ្ឋ​មាន​ទូរស័ព្ទ Smart Phone ប្រើ​ស្ទើរ​គ្រប់​ដៃ ហើយ​គេ​អាច​មើល​ទូរស័ព្ទ​បាន​គ្រប់ពេល គ្រប់​ទីកន្លែង ហេតុនេះ​ក្នុងនាម​ជា​សិស្ស​មិនចាំបាច់​យក​ទូរស័ព្ទ​ទៅលេង​ក្នុង​ម៉ោង​សិក្សា​ទេ ព្រោះ​ជា​ពេល​ក្រេប​យកចំណេះ​ដឹង​ពី​គ្រូ​ផ្ទាល់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ទូរ​ស័ព្ទ​វា​មាន​សារៈសំខាន់​ច្រើនណាស់​។​ ទំនាក់ទំនង​វា​គ្រាន់តែ​ជា​ផ្នែក​ដ៏​តូច​មួយ​ប៉ុណ្ណោះ​សម្រាប់​ខ្ញុំ​។ ​ក្នុង​ទូរស័ព្ទ​មាន​បណ្តុំ​មេរៀន​ជាច្រើន​ទាំង​ការសិក្សា ការ​រស់​នៅក្នុង​សង្គម អាជីវកម្ម​ជាដើម សុទ្ធសឹង​ជា​មេរៀន​ដែល​សិស្ស​គួរ​រៀន​បន្ថែម​ក្រៅពី​សិក្សា​ផ្ទាល់​ជាមួយ​គ្រូ​»​។​

​លោក ​ប៉ែន ទូច គ្រូបង្រៀន​សាលា​អនុវិទ្យាល័យ​អង្គ​ជោតិ នៅ​ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត បាន​ថ្លែងថា ការណែនាំ​របស់​ក្រសួង​អប់​រំជា​រឿង​ល្អ ប្រៀបដូចជា​ដាវអាជ្ញា​សឹក​ផ្តល់​អំណាច​បន្ថែម​ឱ្យ​ការ​អនុវត្តតាម​សាលា​កាន់​តែមាន​ប្រសិទ្ធភាព​។

​លោក​ប្រាប់ថា ចំពោះ​បញ្ហា​ការប្រើ​ទូរស័ព្ទ​ខុស​កម្មវិធីសិក្សា ក្នុង​សាលា​កន្លងមក គឺ​គ្រូ​បាន​ក្រើនរំឭក​ដល់​សិស្ស​ជា​បន្ត​បន្ទាប់​ដើម្បី​កុំឱ្យ​ការសិក្សា​របស់​សិស្ស​ចុះខ្សោយ រៀន​យឺត​ដោយសារ​ការលេង​ទូរស័ព្ទ ប៉ុន្តែ​ការពង្រឹង​នេះ​ធ្វើ​បានតែ​ក្នុង​សាលារៀន​ប៉ុណ្ណោះ​។

​លោក​ថា ជាក់ស្តែង​ពេល​ម៉ោង​សម្រាក​សិស្ស​មួយចំនួន​នៅតែ​នាំគ្នា​លេង​ហ្គេម​តាម​ទូរ​ស័ព្ទ​ដោយ​ចេញ​ឱ្យ​ផុតពី​ទីធ្លា​សាលា​ទៅលេង​នៅតាម​វត្ត ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការសិក្សា​របស់​ពួកគេ​។

​លោក​ថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​គ្រូបង្រៀន បើកាលណា​សិស្ស​ធ្លាក់​ចុះខ្សោយ​ក្នុងការ​សិក្សា ក៏​ពិបាក​ដែរ ព្រោះ​យើង​ចង់​ផ្ទេរ ចង់​ផ្តល់​ចំណេះដឹង​ទាំងអស់​ទៅ​សិស្ស​ឱ្យ​ចេះ​ដូច​យើង ប៉ុន្តែ​ជាទូទៅ​នៅក្នុង​ថ្នាក់រៀន ឬ​តាម​កន្លែង​ផ្សេងៗ​មាន​ទំនើបកម្ម​ពេក​ទៅ បែរជា សិស្ស​មិន​ផ្តោតលើ​ការសិក្សា​គិតតែ​ទូរស័ព្ទ​។​ខ្ញុំ​ចង់ឱ្យ​សិស្ស​ផ្អាក​សកម្មភាព​នោះ ហើយ​ពង្រឹង​ការសិក្សា​ឡើងវិញ​»​។​

​ចំណែក​លោក​ ទ្រី សារ៉ាត់ គ្រូបង្រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា ការប្រើ​ទូរស័ព្ទ​ក្នុង​សាលា គួរតែ​ហាម​ក្មេងៗ​នៅ​ថ្នាក់បឋមសិក្សា ព្រោះ​សិស្ស​កម្រិត​នេះ​ភាគច្រើន​ប្រើ​ទូរស័ព្ទ​មិន​ចំ​គោលដៅ​ គឺ​លេង​ហ្គេម​តែម្តង ព្រោះ​គ្មាន​មុខងារ​អ្វី​សំខាន់​សម្រាប់​ពួកគេ​សិក្សា​ស្រាវជ្រាវ​ទេ​។ លោក​បន្តថា ទោះបី​យ៉ាងនេះ​ក្ដី​បើ​ឪពុកម្តាយ​ចេះ ណែនាំ ឬ​បង្រៀន​កូន​ឱ្យមើល​តាម​បណ្តាញ​សង្គម ទាក់ទង​នឹង​មេរៀន​ដែល​គេ​សិក្សា​គឺជា​រឿង​ល្អ​។

​លោក ​ទ្រី សារ៉ាត់ បាន​បន្ដថា ក៏ប៉ុន្ដែ​ចំពោះ​សិស្ស​នៅតាម​អនុវិទ្យាល័យ ​ឬ​វិទ្យាល័យ គឺ​ចាំ​បាច់​ត្រូវតែ​ប្រើ​ទូរស័ព្ទ ព្រោះ​គេ​ត្រូវការ​ស្រាវជ្រាវ​មេរៀន​ឬ​ចំណេះដឹង​ផ្សេងៗ​តាម​អ៊ីន​ធឺ​ណិ​ត ហើយ​មាន​ឯកសារ​ខ្លះ គេ​ត្រូវ​ចែករំលែក​គ្នា​តាម​បណ្តាញ​សង្គម​។​

​លោក​ថា​៖ «​ប្រសិនបើ​សិស្ស​ប្រើ​ទូរស័ព្ទ​លេង​ហ្គេម មតិ​ខ្ញុំ​ គឺ​មិន​គាំទ្រ​ដាច់ខាត ចំពោះ​សិស្ស​ប្រើ​ខុស​មុខងារ​រៀនសូត្រ ប៉ុន្តែ​ប្រើ​ត្រូវ​តាម​ផ្លូវការ គឺ​ប្រើ​ក្នុង​វិស័យ​ស្រាវជ្រាវ​ឯកសារ​ឬ​ដោះ​ស្រាយ​លំ​ហាត់ ស្វែងរក​ចំណេះ​ដឹង​បន្ថែម​គឺ​ល្អ​»​។

​លោក​ តូច កន្តាល់ នាយក​សាលា​វិទ្យាល័យ​បាក់​ទូក បាន​ថ្លែងថា ការប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​ច្បាប់ទម្លាប់​ពេញលេញ ​១ បន្ថែមទៀត ដើម្បីឱ្យ​សាលា​អនុវត្តបាន​កាន់តែខ្លាំង ព្រោះ​ការណែនាំ​កុំឱ្យ​សិស្ស​ប្រើ​ទូរស័ព្ទ​ខុសពី​កម្មវិធីសិក្សា គឺ​សាលា​បាន​អនុវត្ត​តាំង​ពីមុន​មានការ​ប្រកាស​ណែនាំ​របស់​ក្រសួង​អប់រំ​ម្ល៉េះ​។

​លោក​បានឱ្យដឹងថា ការអនុវត្ត​នេះ មិនមាន​សិស្ស​ឬ​អាណាព្យាបាល​សិស្ស​ប្រតិកម្ម​សម្តែង​ការមិន​ពេញចិត្ត ​ឬ​មិន​គាំទ្រ​ឡើយ​។ រីឯ​ការអនុវត្ត​វិញ​សាលា​មាន​វិធីសាស្ត្រ​ធ្វើឱ្យបាន​សមល្មម មិនឱ្យ​សិស្ស​គិតថា តឹង​ពេក តែ​ក៏​មិន​ធូរ​ពេក​ដែរ​។

​លោក​ថ្លែងថា​៖ «​បើសិន​បើ​រកឃើញថា សិស្ស​អនុវត្ត​ផ្ទុយ​ពី​ការណែនាំ យើង​ប្រជុំ​គាត់ ប្រជុំ​ឪពុកម្តាយ​គាត់​ឱ្យ​យល់​ទាំងអស់គ្នា​សិន​។​ អ្វីដែល​យើង​ធ្វើ​គឺ​យក​ច្បាប់​មក​ដាក់​ហើយ​ប្រជុំ​ឪពុកម្តាយ​ផ្សព្វផ្សាយ​ឱ្យដឹង​សិន​ហើយ​ទើប​យើង​អនុវត្ត​ច្បាប់​ក្នុង​កម្រិត​ណាមួយ​»​។

​លោក​បាន​ថ្លែងថា សិស្ស​ប្រើ​ទូរស័ព្ទ​មាន​ផល​ ២​ យ៉ាង ទី​១- ​ប្រើ​ដើម្បី​ជា​ប្រយោជន៍ ដែល​សិស្ស​អាច​ចូល​មើល​ក្នុង​ប​ណ្ណា​ល័យ​អេឡិចត្រូនិក មាន​មេ​រៀន​ឯកសារ​ស្រាវជ្រាវ​កម្រង​ឯក​សា​រវិ​ញ្ជា​សា​ប្រឡង​និង​ចំណេះ​ដឹង​ផ្សេងៗ​ដែល​ក្រសួង​អប់រំ​បានដាក់​បញ្ចូល​។ ទី​២-​ ការប្រើ​ទូរស័ព្ទ​ដោយ​ឥតប្រយោជន៍ វង្វេង​ក្នុង​បណ្តាញ​សង្គម​ដែល​មិន​ទាក់ទង​មេរៀន​នឹង​រំខាន​ដល់​ការសិក្សា​សិស្ស​។​

​យុវតី វេត ម៉ី​ម៉ី សិស្ស​ថ្នាក់​ទី​១០ ​នៃ​វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​និយាយថា នៅ​សាលា​នាង​កំពុង​រៀន​មិនទាន់​ឃើញ​គ្រូ​ផ្សព្វផ្សាយ​ពី​ការណែនាំ​របស់​ក្រសួង​នៅឡើយ​ទេ ប៉ុន្តែ​យុវតី​រូបនេះ​បញ្ជាក់ថា បើ​មានការ​ណែនាំ​បែបនេះ​ជា​រឿង​ល្អ និង​គួរតែ​អនុវត្ត​ឱ្យបាន​តឹង​រ៉ឺ​ង​។

​ម៉ី​ម៉ី ប្រាប់ថា សកម្មភាព​សិស្ស​លេង​ហ្គេម​តាម​ទូរស័ព្ទ ក្នុង​វិទ្យាល័យ​ដែល​នាង​រៀន មាន​ច្រើន​គួរសម ប៉ុន្តែ​ការលេង​នោះ​មានតែ​ក្នុង​ម៉ោង​ចេញលេង​ទេ​។

កញ្ញាប្រាប់ថា​៖ «​សាលា​ខ្ញុំ ពេល​ម៉ោង​រៀន គាត់​រៀន​ស្ងប់​ស្ងាត់​ធម្មតា​តាម​ថ្នាក់​នីមួយៗ ព្រោះ​អី​ក្នុង​សាលារៀន​ក៏មាន​វិន័យ​ត្រឹមត្រូវ​ដែរ តែបើ​ម៉ោង​ចេញលេង អ្នកខ្លះ​គាត់​ចូលចិត្ត​លេង​ហ្គេម ទោះ​អ៊ីចឹង​ក៏ដោយ បើ​មាន​បញ្ជា​ពី​លោកគ្រូ​នាយក​មក​ថា អត់ឱ្យ​លេង​ហ្គេម​ក្នុង​សាលា​វា​រញ៉េរញ៉ៃ អ៊ីចឹង​ក៏​ពួក​គាត់​ធ្វើតាម​ដែរ​»​។​

​ចំណែក​សិស្ស​វិទ្យាល័យ​ម្នាក់ទៀត គឺ​យុវតី ដួង ច័ន្ទ​ចរណៃ ជា​សិស្ស​ថ្នាក់​ទី​១១​ នៅ​សាលា​វិទ្យាល័យ ហ៊ុន សែន ប្រមាយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ក៏បាន​គាំទ្រ​ចំពោះ​ការណែនាំ​របស់​ក្រសួង​អប់រំ​ដែរ​។ យុវតី ឱ្យដឹងថា រាល់ថ្ងៃ​នាង​មិនដែល​យក​ទូរស័ព្ទ​ទៅ​សាលា​ទេ ព្រោះ​បើ​យកទៅ​ទូរស័ព្ទ​ទៅ​សាលា​ចង់​បង្អួត​សម្ញែង​ការលេង​ហ្គេម​ដោយ​ទូរស័ព្ទ​ទំនើប​នោះ​ជា​រឿង​មិន​សមរម្យ​។ ច័ន្ទ​ចរណៃ បាន​បន្ថែមថា ពេលចេញ​លេង ឬ​ពេល​អវត្តមាន​គ្រូ មាន​សិស្ស​ខ្លះ​ចូលចិត្ត​ប្រើ​ទូរស័ព្ទ​លេង​ហ្គេម ខ្លះ​មើល​ហ្វេ​ស​ប៊ុ​ក មាន​តិចតួច​ទេ ព្រោះ​លោកគ្រូ​អ្នកគ្រូ​តែង​តែ​ក្រើនរំឭក​ជា​បន្តបន្ទាប់​។

​លោក ឈ​ត ប៊ុន​ថង ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​វប្បធម៌ អប់រំ និង ទេសចរណ៍ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បានបង្ហាញ​ពី​ការពេញចិត្ត​ចំពោះ​ការណែនាំ​របស់​ក្រសួង​អប់រំ ដែល​រឹតបន្តឹង​ការប្រើ​ទូរស័ព្ទ​ក្នុង​សាលា តែ​ចង់​លើកកម្ពស់​ការប្រើប្រាស់​ឧ​បក​រណ៍​ទាំងនោះ​ឱ្យមាន​ប្រសិទ្ធភាព ក្នុងការ​រៀនសូត្រ​និង​ដើរ​ទាន់​សម័យកាល​បច្ចេក​វិទ្យា​ថ្មី​។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ក្នុងនាម​ជា​អ្នកតាមដាន និង​ក្នុងនាម​ជា​ឪពុកម្តាយ​ម្នាក់​ពេញចិត្ត​ការណែនាំ​របស់​ក្រសួង ព្រោះ​ការប្រើ​​ប្រាស់​អ៊ី​ន​ធឺ​ណិ​ត ទូរស័ព្ទ ឬក៏​ឧបករណ៍​អេឡិចត្រូនិក​ដទៃទៀត​ដែល​យើង​អាច​ឆែក​មើល​ព័ត៌មាន​ឬក៏​ការផ្សាយ​ផ្សេងៗ​ជា​អាវុធ​មុខ​ ២ អ៊ីចឹង​ដើម្បី​កាត់​​បន្ថយ​មុខ​អវិជ្ជមាន ត្រូវតែ​មានការ​រឹតបន្តឹង មានការ​តម្រង់ទិស​ហ្នឹង​គឺជា​រឿង​ត្រឹមត្រូវ​»​។

​លោក​បន្ថែមថា ក្នុងសម័យ​បច្ចេកវិទ្យា​ថ្មី​នេះ សិស្ស​ត្រូវ​ការចេះ​ប្រើ​ឧបករណ៍​ឆ្លាត​វៃ ដូចជា​ស្មា​ត​ហ្វូ​ន លែ​ប​ថប​ឬ​ឧបករណ៍​ផ្សេងទៀត ហេតុនេះ​នៅតាម​សាលា គួរតែមាន​ការកំណត់​ម៉ោង​រៀនសូត្រ​អំពី​ឧបករណ៍​ឆ្លាត​វៃ​ឱ្យបាន​ចេះដឹង​ត្រឹមត្រូវ និង​ប្រើ​បានជា​ប្រយោជន៍ ព្រមទាំង​នៅ​ឆ្ងាយ​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប ឧបករណ៍​អេឡិចត្រូនិក​ទំនើបៗ​នេះ មិនមែន​មានន័យថា សុទ្ធតែ​អាក្រក់​ទេ ប៉ុន្តែ​សូម​ប្រើប្រាស់​ឱ្យបាន​ត្រឹម​ត្រូវ ប្រើប្រាស់​ឱ្យ​ជា​ប្រយោជន៍ កុំឱ្យ​ការប្រើប្រាស់​នោះ​ទៅជា​ធ្វើឱ្យ​ការសិក្សា ការរៀន និង​ការបង្រៀន ឬ​គុណភាព​អប់រំ​ថយចុះ​ទៅវិញ ដោយសារ​ការប្រើ​ប្រាស់​មិនបាន​ត្រឹមត្រូវ​»​។

​តាមរយៈ ​ភ្នំពេញ​ ប៉ុស្តិ៍ លោក ឈ​ត ប៊ុន​ថង បាន​ផ្ញើ​សារ​ទៅ​ក្រុមយុវជន​ត្រូវ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង ដោយ​ប្រុងប្រយ័ត្ន ព្រោះ​វា​ជា​អាវុធ​មុខ​ ២ ក្នុងនោះ ទី​១​ គេ​អាច​ប្រើ​បានជា​ប្រយោជន៍​ក្នុងការ​ស្វែងរក​ចំណេះដឹង​ព័ត៌មាន ការរកចំណូល​បន្ថែម និង​អាច​ដឹង​ពី​ការវិវឌ្ឍ​នៃ​ពិភពលោក​បាន ចំណែក​ទី​២​ គឺ​ការប្រើ​ខុស ដូចជា លេង​ហ្គេម​រហូតដល់​ញៀន​លែង​ចង់​រៀនសូត្រ លែង​ចង់​ជួយ​ការងារ​ផ្ទះ និង​ការងារ​ស្នូល​ផ្សេងៗ​។

​លោក​ថា​៖ «​ប្រសិនបើ ប្រើ​​ប្រាស់​មិនបាន​ត្រឹមត្រូវ​ទេវា​ខាត​ប្រយោជន៍​ជួនកាល​ក៏​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ ខាតបង់​ទ្រព្យសម្បត្តិ​ជាដើម​ពី​ការប្រើប្រាស់​ឧបករណ៍​ស្មា​ត​ហ្វូ​ន ទូរស័ព្ទដៃ​...​អ៊ីចឹង​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ការប្រើប្រាស់​ហ្នឹង​បាន​ប្រយោជន៍ ហើយ​អាច​ការពារ​ខ្លួន​បាន​»៕