ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដំណឹងថា មានកូនផ្សោតកើតថ្មីចំនួន ១ ក្បាលទៀត នៅខេត្តក្រចេះ ដែលគិតត្រឹមរយៈពេល ១០ ខែ ឆ្នាំ ២០២៣ នេះ មានកូនផ្សោតបានកើតសរុបចំនួន ៨ ក្បាល ខណៈដែលផ្សោតងាប់មានចំនួន ៤ ក្បាល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីយប់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។
កូនផ្សោតនេះ មានអាយុប្រមាណ ២ ថ្ងៃ ត្រូវបានប្រទះឃើញពីអ្នករត់ទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ ខណៈដែលកូនផ្សោតនេះ កំពុងហែលលេងក្នុងក្រុមហ្វូងសត្វផ្សោតប្រមាណ ៦ ក្បាលនៅទីតាំងនោះ។
ក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ ២ ម៉ោង ក្រុមការងាររដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) សង្កេតឃើញថា ពុំមានសកម្មភាពបំពានណាមួយពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតទើបនឹងកើតថ្មីនោះទេ។ កាលពីឆ្នាំ២០២២ គឺ ចាប់ពីខែមករា រហូតដល់ខែធ្នូ កម្ពុជាទទួលបានកូនផ្សោតកើតចំនួន ៦ ក្បាល ខណៈដែលមានផ្សោតងាប់ចំនួន ១១ ក្បាល។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៥ ខែវិច្ឆិកាថា៖ «យើងនៅតែប្រឹងប្រែងបន្តទៀត ដើម្បីត្រូវធ្វើយ៉ាងណា គឺយើងត្រូវកាត់បន្ថយការស្លាប់របស់សត្វផ្សោតឱ្យបាននៅទាបបំផុត ដែលអាចធ្វើទៅបាន ជាពិសេសការស្លាប់ដោយសារមង និងការឆក់»។
លោក អ៊ុក វិបុល បានបន្ថែមថា ហេតុនេះនៅពេលអាជ្ញាធរពាក់ព័ន្ធ បានប្រឹងប្រែង ព្យាយាមទប់ស្កាត់ទៅលើឧបករណ៍ទាំងអស់នេះ វាបង្ហាញថា សេរីភាពនៃផ្សោតនៅក្នុងទន្លេ ការបង្កបង្កើតកូន ហើយនិងកូនផ្សោតដែលកើតថ្មីមានសុខភាពល្អ និងសុវត្ថិភាពផងដែរ។
លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) បានលើកឡើងដែរថា រាល់វត្តមានកូនផ្សោតដែលទើបនឹងកើតថ្មីនេះ វាកើតឡើងពីការខិតខំរួមគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ជាមួយនឹងក្រសួងកសិកម្ម ហើយនិងរួមមានកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូផងដែរ។ ជាពិសេសទៅលើការងារបង្ក្រាបការប្រើប្រាស់ឧបករណ៍ឆក់ និងមងនេសាទជាដើម។
លោក សេង ទៀក បញ្ជាក់ថា៖ «ក្នុងនាមយើងជាអ្នកអភិរក្ស និងជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កំណត់ត្រាកូនផ្សោតកើតថ្មីនេះ គឺជាព័ត៌មានល្អ លើកទឹកចិត្ត និងផ្តល់នូវក្តីសង្ឃឹម»។
សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា ហើយជាប្រភេទផ្សោតមួយប្រភេទស្ថិតក្នុងចំណោម ៦ ប្រភេទនៃសត្វផ្សោតទឹកសាបកម្របំផុតដែលនៅសេសសល់ក្នុងពិភពលោក។
អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថាមានសត្វផ្សោតទន្លេមេគង្គចំនួន ៨៩ ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា៕