ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានជំរុញឱ្យគ្រូឧទ្ទេសទាំងអស់ត្រូវពង្រឹង សមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីធានាពីប្រសិទ្ធភាពនៃការផ្ទេរចំណេះដឹងជូនសិស្ស ឬសិក្ខាកាមឱ្យទទួលបានជំនាញពិតប្រាកដ និងមានការទទួលស្គាល់។
ការជំរុញរបស់រដ្ឋមន្ត្រី ធ្វើឡើងនៅក្នុងពិធីបិទវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។
វគ្គបណ្តុះបណ្តាលជំនាញវិក្រឹតការគ្រូបច្ចេកទេសលើកទី១ នេះ មានគ្រូឧទ្ទេសចំនួន ២៤៥ នាក់ ដែលបានបញ្ចប់ដោយជោគជ័យដែលទទួលបានការបណ្តុះបណ្តាលពីថ្ងៃទី ២៦ ខែតុលា ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោក ហេង សួរ បានថ្លែងថា ការបណ្តុះបណ្តាលនេះជោគជ័យទៅបាន គឺអាស្រ័យទាំងស្រុងទៅលើគ្រូឧទ្ទេសទាំងអស់ដែលត្រូវបំពេញភារកិច្ចរបស់ខ្លួនតាមអ្វីដែលក្រសួង និងសាលាបានដាក់ជូនដោយក្នុងនោះគ្រូឧទ្ទេស ចាំបាច់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីធានាពីប្រសិទ្ធភាពនៃការផ្ទេរចំណេះដឹង។
លោកបានថ្លែងថា៖ «ក្នុងរយៈពេលដ៏ខ្លីនេះ ទាមទារឱ្យមានមេរៀនប្រកបដោយភាពទាក់ទាញ ងាយស្រួលយល់ ឆាប់ចេះ និងមានការចុះអនុវត្តផ្ទាល់ក្នុងរោងជាងឱ្យបានច្បាស់លាស់ក្នុងគោលបំណងធានាពីប្រសិទ្ធភាពនៃការបណ្តុះបណ្តាលដែលគ្រប់ភាគីពាក់ព័ន្ធទទួលស្គាល់ជាពិសេសវិស័យឯកជន»។
ជាមួយគ្នានេះលោកបានជំរុញឱ្យគ្រូឧទ្ទេស ចូលរួមអនុវត្តអនុសាសន៍របស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យបានជោគជ័យលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់សិក្ខាកាមក្រោមពាក្យស្លោក «រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ»។
លោក ចក់ ចន្លី គ្រូបច្ចេកទេសផ្នែកសំណង់ស៊ីវិល នៃវិទ្យាស្ថានពហុបច្ចេកទេសតេជោ សែន ខេត្តស្វាយរៀង បានឱ្យដឹងថា ការរៀបចំរបស់ក្រសួងមានផែនការច្បាស់លាស់ ជាពិសេសផ្តោតសំខាន់ទៅលើជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។
លោកបានថ្លែងថា៖ «ជំនាញបច្ចេកទេសនេះអាចជួយដល់ប្អូនៗឱ្យមានជំនាញច្បាស់លាស់ ជាពិសេសនោះលោកគ្រូ អ្នកគ្រូ សុទ្ធតែបានឆ្លងកាត់ការបណ្តុះបណ្តាលវគ្គវិក្រឹតការ ហើយគាត់មានជំនាញច្បាស់លាស់ ជាពិសេសគ្រូបង្គោលដែលចេញពីក្រសួងដែលបានចាត់តាំងឱ្យមកបង្រៀនពួកយើងជាសិក្ខាកាម»។
លោកស្រី ព្រហ្ម យ៉ារ៉ូ គ្រូបច្ចេកទេសខាងផ្នែកសេវាកម្មសម្អាងកាយ នៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ នៅរាជធានីភ្នំពេញ បានថ្លែងប្រាប់ដែរថា ក្រោយឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មី បន្ថែមទៅលើជំនាញរបស់ខ្លួនមួយកម្រិតទៀត។
លោកស្រីថា៖ «មានអារម្មណ៍ថា ខ្ញុំបានរីកចម្រើនច្រើន ក្រោយឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ មួយទៀតការរៀបចំវគ្គនេះ ធ្វើឱ្យគ្រូដែលអត់ទាន់មានបទពិសោធន៍ច្បាស់លាស់ កាន់តែមានភាពច្បាស់លាស់ជាងមុន»។
លោកស្រីថ្លែងថា នឹងខិតខំពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីផ្ទេរមុខជំនាញទាំងនេះជូនដល់សិក្ខាកាមផ្សេងៗទៀត។
រាជរដ្ឋាភិបាលបានដាក់ផែនការ និងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន ១,៥ លាននាក់ ដើម្បីជួយគាំពារដល់យុវជនឱ្យមានជំនាញវិជ្ជាជីវៈពិតប្រាកដនៅក្នុងជីវិតរបស់ពួកគេសម្រាប់ដោះស្រាយជីវភាព៕