ភ្នំពេញៈ កម្ពុជា និងវៀតណាមបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃទំនាក់ទំនងយោធារវាងប្រទេសទាំង ២ ដែលកើតចេញពីការផ្លាស់ប្តូរទស្សនកិច្ចកងទ័ពជាមួយគ្នាជាញឹកញាប់ ក្នុងរយៈពេលចុងក្រោយនេះដែលបានចូលរួមចំណែកសំខាន់ដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពនៃប្រទេសទាំង២។
ការវាយតម្លៃរបស់ប្រទេសទាំង ២ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងារកាលពីថ្ងៃទី ៤ ខែវិច្ឆិកា រវាងលោក ជិន វ៉ន់តឹម ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា និងលោក នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិនៅអំឡុងខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា។
យោងតាមខ្លឹមសាររបស់ក្រសួងការពារជាតិដែលបានផ្សព្វផ្សាយតាមរយៈហ្វេសប៊ុកក្រសួងនៅថ្ងៃទី ៤ ខែវិច្ឆិកាបានឱ្យដឹងថា ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមបានលើកឡើងពីវឌ្ឍនភាពថ្មីជុំវិញការផ្លាស់ប្តូរប្រតិភូធ្វើទស្សនកិច្ចទៅវិញទៅមករវាងប្រទេសទាំង ២ ដោយលោកបានវាយតម្លៃខ្ពស់ថា បានចូលរួមចំណែកសំខាន់ដល់ការពង្រឹង និងពង្រីកចំណងការទូត និងសហប្រតិបត្តិការប្រទេសទាំង ២។
ជាមួយគ្នានេះ លោក នាង ផាត ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូវៀតណាមដែលបានមកជួបសម្តែងការគួរសម ដោយលោកចាត់ទុកថាជាការឆ្លុះបញ្ចាំងដល់ទំនាក់ទំនងល្អនៃប្រទេសភូមិផងរបងជាមួយ ហើយធ្លាប់មានប្រវត្តិប្រកៀកស្មាគ្នាប្រយុទ្ធសត្រូវរួមផងដែរ។
លោកបានឯកភាពចំពោះការលើកឡើងពីសមភាគីវៀតណាមចំពោះវឌ្ឍនភាពនៃការផ្លាស់ប្តូរទស្សនកិច្ចគ្នា ជាពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំយោធានៃប្រទេសទាំង ២។ លោកបានបញ្ជាក់ថា៖ «គ្រប់ជំនួបនៃកិច្ចពិភាក្សា រវាងថ្នាក់ដឹកនាំ ប្រតិភូយើងទាំង ២ តែងបានបង្ហាញជំហររួមគ្នានៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅថ្ងៃទី ៥ ខែវិច្ឆិកាថា ការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមករវាងភាគីកងទ័ពនៃប្រទេសទាំង ២ នេះ គឺជាកិច្ចការសំខាន់និងដើម្បីពង្រឹងចំណងមិត្តភាពប្រទេសទាំង ២ ខណៈទំនាក់ទំនងយោធារវាងកម្ពុជា និងវៀតណាមជាភាពចាំបាច់ក្នុងនាមជាប្រទេសជិតខាងគ្នា។
លោកបានបញ្ជាក់ថា៖ «ធម្មតាការមានការផ្លាស់ប្តូរទស្សនកិច្ចគ្នាញឹកញាប់ យើងជួបគ្នា យើងអាចបង្កើនការយល់ពីគ្នាកាន់តែច្រើនដែលនាំឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ កាន់តែស្រួល កាន់តែរឹងមាំ និងកាន់តែជិតស្និទ្ធជាងមុន ហើយយើងអាចដោះស្រាយកន្លែងដែលមិនទាន់ស្របគ្នា ឬយល់គ្នាបាន»។
លោក យង់ ពៅ បានបន្តថា ការមានទំនាក់ទំនងយោធាល្អរវាងប្រទេសជិតខាងទាំង ២ អាចជួយពង្រឹងសុវត្ថិភាពតាមបណ្តោយព្រំដែនប្រទេសទាំង ២ ប្រមាណ ១ ២៧០ គីឡូម៉ែត្រ ការប្រឆាំងនឹងបទល្មើសឆ្លងដែន បញ្ហាអន្តោប្រវេសន៍ អាចជួយពង្រឹងការផ្លាស់ប្តូរ និងបណ្តុះបណ្តាលសមត្ថភាពកងទ័ព និងកិច្ចសហការដើម្បីសន្តិសុខតំបន់ តែទោះជាយ៉ាងណាលោកចង់ឃើញការអនុវត្តជាក់ស្តែងពីកិច្ចព្រមព្រៀងនានា ជាជាងមានតែវោហារស័ព្ទខាងការទូត៕