ភ្នំពេញៈគម្រោង«ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា»បានជួយដល់សិស្សជនជាតិដើមភាគតិចជាង ១ ម៉ឺន នាក់ នៅក្នុងខេត្តចំនួន ៦ ដើម្បីកាត់បន្ថយការបោះបង់ការសិក្សា និងដោះស្រាយឧបសគ្គខាងភាសាចំពោះសិស្សជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា។
គម្រោងនេះ អនុវត្តដោយអង្គការទិន្នន័យពីការអភិវឌ្ឍ (ODC) សហការជាមួយនាយកដ្ឋានអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានជួយដោយផ្ទាល់ និងប្រយោលទៅដល់សិស្សជាជនជាតិដើមភាគតិច គ្រូបង្រៀន រាជរដ្ឋាភិបាល អង្គការក្រៅរាជរដ្ឋាភិបាល និងបានបង្កើតវេទិកាឌីជីថលឬផលិតវីដេអូអប់រំឌីជីថលបានចំនួន៩០ដែលជាភាសាជនជាតិភាគតិច៥ភាសាផ្សេងៗគ្នារួមមាន ភាសាព្នង កាវ៉ែត គ្រឹង ទំពួន និងភាសាកួយ។
យោងតាមរបាយការណ៍របស់អង្គការ ODC នៅថ្ងៃទី៦ ខែវិច្ឆិកា បានបង្ហាញថា គម្រោងនេះ មានរយៈពេលកំណត់១ឆ្នាំ ដែលអនុវត្តក្នុងខេត្តគោលដៅចំនួន ៦ ដែលមាន ខេត្តមណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ។
ប្រភពដដែលបានបន្តថា ក្នុងរយៈពេល១ឆ្នាំនេះ គម្រោង «ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា»បានជួយដល់សិស្សជនជាតិដើមភាគតិចចំនួន ១២ ៥០០ នាក់ គ្រូបង្រៀនចំនួន ៨៤ នាក់ និងបង្កើតវេទិកាឌីជីថលនៅលើយូធូប (YouTube) ដែលមានអ្នកមើលចំនួន ៤៥ ០០០ នាក់ និងនៅលើទំព័រហ្វេសប៊ុក និងវេបសាយអូឌីស៊ី មានអ្នកមើលចំនួន ៤៥ ០០០ នាក់ ផងដែរ។
អង្គការ ODC បញ្ជាក់ថា៖ «គម្រោងនេះមានគោលដៅចូលរួមដោះស្រាយឧបសគ្គខាងភាសានៃការអប់រំថ្នាក់ដំបូងដែលកើតឡើងចំពោះសិស្សជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា»។
បើតាមរបាយការណ៍របស់អង្គការ ODC បានឱ្យដឹងទៀតថា នៅក្នុងសកម្មភាពគម្រោង «ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា» បានចែកចាយ និងផលិតវីដអូអប់រំឌីជីថលទៅកាន់កម្រិតសាលាបឋមសិក្សាក្នុងខេត្តគោលដៅទាំង៦ ជាពិសេសបានកសាងសមត្ថភាព និងធ្វើការបណ្ដុះបណ្ដាលគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តគោលដៅទាំងនេះដើម្បីអាចប្រើប្រាស់ឧបករណ៍ និងសម្ភារសម្រាប់បង្រៀនសិស្ស។
សូមបញ្ជាក់ថា គម្រោង «ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា» ជាគម្រោងទទួលបានជំនួយហិរញ្ញវត្ថុពីកម្មវិធីរបស់ប្រទេសស៊ុយអែត សម្រាប់វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ (SPIDER) ដែលបានអនុវត្តចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ខែតុលា ឆ្នាំ២០២៣៕