ភ្នំពេញៈ ទោះមិនធ្លាប់ទទួលបានឱកាសប្រកួតខ្សែក្រវាត់ នៅក្នុងស្រុក ប៉ុន្តែអ្នកបន្តវេនត្រកូលអ្នកប្រដាល់ អេ អាំម៉ារីនភូថង ដែលជាកូនប្រុសរបស់លោក អេ ភូថង បែរជាអាចបង្កើតបាននូវកំណត់ត្រា ការឈ្នះខ្សែក្រវាត់ ជាលើកដំបូងរបស់ខ្លួន នៅលើទឹកដីប្រទេសអូស្រ្តាលីទៅវិញ ចំណែកបងប្រុសរបស់គេ អេ វីរខាំឈិតភូថង (ម៉ឺន មេឃា) ក៏បានឈ្នះខ្សែក្រវាត់ ក្នុងពេលជាមួយគ្នានោះផងដែរ ប៉ុន្តែជើងខ្លាំង ពេជ្រ សម្បត្តិ បានរបូតខ្សែក្រវាត់ ក្រោមថ្វីដៃអ្នកប្រយុទ្ធរបស់ថៃ។
សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ ក្នុងកម្មវិធី Kun Khmer Super Fight & BOB ដែលត្រូវធ្វើនៅទីក្រុង Melbourne ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី៥ ខែវិច្ឆិកា កន្លងមកនេះ អេ អាំម៉ារីន បានវ៉ៃកែងបណ្តាលឱ្យម្ចាស់ខ្សែក្រវាត់ស្ថាប័ន Rise របស់អូស្រ្តាលី Clinton Corke បែកនៅលើចិញ្ចើមឆ្វេង និងមានឈាមហូរតាមច្រមុះ នៅក្នុងទឹកទី៣ បន្ទាប់ពីរូបគេបានវាយបែបស្ទាបស្ទង់ និងសន្សំកម្លាំង អស់រយៈពេល២ទឹក។
ជាមួយគ្នានេះ កីឡាករ Clinton Corke ត្រូវបានលោកអាជ្ញាកណ្តាល រុញទៅឱ្យគ្រូពេទ្យប្រចាំសង្វៀនពិនិត្យរបួសបែកនេះ នៅដើមទឹកទី៤ បន្ទាប់ពីមានឈាមហូរច្រើនពេក ក្រោមការវ៉ៃបន្ថែមម្តងហើយម្តងទៀតរបស់ អាំម៉ារីន ប៉ុន្តែ Clinton Corke នៅតែសុំគ្រូពេទ្យប្រកួតបន្ត ទោះស្ថានភាពបែករបស់គេកាន់តែធំក្ដី។
តែទោះបីជាយ៉ាងណា នៅក្នុងស្ថានភាពដ៏អំណោយផលនេះ អេ អាំម៉ារីន បានព្យាយាមម៉ាត់ ធាក់ និងវាយកែងទៅលើរបួសរបស់ Clinton Corke ជាបន្តបន្ទាប់ ហើយដោយសារឃើញមានឈាមហូរកាត់មុខច្រើនពេក ស្របពេល Clinton Corke ក៏ស្ថិតក្រោមការវាយសង្រ្គប់ខ្លាំងរបស់ អាំម៉ារីន នោះ គឺលោកអាជ្ញាកណ្តាល សម្រេចបញ្ឈប់ការប្រកួត និងផ្តល់ជ័យជម្នះឱ្យ អាំម៉ារីន នៅចុងទឹកទី៣នេះតែម្តង។
អេ អាំម៉ារីន បានស្រែកយំដូចកូនក្មេង ព្រោះគេរំភើបខ្លាំងពេក ជាមួយជ័យជម្នះដ៏សំខាន់នេះ ដ្បិតអីវាជាពេលដែលរូបគេបានឈ្នះខ្សែក្រវាត់ជាលើកដំបូង ក្នុងអាជីព ហើយអ្វីដែលកាន់តែពិសេសនោះ ការផ្តួលកីឡាករជើងចាស់ Clinton Corke ឱ្យសន្លប់នេះ ក៏បានជួយឱ្យ អាំម៉ារីន ឈ្នះបានកាដូយក្ស គឺការទទួលបានឡានថ្មីសន្លាង ដែលមានតម្លៃប្រមាណ៤ម៉ឺនដុល្លារពី Ganzberg ផងដែរ។
នៅក្នុងការប្រកួត នៅលើទឹកដីប្រទេសអូស្រ្តាលី ជាលើកដំបូងនេះ Ganzberg បានផ្តល់លក្ខខណ្ឌដណ្តើមឡានថ្មី ដល់បេក្ខភាពកីឡាករកម្ពុជាចំនួន៣នាក់ ដែលប្រកួតដណ្តើមខ្សែក្រវាត់ គឺអ្នកអាចផ្តួលដៃគូឱ្យសន្លប់បានលឿនជាងគេ នឹងក្លាយជាម្ចាស់ឡានថ្មីនេះ ហើយតាមរយៈការប្រកួតនោះ ម៉ឺន មេឃា ដែលចូលខ្លួនប្រកួតជំនួស លន បញ្ញា គឺបានយកឈ្នះជើងខ្លាំងរបស់អូស្រ្តាលី Cian Lougheed ដោយពិន្ទុទាំងលំបាក ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ ទម្ងន់៦៥គីឡូក្រាម ប៉ុន្តែជើងខ្លាំង ពេជ្រ សម្បត្តិ បានចាញ់កីឡាករថៃ Tum Kitti Patkam ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ ទម្ងន់៦០គីឡូក្រាម។
យ៉ាងណាក៏ដោយ ការវ៉ៃកីឡាករចាស់វស្សា Clinton Corke ឱ្យអាជ្ញាកណ្តាលបញ្ឈប់របស់ អេ អាំម៉ារីនភូថង បានស្ថិតក្រោមយុទ្ធសាស្រ្តរៀបចំរបស់លោក អេ ភូថង ដែលជាឪពុក និងជាអ្នកស្រែកប្រាប់ អាំម៉ារីន ដោយផ្ទាល់ក្នុងពេលប្រកួតតែម្តង ហើយលោក អេ ភូថង ពិតជាមានមោទនភាពខ្លាំងទៅលើកូនប្រុសទាំង២របស់លោក ដែលបានឈ្នះខ្សែក្រវាត់ នៅអូស្រ្តាលី ជាពិសេសជ័យជម្នះរបស់ អេ អាំម៉ារីន តែម្តង។
តាមរយៈក្រុមការងារ Kun Khmer Super Fight ដែលជាអ្នកបញ្ជូនប្រតិភូកីឡាប្រដាល់គុនខ្មែរ ទៅប្រកួតនៅប្រទេសអូស្រ្តាលី លើកនេះ លោក អេ ភូថង បាននិយាយក្រោយការប្រកួតថា៖ «អម្បាញ់មិញនេះ បើយើងវ៉ៃគេមិនបែក ហើយអាជ្ញាកណ្តាលមិនបញ្ឈប់ទេ ក៏យើងមិនអាចវ៉ៃគេឱ្យសន្លប់នោះដែរ អ៊ីចឹងការទទួលបានខ្សែក្រវាត់ ជាពិសេសរង្វាន់ឡាននេះ គឺដោយសារកែងរបស់គុនខ្មែរ»។
លោក អេ ភូថង បានបន្ថែមថា៖ «ខ្ញុំបានប្រាប់យុទ្ធសាស្រ្តទៅ អាំម៉ារីន ឱ្យវាយឆ្វេងសំដៅទៅលើមុខរបួសរបស់គូប្រកួតឱ្យបានច្រើន ដើម្បីឱ្យឈាមហូរធ្លាក់មក ព្រោះកីឡាករ Clinton Corke ត្រូវបានគ្រូពេទ្យធ្វើការពិនិត្យស្នាមបែកនេះ២ដងហើយ អ៊ីចឹងបើរុញទៅពិនិត្យម្តងទៀត យើងមានសង្ឃឹមហើយ ហើយបើយើងមិនព្យាយាមធ្វើបែបនេះ គឺយើងមិនអាចផ្តួលគេឱ្យសន្លប់បានឡើយ ព្រោះគេតាន់ណាស់ វ៉ៃមិនសន្លប់ទេ»។
មិនមែនតែកីឡាករ Clinton Corke ជាដៃគូ អេ អាំម៉ារីន ម្នាក់ទេ ដែលមានភាពរឹង និងស៊ូខ្លាំង ប៉ុន្តែកីឡាករ Cian Lougheed ដែលត្រូវបាន ម៉ឺន មេឃា វ៉ៃបែកឈាមពេញផ្ទៃមុខ និងអ្នកប្រដាល់ថៃ Tum Kitti Patkam ដែលបានយកឈ្នះ ពេជ្រ សម្បត្តិ ក៏មានភាពរឹង និងល្អដូចគ្នា។
អតីតកីឡាករជើងខ្លាំង អេ ភូថង បានបញ្ជាក់ថា៖ «មិនមែនតែដៃគូ អាំម៉ារីន មួយទេ ដែលរឹង និងតាន់ គឺសឹងតែគ្រប់គូសុទ្ធតែបែបនេះ។ មើលគូ ពេជ្រ សម្បត្តិ គឺយើងវ៉ៃយ៉ាងណា ក៏អត់ទៅណាដែរ ចំណែកដៃគូរបស់ ម៉ឺន មេឃា ក៏ដូចគ្នា គឺបុកកែងខ្លាំងបែបណា ក៏មិនទៅ ដោយសារកម្រិតសមត្ថភាពរបស់ពួកគេពេលនេះ ខ្លាំង មិនដូចពីមុនឡើយ»៕