ភ្នំពេញៈ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ១ ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផលផ្លូវប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ផ្លូវល្បឿនលឿននេះ ទទួលបានការកោតសរសើរ និងពេញចិត្តពីប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ប្រកបដោយភាពសប្បាយរីករាយ។
លោកបានលើកឡើងដូចនេះ តាមរយៈលិខិតអបអរសាទរផ្ញើជូនលោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd និងលោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកបានសរសេរថា៖«ក្រោយពីបានបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿននេះ អស់រយៈពេល ១ឆ្នាំកន្លងមក យើងសង្កេតឃើញថា ផ្លូវល្បឿនលឿននេះទទួលបានការកោតសរសើរ និងពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលធ្លាប់បានធ្វើដំណើរឆ្លងកាត់ផ្លូវនេះឆ្ពោះទៅខេត្តព្រះសីហនុ ឬតំបន់ផ្សេងៗទៀត ប្រកបដោយភាពសប្បាយរីករាយ»។
លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖«ដូច្នេះ ផ្លូវល្បឿនលឿននេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយបានជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងកាត់បន្ថយពេលវេលាធ្វើដំណើរមកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះ ដែលយើងអាចធ្វើដំណើរទៅមក រវាងភ្នំពេញ និងខេត្តព្រះសីហនុវិលល្ងាច ដោយងាយស្រួល និងសុវត្ថិភាព»។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ផ្លូវល្បឿនលឿននេះមិនត្រឹមតែផ្ដល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាច្រើន ក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាបានក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន និងការតភ្ជាប់ផងដែរ ជាពិសេសនឹងជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ឆ្លើយតបជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ម្យ៉ាងវិញទៀត បើគិតក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃការតភ្ជាប់ ផ្លូវល្បឿនលឿននេះគឺជាខ្សែផ្លូវដែលតភ្ជាប់ ប៉ូលសេដ្ឋកិច្ចទី១ រាជធានីភ្នំពេញទៅប៉ូលសេដ្ឋកិច្ចទី២ ខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ច្បាស់លាស់ ដោយចាត់ទុកខេត្តព្រះសីហនុ និងបណ្ដាខេត្តដែលស្ថិតក្នុងប៉ូលសេដ្ឋកិច្ចទី២ ជាគោលដៅតំបន់ឧស្សាហកម្ម សក្តានុពលទេសចរណ៍ ឆ្នេរសមុទ្រធម្មជាតិ កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញឆ្លងកាត់តាមផ្លូវគោក ផ្លូវសមុទ្រ និងកំពង់ផែ។
តាមរយៈលិខិតនេះ លោក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយស្ថិតក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) ដែលបានដាក់ចេញដោយលោក ស៊ី ជីនភីង ប្រធានាធិបតីចិន។
លោក ហ៊ុន ម៉ាណែតបន្ថែមថា ៖ «ពិធីអបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ជាសក្ខីភាពបញ្ជាក់ពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការសាងសង់ផ្លូវប្រកបដោយស្ដង់ដា និងគុណភាពខ្ពស់ និងការគ្រប់គ្រងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពជោគជ័យ ហើយ ក៏ស្របពេលខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងឆ្នាំមិត្តភាពកម្ពុជា-ចិនផងដែរ»។
ទន្ទឹមនឹងនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញនូវទំនុកចិត្តផងដែរថា ក្រុមហ៊ុននឹងបន្តឆន្ទៈយ៉ាងមុតមាំ និងបន្តខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួន ដោយចាប់យកនូវកាលានុវត្តភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីៗដែលស្របនឹងបរិបទសកល មកប្រើប្រាស់ឱ្យបានទូលំទូលាយ សំដៅបង្កើនស័ក្តិសិទ្ធភាព និងភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ និងសូមឱ្យក្រុមហ៊ុនបន្តធ្វើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យស្របតាមស្តង់ដាបច្ចេកទេស និងបញ្ចប់តាមកាលបរិច្ឆេទកំណត់។
ជាមួយគ្នានេះដែរ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៦ ខែវិច្ឆិកា បានប្រាប់យ៉ាងខ្លីថា ក្នុងរយៈពេល១ឆ្នាំពេញ មានរថយន្តធ្វើចរាចរណ៍ប្រមាណ ៤,៦៨លានគ្រឿងនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យដំណើរការសាកល្បងប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី កេឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន៕