ភ្នំពេញៈ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃដែលបានចំណាយថវិកាសាងសង់ប្រមាណ ៦០ លានដុល្លារអាមេរិក និងបានសាងសង់អស់រយៈពេលជិត ២ ឆ្នាំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីនោះថា អគារថ្មីនេះ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា ហើយបើគិតមកទល់ថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ មានរយៈពេល ១ ឆ្នាំ ៣៦០ ថ្ងៃគត់។
លោកបានលើកឡើងថា អគារថ្មីនេះត្រូវបានសាងសង់ក្នុងបរិវេណនៃទីស្ដីការក្រសួងមហាផ្ទៃ ដែលមានផ្ទៃដីសរុបទំហំ ៥៩ ៥៣៩ ម៉ែត្រការ៉េ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានរចនាឡើងតាមបែបក្លាស៊ិកចម្រុះគ្នានៃស្ថាបត្យកម្មសម័យបុរាណខ្មែរ និងសម័យទំនើបដោយតុបតែងដោយគ្រឿងលម្អវិចិត្រកម្មបុរាណ នៃប្រពៃណីខ្មែរនិយម មានដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្សបុកចំនួន ៥ តាមលំនាំប្រាសាទអង្គរវត្តកំពូល ៥។
លោក ស សុខា បានថ្លែងថា៖ «សំណង់អគាររដ្ឋបាលដែលបានលេចចេញជារូបរាងឡើងនៅចំពោះមុខយើងទាំងអស់គ្នានាពេលនេះសម្រាប់ប្រើប្រាស់ជាការិយាល័យបម្រើការងារ និងដើម្បីជាគុណប្រយោជន៍សាធារណៈទូទៅ ស័ក្តិសមជាសំណង់ស្ថាបត្យកម្មដែលរចនាឡើងសម្រាប់បម្រើឱ្យវិស័យរដ្ឋបាល សម័យទំនើប ដែលមានសុខសន្តិភាពពេញលេញក្នុងពេលបច្ចុប្បន្ន និងក៏សម្រាប់ទុកជាកេរដំណែលឱ្យមនុស្សជំនាន់ក្រោយបានប្រើប្រាស់តទៅថ្ងៃអនាគតផងដែរ»។
ថ្លែងក្នុងពិធីប្រកាសសម្ពោធឱ្យប្រើប្រាស់ផ្លូវការ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា នេះគឺជាសមិទ្ធផលសាធារណៈថ្មីមួយទៀតដើម្បីសម្រួលការបំពេញការងាររបស់មន្ត្រីរាជការនៃក្រសួងមហាផ្ទៃទាំងផ្នែកស៊ីវិល និងមន្ត្រីនគរបាលជាតិ។
លោកបានបញ្ជាក់ថា៖ «អគារនេះមិនមែនគ្រាន់តែជាការិយាល័យសម្រាប់ធ្វើការប៉ុណ្ណោះទេ តែអគារនេះមានគ្រប់ទាំងអស់ដែលមានផាសុកភាពសម្រាប់បំពេញការងារ ហើយសំណង់អគារនេះ គឺស្របទៅតាមតម្រូវការរបស់ប្រទេសជាតិរបស់យើងនៅក្នុងការពង្រីកសេវាដែលក្រសួងមហាផ្ទៃជាអ្នកដើរតួនាទីសំខាន់»។
ឆ្លៀតឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានរំលេចឡើងដោយមិនអាចបំភ្លេចបាននូវសមិទ្ធផលទាំងនេះដែលជាស្នាដៃ និងមរតក ដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ក្រោមការផ្តួចផ្តើមរបស់អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង ដោយមានការគាំទ្រពេញទំហឹងរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុនសែន ផងដែរ។
លោកមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ក្នុងន័យនេះ ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងមហាផ្ទៃគ្រប់ៗរូបដឹងគុណ និងចងចាំជានិច្ចនូវគុណូបការៈទាំងនេះ ជាពិសេសសូមតបស្នងសងគុណវិញដោយការតាំងចិត្តបម្រើបងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ប្រកបដោយវិជ្ជាជីវៈខ្ពស់»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ដែរថា អគារទីស្តីការក្រសួងមហាផ្ទៃដ៏ធំស្កឹមស្កៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងពីសារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃក្នុងរាជរដ្ឋាភិបាលដែលជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ ជាពិសេសការផ្តល់សេវារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈជូនដល់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ដែរថា អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃនេះបែរមុខទៅទិសខាងកើតស្របតាមមហាវិថីព្រះនរោត្តម ចំទន្លេធំៗទាំង ៤ ដែលហៅថា ទន្លេចតុមុខ។ អគារដ៏ធំមួយនេះមានបំពាក់ជណ្តើរយន្តចំនួន ១១ គ្រឿង ជណ្តើរទាញ ចំនួន ២០ គ្រឿង ជណ្តើរថ្មើរជើងនៅជាប់ជណ្តើរយន្តចំនួន ៤ ទីតាំង ជណ្តើរអគ្គិភ័យចំនួន ៤ និងចំណតរថយន្តចំនួន ៣៦០ ចំណត៕