ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ (ក្រុម“ញ”) នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន កាលពីសប្តាហ៍មុន លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដាក់បទបញ្ជាថា ពីពេលនេះទៅ មិនឱ្យមានការចេញអាជ្ញាប័ណ្ណវាយថ្មទៀតទេ លុះត្រាតែមានការពិនិត្យឡើងវិញជាមុនសិន។
សូមជម្រាបថា វេទិការាជរដ្ឋាភិបាលផ្នែកឯកជនរវាងក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ (ក្រុម “ញ”)នេះ រៀបចំឡើងដើម្បីធ្វើការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យរ៉ែ និងថាមពលដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាគោល។
នៅឯវេទិកានេះ លោក កែវ រតនៈ បានថ្លែងថា៖ «រឿងមួយ ដែលសមាគមថ្មគួរតែរីករាយ ហើយប្រទេសយើងគួរតែរីករាយដែរនោះ គឺខ្ញុំបានដាក់បញ្ជារួចហើយ គឺមិនឱ្យមានការចេញអាជ្ញាប័ណ្ណវាយថ្មទៀតទេលុះត្រាតែមានការពិនិត្យឡើងវិញសិន»។
«យើងចង់មានការអភិរក្សឱ្យមានតុល្យភាពជាមួយការអភិវឌ្ឍ។ មានន័យថា ការផ្គត់ផ្គង់ថ្មសំណង់សព្វថ្ងៃនេះ គឺមិនខ្វះទេ ហើយខាងវិស័យឯកជនទទួលស្គាល់ហើយដែរ គឺមិនខ្វះទេ! ទោះជាមានតម្រូវការប៉ុន្មាន ឯកជនអាចផ្គត់ផ្គង់ក្នុងស្ថិរភាពមួយ គឺមិនថ្លៃពេកទេ»។ លោក កែវ រតនៈ បានបញ្ជាក់បន្ថែម។
ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីលើកឡើងដែរថា ក្រសួងក៏មិនហាមឃាត់ក្នុងការធ្វើអាជីវកម្មនេះដែរ ព្រោះថា ជាសេដ្ឋកិច្ចទីផ្សារសេរី ដូចនេះនៅពេលមានគេការដាក់ពាក្យស្នើសុំ ក្រសួងអាចនឹងមានការអនុញ្ញាត ប្រសិនបើគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា ការគិតគូរដល់បរិស្ថាន,បង់សួយសារអាករ ពន្ធដារបានត្រឹមត្រូវគ្រប់គ្រាន់ជាដើម។
ប៉ុន្តែទន្ទឹមនឹងការអនុញ្ញាតនេះដែរ លោកបញ្ជាក់ទៀតថា ៖«យើងក៏ត្រូវថ្លឹងថ្លែងជាមួយនឹងបញ្ហាអភិរក្សដែរ។ ខ្ញុំមិនចង់ឃើញភ្នំទាំងអស់កញ្ឆតទាំងអស់ទេ។ ភ្នំខ្លះមានតម្លៃប្រវត្តិសាស្ត្រ ភ្នំខ្លះមានតម្លៃវប្បធម៌ ភ្នំខ្លះមានតម្លៃអេកូទេសចរណ៍ ឬមួយក៏ការលម្អជាដើម។ បើយើងជិះឡានពីភ្នំពេញទៅព្រះសីហនុ យើងឃើញភ្នំតូច ភ្នំធំកញ្ឆតទាំងអស់។ ថ្មសម្រាប់ដោះស្រាយបញ្ហាសំណង់ តែយើងមិនចង់ឃើញភ្នំណាក៏ឆែប ភ្នំណាក៏កញ្ឆតទាំងអស់នោះទេ»។
ដោយសារមូលហេតុនេះ លោក កែវ រតនៈ បានលើកឡើងថា វាជាការចាំបាច់ដែលលោកតម្រូវឱ្យអគ្គនាយកដ្ឋានរ៉ែ ធ្វើកិច្ចការជាមួយមន្ទីររ៉ែ និងថាមពលគ្រប់ខេត្តក្រុង ដោយអាចឈានដល់ការពិគ្រោះយោបល់ជាមួយមន្ទីរវប្បធម៌ និងមន្ទីរទេសចរណ៍។ ដូចនេះការពិនិត្យឡើងក្នុងរយៈពេល ៦ ទៅ ៧ ខែ មុននឹងឈានដល់ការអនុញ្ញាតជាថ្មីនេះ អាចជាការកំណត់ការផ្គត់ផ្គង់មួយក៏ថាបាន ប៉ុន្តែក៏ជាការអភិរក្សមួយដែលត្រូវឈានទៅអនុវត្ត។
នៅក្នុងកិច្ចប្រជុំនោះ តំណាងវិស័យឯកជនខាងផ្នែករ៉ែថ្មសំណង់ លោក ហាក់ ប៊ុនថន បានលើកឡើងដែរថា ក្រុមហ៊ុនការដ្ឋានថ្មសំណង់បានបិទទ្វារជាហូរហែ ដោយសារការប្រកួតប្រជែងមិនស្មើភាព ពីព្រោះការកំណត់តម្លៃអប្បបរមាទាបពេក ទោះជាក្រុមហ៊ុន និងសមាគមខិតខំដោះស្រាយបញ្ហានេះយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចដោះស្រាយបាន។
លោក ហាក់ ប៊ុនថន បានលើកជាសំណើថា៖ «យើងស្នើសុំក្រសួងឱ្យជួយអន្តរាគមន៍ដោយរូបភាពណាក៏ដោយ។ដោយឡែកការឆ្លើយតបក្រសួងថា នេះជាសេដ្ឋកិច្ចទីផ្សារសេរី គឺក្រសួងជួយបានត្រឹមតែអ្នកដែលធ្វើការខុសច្បាប់ដែលធ្វើឱ្យបរិមាណនៃការលក់វាចុះថោក ដោយសារខ្លួនឯងមិនបានបង់ពន្ធ។ ដូចនេះសូមឯកឧត្តម ផ្តល់ជាមតិយោបល់បន្ថែមជុំវិញបញ្ហានេះ»។
ចំពោះបញ្ហានេះដែរ លោក កែវ រតនៈ បានឆ្លើយតបថាគឺមិនធ្វើតាមការសំណូមពរបានទេ ដោយសារតែជាការប្រកួតប្រជែងទីផ្សារសេរីហើយវាអាចនឹងប៉ះពាល់ដល់អ្នកប្រើប្រាស់។
លោកបានបញ្ជាក់ថា៖ «នៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី គេមិនអាចធានាថ្លៃបានទេ។ រដ្ឋាភិបាលមានកាតព្វកិច្ចធ្វើម៉េចឱ្យការប្រកួតប្រជែងនោះស្មើភាព។ ស្មើភាពនោះ គឺគោរពច្បាប់ដូចគ្នាបង់ពន្ធដូចគ្នា កាតព្វកិច្ចដូចគ្នា។ ក្រុមហ៊ុនក្ស័យធន ដោយសារធ្វើមិនបានល្អដូចក្រុមហ៊ុនឯទៀត។ ដូចនេះយើងមិនអាចលូកដៃក្នុងការអន្តរាគមន៍របស់ទីផ្សារសេរីបានទេ»។
លោក កែវ រតនៈ បានអះអាងថា សេដ្ឋកិច្ចទីផ្សារសេរីមិនអាចកំណត់ថ្លៃទំនិញបានទេ ប៉ុន្តែរាជរដ្ឋាភិបាលនឹងធ្វើឱ្យទីធ្លាប្រកួតប្រជែងបានស្មើភាពគ្នា៕