ភ្នំពេញៈ អាជ្ញាធរខេត្ត​ស្ទឹង​ត្រែង បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​នេះ​បញ្ឈប់​ការប្រើ​ប្រាស់​បណ្ណ​ឆ្លងដែន​កម្ពុជា​-​ឡាវ ដោយ​ងាក​មកប្រើប្រាស់​បណ្ណ​ព្រំដែន​វិញ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ និង​ផ្ដល់​ភាព​ងាយ​ស្រួល​ដោយ​មិនចាំបាច់​ធ្វើ​បណ្ណ​ដដែលៗ សម្រាប់​ឆ្លងដែន​ទៅមក​នោះទេ​។​

​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹង​ត្រែង លោក ម៉ែន គុង បានឱ្យដឹង នៅ​ថ្ងៃទី​ ៦ ខែវិច្ឆិកា​ថា ការ​ណែ​នាំឱ្យ​ប្រើប្រាស់​បណ្ណ​ព្រំដែន​នេះ ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ផ្ដល់​ភាពងាយស្រួល​សម្រាប់​អាជ្ញាធរ​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​អ្នក​ឆ្លងដែន​ពី​កម្ពុជា​-​ឡាវ​។​

​លោក​បាន​បន្តថា​៖ «​អាជ្ញាធរខេត្ត​ស្ទឹងត្រែង សូម​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ​អចិ​ន្រៃ្ត​យ៍​ក្នុង​ខេត្ត​នេះ ហើយ​មានបំណង​ឆ្លងដែន​ទៅ​ខេត្ត​នានា​នៅក្នុង​ប្រទេស​ឡាវ អាចមក​ស្នើសុំ​បណ្ណ​ព្រំដែន​ពី​អង្គភាព​ច្រកចេញ​តែមួយ​របស់​ខេត្ត ដោយ​ភ្ជាប់​មកជា​មួយ​នូវ​អត្ត​សញ្ញាណ​ប័ណ្ណ សំបុត្រកំណើត សៀវភៅ​គ្រួសារ និង​រូបថត​ចំនួន​ ២ ​សន្លឹក​ផងដែរ​»​។

​លោក ម៉ែន គុង បាន​បន្តថា ការស្នើសុំ​ធ្វើ​បណ្ណ​ព្រំដែន​នេះ ចំណាយ​ថ្លៃ​សេវា​ត្រឹមតែ ២ ​ម៉ឺន​រៀល​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​បាន​រយៈពេល​ពេញ ១ ​ឆ្នាំ​។ ហេតុនេះ​ការផ្លាស់ប្ដូរ​ឱ្យ​ប្រជាពលរដ្ឋ​ពី​ការប្រើប្រាស់​បណ្ណ​ឆ្លងដែន មកជា​ការប្រើប្រាស់​បណ្ណ​ព្រំដែន គឺ​ដោយ​សារបណ្ណ​ព្រំដែន ធ្វើ​តែម្ដង​អាច​ប្រើប្រាស់​បាន​រយៈពេល​យូរ​ជាង​បណ្ណ​ឆ្លងដែន​។​

​លោក​ថ្លែងថា​៖ «​អ៊ីចឹង​! បណ្ណ​ព្រំដែន​របស់​យើង គឺ​នឹង​ផលិត​ចេញ​ជា​ប្រព័ន្ធ​សម្រាប់​ប្រជា​​ពលរដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង ហើយ​អាយុកាល​នៃ​ការប្រើប្រាស់​របស់​វា គឺ​យូរ​ជាង​បណ្ណ​ឆ្លង​ព្រំដែន ដូច្នេះ​ប្រជា​ពលរដ្ឋ​គាត់​មិន​ចាំ​ចាច់​ធ្វើ​ដដែលៗ​នៅពេល​ឆ្លងដែន​ទៅ​មកពី​កម្ពុជា និង​ឡាវ​នោះទេ​»​។​

​លោក ម៉ែន គុង អះអាងថា មុន​នឹងមាន​ការជូន​ដំណឹង​ពី​ការ​ប្រើប្រាស់​បណ្ណ​ព្រំដែន​នេះ សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​បណ្ណ​ឆ្លង​ដែន​កន្លងមក ពួកគាត់​ក៏​នៅតែ​អាច​ប្រើប្រាស់​សម្រាប់​ឆ្លងដែន​ទៅ​មកពី​កម្ពុជា​-​ឡាវ​បាន​ផងដែរ​។ ចំពោះ​ប្រជាពលរដ្ឋនៅក្នុង​ស្ទឹង​ត្រែង ដែលមាន​ទីលំនៅ​នៅជាប់​ព្រំដែន អាចមក​ស្នើសុំ​បណ្ណ​​ព្រំដែន​ដោយផ្ទាល់​បាន​នៅ​ច្រក​​ទា្វរ​ព្រំដែន​អន្តរជាតិ​ត្រពាំង​​ក្រៀល​ដោយ​មិនចាំបាច់​មក​ស្នើសុំ​នៅ​អង្គភាព​ច្រកចេញ​-​ចូល​តែ ​១ របស់​ខេត្ត​ឡើយ​។

​លោក​បន្ថែមថា ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ​ក្នុង​ខេត្ត​ផ្សេង ហើយ​ពួក​គាត់​មានបំណង​ចង់​ឆ្លងដែន​ពី​កម្ពុជា​ទៅ​ឡាវ ពួកគាត់​មិនអាច​ស្នើសុំ​បណ្ណ​នេះ​បានទេ ដូច្នេះហើយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ផ្សេង គឺ​តម្រូវឱ្យ​ពួកគាត់​ប្រើប្រាស់​លិខិតឆ្លងដែន​ដូច​ធម្មតា​។

​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ការប្រើប្រាស់​បណ្ណ​មួយណា​សម្រាប់​ឆ្លងដែន​ពី​កម្ពុជា​ឡាវ វា​មិន​សំខាន់​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​អាជ្ញា​ធរ​ខេត្ត​ត្រូវ​គិតថា បណ្ណ​ណា​ដែល​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ជាង​សម្រាប់​ឆ្លងដែន​ប៉ុណ្ណោះ​។​

​លោក​បាន​ថ្លែងថា​៖ «​ប្រសិន​បើ​យើង​ផ្លាស់ប្ដូរ​ដូចនេះ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជា​ពលរដ្ឋ និង​មិនមាន​ផល​លំបាក​យូរ អ៊ីចឹង​វា​មិនមាន​បញ្ហា​នោះទេ ប៉ុន្តែ​បើ​ការប្រើប្រាស់​របស់​ថ្មី​ហើយ​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ អាជ្ញាធរខេត្ត​ក៏​គួរតែ​ពិចារណា​រក​នីតិ​វិធី​ផ្សេង​ដែរ​»​។​

​លោក យង់ គិ​ម​អេង បន្ថែមថា ក្នុងករណី​ដែល​រកឃើញថា ការប្រើប្រាស់​បណ្ណ​ព្រំដែន​នេះ មានការ​ចំណាយ​ច្រើន ហើយ​ត្រូវការ​ចំណាយពេល​យូរ​ក្នុង​ការធ្វើ​បណ្ណ​ដែរនោះ ដូច្នេះ​អាជ្ញា​ធរ​ខេត្ត ត្រូវមាន​វិធានការ ឬ​ដំណោះស្រាយ​សម្រួល​យ៉ាង​​ណា ដើម្បី​អាច​កាត់បន្ថយ​ការ​លំ​បាក​នៃ​ការប្រើប្រាស់​បណ្ណ​ទាំង​នោះ​។

កាលពី​ថ្ងៃទី​ ៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ រដ្ឋបាលខេត្ត​ស្ទឹង​ត្រែង បានចេញ​សេចក្ដីណែនាំ​មួយ​ស្ដីពី​ការជំរុញឱ្យ​ប្រើប្រាស់​បណ្ណ​ព្រំដែន​កម្ពុជា​-​ឡាវ និង​បញ្ឈប់​ការប្រើប្រាស់​បណ្ណ​ឆ្លង​ដែន ដែល​ក្នុង​សេចក្ដីណែនាំ​នេះ គឺ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹង​​ត្រែង ដែល​ចង់​ឆ្លងដែន​ពី​កម្ពុជា​ទៅ​ឡាវ អាចមក​ស្នើសុំ​ធ្វើ​បណ្ណ​ព្រំដែន ឬក៏​អាចមក​ផ្លាស់ប្ដូរ​ពី​បណ្ណ​ឆ្លងដែន មកជា​បណ្ណ​ព្រំ​ដែន​បាន​ផងដែរ​៕