ពោធិ៍សាត់ៈ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យនិស្សិតស្ម័គ្រចិត្តផ្តល់យោបល់ និងជួយដល់កសិករក្នុងការជ្រើសរើសកួរស្រូវសុទ្ធល្អ សម្រាប់ធ្វើពូជដាំដុះ ដើម្បីទទួលបានទិន្នផលច្រើន និងងាយស្រួលលក់នៅលើទីផ្សារ។
លោក យ៉ង សាំងកុមារ បានណែនាំដូចនេះ ក្នុងពេលលោកចុះទៅជួបក្រុមនិស្សិតស្ម័គ្រចិត្តនិងកសិករនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ដើម្បីពិនិត្យស្រែដែលប្រើពូជសុទ្ធផ្ការំដួល មុនពេលប្រមូលផល កាលពីថ្ងៃទី ៥ ខែវិច្ឆិកា។
លោកបានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី ៦ ខែវិច្ឆិកាថា៖ «នៅក្នុងពេលចុះទៅជួបជាមួយប្អូនៗនិស្សិត និងកសិករនាពេលនោះខ្ញុំបានបញ្ជាក់ប្រាប់ពួកគាត់ពីសារ:សំខាន់នៃការប្រើពូជសុទ្ធដូចជាកសិករនឹងទទួលបានស្រូវមានគុណភាពល្អ ងាយស្រួលលក់ និងបានតម្លៃខ្ពស់ស្រូវលូតលាស់បានល្អផ្តល់ផលច្រើន និងតម្រូវការពូជតិចជាដើម»។
លោក យ៉ង សាំងកុមារ បន្តថា៖ «ខ្ញុំក៏បានណែនាំឱ្យនិស្សិតស្ម័គ្រចិត្ត ផ្តល់យោបល់ និងជួយដល់កសិករធ្វើការជ្រើសរើសកួរស្រូវសុទ្ធល្អ និងមានកួរវែងទុកធ្វើជាពូជ។ យើងត្រូវការការចូលរួមពីកសិករក្នុងការសាងប្រព័ន្ធពូជសុទ្ធដើម្បីផលប្រយោជន៍កសិករ និងវិស័យស្រូវអង្កររបស់ជាតិយើងទាំងមូល»។
លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម (CARDI) បានជំរុញឱ្យមានការប្រើប្រាស់ពូជសុទ្ធនេះ ដែលជាគម្រោងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកឌិត ទីណា ដោយគម្រោងប្រើប្រាស់ពូជសុទ្ធនេះដែរគិតត្រឹមឆ្នាំ ២០២៣ នេះ ខាងវិទ្យាស្ថានរបស់លោកក៏បានបញ្ចេញពូជសុទ្ធផ្ការំដួលក្នុងបរិមាណប្រមាណជាង ២០ តោន។
ការបញ្ចេញពូជសុទ្ធនេះ គឺដើម្បីឱ្យសហគមន៍យកទៅប្រើប្រាស់ដាំដុះ និងផលិតបន្ត ដើម្បីចែកជូនដល់កសិករ។ លោកថា៖ «កន្លងមកយើងមានបញ្ហាមួយគឺក្រោយពីកសិករផលិតបានជាស្រូវមក តម្លៃធ្លាក់ចុះដោយខាងរោងម៉ាស៊ីនបញ្ជាក់ថា ការទម្លាក់តម្លៃស្រូវនេះដោយសារស្រូវគ្មានគុណភាព។ ដូច្នេះដើម្បីកាត់បន្ថយបញ្ហានេះឯកឧត្តមរដ្ឋមន្ត្រី បានចេញជាគោលនយោបាយមួយ ដែលជំរុញឱ្យកសិករប្រើប្រាស់ពូជសុទ្ធ ដើម្បីផលិតជាស្រូវចំណីសុទ្ធលក់ឱ្យរោងម៉ាស៊ីន តាមរយៈការចុះកិច្ចសន្យាជាមួយគ្នា ក្នុងតម្លៃមួយសមរម្យ»។
លោកថា សព្វថ្ងៃនេះ កសិករភាគច្រើនដាំដុះប្រភេទពូជ IR និង OM សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រទេសជិតខាង ដែលជាទីផ្សារមួយមិនទៀងទាត់សម្រាប់កសិករឡើយ។ ហេតុដូចនេះទើបក្រសួងព្យាយាមជំរុញឱ្យកសិករ ងាកមកដាំដុះប្រភេទពូជស្រូវអង្ករប្រណីតវិញ ជាពិសេសពូជស្រូវចំប៉ី ៧០ ជាដើម ដែលជាពូជស្រូវស្រាលថ្មីផលិតចេញពីពូជផ្ការំដួល សម្រាប់បំពេញតម្រូវការទីផ្សារ។
ជាមួយគ្នានេះ លោក យ៉ង ប៉ាក់ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Agribee Cambodia យល់ឃើញថា វាជាការល្អ បើសិនជាក្រសួងកសិកម្មជំរុញឱ្យមានការប្រើប្រាស់ពូជសុទ្ធកាន់តែច្រើន ខណៈដែលកន្លងទៅពូជផ្ការំដួលតែងតែជួបបញ្ហាពូជសុទ្ធឬមិនសុទ្ធនៅលើទីផ្សារអន្តរជាតិ។ នៅពេលដែលកសិករប្រើប្រាស់ពូជសុទ្ធ អាចនឹងបន្ថែមការចំណាយថែមទៀត ដោយសារតែគាត់ត្រូវទិញពូជស្រូវពីសហគមន៍ ដោយសារការទុកដាក់ពូជរបស់គាត់នាពេលកន្លងទៅ មិនមែនជាពូជសុទ្ធ។
លោកថា៖ «ជាដំណោះស្រាយសហគមន៍ ដែលទទួលបានពូជសុទ្ធពីក្រសួងយកទៅផលិតបានជាពូជសុទ្ធសម្រាប់លក់បន្តឱ្យកសិករ គួរដាក់នៅក្នុងតម្លៃទាបសមរម្យជាងបច្ចុប្បន្ននេះ ដើម្បីឱ្យកសិករផលិតស្រូវចំណីបានសុទ្ធល្អ។ ម្យ៉ាងវិញទៀតខាងរោងម៉ាស៊ីនក៏គួរគិតពិចារណាទិញស្រូវពីកសិករក្នុងតម្លៃខ្ពស់ជាងមុនផងដែរសម្រាប់កសិករដែលផលិតបានស្រូវចំណីសុទ្ធល្អ»។
បើតាមលោក យ៉ង សាំងកុមារ បច្ចុប្បន្ន កម្ពុជាបានបញ្ចប់ការប្រមូលផលស្រូវស្រាលរដូវវស្សាលើផ្ទៃដី ៧៥ ម៉ឺនហិកតា ដោយទទួលបានផល ៣ លានតោន៕