ព្រះសីហនុៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាមិនយកប្រទេសណាមួយជាសត្រូវនោះឡើយដោយកម្ពុជា ត្រូវធ្វើទំនាក់ទំនងគ្រប់ប្រទេសទាំងអស់ក្នុងន័យបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ ដោយកម្ពុជាស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការពីបរទេស។
ការអះអាងរបស់លោក ហ៊ុន ម៉ាណែត បែបនេះ ធ្វើឡើងនាពិធីជួបសំណេះសំណាលជាមួយកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។ លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការពីគ្រប់ប្រទេសទាំងអស់ ខណៈកម្ពុជាបើកចំហនយោបាយការទូត និងសេដ្ឋកិច្ចនិងគោលនយោបាយឱ្យមានការអភិវឌ្ឍ និងហុចផលដល់ប្រជាជន។
ជាមួយគ្នានេះ លោកក៏បានផ្លែផ្កាទៅដល់ក្រុមអ្នកនយោបាយប្រឆាំងថា មិនទាន់កាន់អំណាចផង យកប្រទេសខ្លះជាសត្រូវបាត់ទៅហើយ ឬប្រកាសកម្ចាត់ប្រទេសណាមួយទៅហើយដែលអាចធ្វើឱ្យប្រទសជាតិឈានទៅរកការវេទនាជាមិនខាន។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «យើងមិនយកប្រទេសណាជាសត្រូវទេ យើងស្វាគមន៍ទាំងអស់។ អ៊ីចឹងបានជាខេត្តព្រះសីហនុ មានទាំងវិនិយោគិន មកពីចិន មកពីជប៉ុន មកពីអឺរ៉ុប មកពីអាមេរិកច្រើនណាស់។កម្ពុជា បាននាំផលិតផលនានាទៅកាន់ តំបន់អឺរ៉ុប ទៅចិន ទៅអាហ្រ្វិក ទៅមជ្ឈិមបូព៌ា ទៅតំបន់អាស៊ាន ដែលនេះក៏ព្រោះតែ កម្ពុជា មិនធ្វើសត្រូវជាមួយប្រទេសណាមួយឡើយ»។
សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជានិងជាអ្នកតាមដានបញ្ហានយោបាយយល់ថា ការលើកឡើងរបស់លោកហ៊ុន ម៉ាណែត ជារឿងត្រឹមត្រូវព្រោះកម្ពុជាមិនអាចយកបរទេសណាមួយជាសត្រូវ ប៉ុន្តែត្រូវពិនិត្យលើការអនុវត្តនយោបាយការបរទេសជាក់ស្តែង ខណៈទំនាក់ទំនងកម្ពុជា និងលោកខាងលិចកំពុងមានភាពប្រទាំងប្រទើស។
លោកថ្លែងថា៖ «យើងមិនយកប្រទេសណាជាសត្រូវមែនប៉ុន្តែជាក់ស្តែងនយោបាយការបរទេស ហាក់មានភាពផ្អៀង និងផ្អែកច្រើនទៅប្រទេសចិនឬប្រទេសកុម្មុយនីស្ត ខណៈលោកសេរីច្រើនដាក់សម្ពាធមកកម្ពុជាលើបញ្ហានីតិរដ្ឋ យុត្តិធម៌សង្គមប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជាដើម។ ទោះជាទំនាក់ទំនងការបរទេសកម្ពុជា និងលោកខាងលិចមិនសូវល្អ ក៏មិនមានអ្វីជាធំដុំដែរ»។
លោក អ៊ូ ច័ន្ទរ័ត្ន បានបន្ថែមថា ការរក្សាអព្យាក្រឹតភាពក្នុងនយោបាយការបរទេសគឺជារឿងលំបាក ក្នុងស្ថានភាពនៃការប្រណាំងប្រជែងផ្នែកភូមិសាស្ត្រនយោបាយរបស់មហាអំណាចជាក់ស្តែងដូចក្នុងសម័យសង្គ្រាមត្រជាក់ជាឧទាហរណ៍ស្រាប់។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីដូច្នេះជារឿងត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាពាក់ព័ន្ធនឹងនយោបាយការបរទេស ពោលគឺកម្ពុជាប្រកាន់នយោបាយអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ ហើយបើកទូលាយរាប់អានមិត្តគ្រប់ប្រទេសទាំងអស់ គ្មានការរើសអើង។
នៅក្នុងនយោបាយការបរទេសនេះទៀតសោត លោក យង់ ពៅ ប្រាប់ដែរថា កម្ពុជាត្រូវធ្វើយ៉ាងណាធានាការគោរពច្បាប់អន្តរជាតិ គោលការណ៍អន្តរជាតិ គោរពនីតិរដ្ឋ រក្សាស្ថិរភាពសង្គម និងនយោបាយ ហើយសម្រួលច្បាប់ ទាំងច្បាប់វិនិយោគជាដើមក្នុងភាពសមធម៌ ដើម្បីទាក់ទាញការវិនិយោគពីភាគីអន្តរជាតិ។
លោកសង្កត់ធ្ងន់ថា៖ «ទោះជាយ៉ាងណា គេមិនអាចមានអព្យាក្រឹត ១០០% ដូចនៅក្នុងក្រដាស ឬច្បាប់បានទេ ហើយបើប្រទេសខ្លះមានរចនាសម្ព័ន្ធសង្គម និងប្រព័ន្ធដឹកនាំខ្សោយ នោះអព្យាក្រឹតភាពកាន់តែមិនអាចមានភាពនឹងនរបាន។ ដើម្បីរក្សាអព្យាក្រឹត កម្ពុជាត្រូវចាំបាច់មានភាពរឹងមាំផ្ទៃក្នុងទាំងនយោបាយ និងសេដ្ឋកិច្ច»៕