ភ្នំពេញៈ មូលនិធិជនពិការបានប្រកាសថា មជ្ឈមណ្ឌលវះកាត់កុមារនឹងផ្ដល់ការព្យាបាលនិងវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺក្រីក្រដែលមានបញ្ហាឆ្អឹង មុខ មាត់ ក្នុងខែវិច្ឆិកានេះ ខណៈដែលអង្គការស្នាមញញឹមកម្ពុជា ក៏បានប្រកាសផ្ដល់ការវះកាត់ឥតគិតថ្លៃផងដែរជូនដល់អ្នកដែលមានបញ្ហាមុខមាត់ក្នុងខែធ្នូខាងមុខ។
សេចក្ដីប្រកាសរបស់មូលនិធិជនពិការ កាលពីថ្ងៃទី ៦ ខែវិច្ឆិកា បានឱ្យដឹងថា ផ្នែកវះកាត់ឆ្អឹងនៃមជ្ឈមណ្ឌលវះកាត់កុមារ (CSC) ដែលអ្នកជំងឺតែងហៅថា «ពេទ្យកៀនឃ្លាំង» មានក្រុមគ្រូពេទ្យជំនាញមកពីប្រទេសបារាំងនឹងផ្តល់ការពិនិត្យព្យាបាល និងវះកាត់ជូនអ្នកជំងឺក្រីក្រដែលមានបញ្ហាផ្នែកឆ្អឹងមុខមាត់ដូចជាខូចទ្រង់ទ្រាយពីកំណើត ដុំសាច់ដុះឬដំបៅរ៉ាំរ៉ៃ ដោយសារជំងឺផ្សេងៗដោយឥតគិតថ្លៃ។
មូលនិធិជនពិការ បានលើកឡើងថា ការពិនិត្យព្យាបាលនិងវះកាត់ជូនអ្នកជំងឺដែលក្រីក្រនេះ ចាប់ផ្ដើមពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលវះកាត់កុមារ (CSC) ផ្លូវជាតិលេខ ៦ អា ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ អង្គការស្នាមញញឹមកម្ពុជា បានសហការជាមួយនឹងអង្គការស្នាមញញឹមជប៉ុន ក៏បានប្រកាសផ្ដល់ការវះកាត់ឥតគិតថ្លៃជូនដល់អ្នកដែលមានបញ្ហាបបូរមាត់ឆែបឬក្រអូមឆែបនិងអ្នកដែលមានបញ្ហាមុខខុសប្រក្រតីផ្សេងៗនៅដើមខែធ្នូក្នុងខេត្តកំពតផងដែរ។
ការរៀបចំវះកាត់ឥតគិតថ្លៃនេះត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តកំពតចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខ ដោយទទួលបានការឧបត្ថម្ភពីអង្គការ Smile Asia និងសហការឧបត្ថម្ភដោយសប្បុរសជនមួយចំនួនផងដែរ។
លោកឈុត ចាំ ជាមន្ត្រីផ្នែករដ្ឋបាលប្រចាំអង្គការស្នាមញញឹមកម្ពុជា ហៅជាភាសាអង់គ្លេសថា ស្មាយ ខេមបូឌា (Smile Cambodia) បានឱ្យដឹងនៅថ្ងៃទី៧ វិច្ឆិកាថា កម្មវិធីវះកាត់ឥតគិតថ្លៃនេះ ខាងអង្គការបានធ្វើជាច្រើនដងមកហើយនៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប ប៉ុន្តែលើកនេះ ខាងអង្គការបានរៀបចំកម្មវិធីវះកាត់ឥតគិតថ្លៃនេះ នៅខាងមន្ទីរពេទ្យបង្អែកខេត្តកំពតវិញម្ដង។
លោកបានបន្តថា សម្រាប់អ្នកដែលទទួលបានការវះកាត់ឥតគិតថ្លៃនេះបាន ជាអ្នកដែលមានបញ្ហាមាត់ឆែបឬក្រអូមឆែបនិងអ្នកដែលមានស្ថានភាពមុខមាត់ខុសប្រក្រតីផ្សេងៗផងដែរដោយមិនប្រកាន់ថាជាកុមារ មនុស្សចាស់ឡើយគឺសុទ្ធតែទទួលបានការវះកាត់និងព្យាបាលលើបញ្ហាទាំងអស់នេះ។ ក្រៅពីការវះកាត់ដោយឥតគិតថ្លៃហើយ ចំពោះការស្នាក់នៅសម្រាកព្យាបាល ក៏មិនមានការចំណាយលើសេវាអ្វីឡើយ។
ចំណែកលក្ខខណ្ឌនៃការទទួលបានការវះកាត់បញ្ហាមុខមាត់ ឬក្រអូមឆែបនេះ សម្រាប់មនុស្សចាស់ឬមនុស្សពេញវ័យមិនមានលក្ខខណ្ឌតម្រូវអ្វីនោះទេ ឱ្យតែមានសុខភាពល្អ ប៉ុន្តែសម្រាប់ទារក ឬកុមារ ដែលអាចវះកាត់បាន គឺត្រូវមានអាយុ ៣ ខែឡើងទៅ និងត្រូវមានទម្ងន់គ្រប់ចំនួន ៦គីឡូក្រាម ទើបអាចទទួលបានការព្យាបាលនិងវះកាត់បាន។
លោកឈុត ចាំ បានបញ្ជាក់ថា៖ «ប្រសិនបើគាត់អត់គ្រប់គីឡូ អត់គ្រប់អាយុក៏យើងមិនអាចធ្វើការវះកាត់ឱ្យគាត់បានដែរ សម្រាប់អ្នកឆែបមាត់គឺអាយុពី ៣ ខែឡើងទៅ ទម្ងន់គ្រប់ចំនួន ៦ គីឡូទើបយើងអាចវះកាត់បានហើយសម្រាប់អ្នកឆែបក្រអូម អាយុចាប់ពី ១០ ខែឡើងទៅទម្ងន់ ១០ គីឡូទើបយើងអាចវះកាត់បានដែរ»។
លោកបានបន្ថែមដែរថា សម្រាប់អ្នកដែលធ្លាប់វះកាត់បញ្ហាមាត់ឆែប ឬក្រអូមឆែបពីមន្ទីរពេទ្យផ្សេងៗកន្លងមក ហើយមិនបានស្អាតល្អ ក៏អាចមកកែ និងទទួលសេវាវះកាត់ឥតគិតថ្លៃលើកនេះបានផងដែរ៕