ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពុងអនុវត្តគម្រោងរួមគ្នាដើម្បីជួយជនរងគ្រោះដោយអំពើជួញដូរមនុស្សឱ្យទទួលបានសេវាពេញលេញលើការប្រឹក្សាយោបល់ សុខភាព សេដ្ឋកិច្ច និងប្រព័ន្ធយុត្តិធម៌ ដោយគម្រោងនេះផ្ដល់សេវាគាំពារទាំងជនជាតិខ្មែរ និងបរទេស។
លោក ញឹម វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ថ្ងែងនៅថ្ងៃទី ៧ ខែវិច្ឆិកាថា ក្រសួងបានប្រជុំជាមួយ JICA នាពេលថ្មីៗនេះ ដោយបានពិភាក្សាគ្នាលើការអនុវត្តគម្រោងរួមគ្នាមួយ ដើម្បីធ្វើយ៉ាងណាជួយទៅដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សឱ្យទទួលបានសេវាពេញលេញលើការប្រឹក្សាយោបល់ សុខភាព សេដ្ឋកិច្ច និងប្រព័ន្ធយុត្តិធម៌ជាដើម។ ក្រសួង និង JICA បានប្រជុំពិភាក្សាគ្នា ដើម្បីធ្វើការកសាង និងអភិវឌ្ឍសមត្ថភាពទៅដល់ក្រុមគោលដៅ ក្នុងពេលដែលឱ្យពួកគាត់ជួយទៅដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សឱ្យទទួលបានសេវាកាន់តែមានប្រសិទ្ធភាព។
លោកថា៖«គម្រោងហ្នឹងបានជួយដល់កម្ពុជាយើងបានច្រើនជាពិសេសវាជាឧត្តមប្រយោជន៍សម្រាប់ជនរងគ្រោះដោយអំពើជួញដូរ ហើយវាក៏មិនមែនតែសម្រាប់ជនជាតិកម្ពុជានោះទេ ជនជាតិអីក៏ដោយឱ្យតែត្រូវបានជួញដូរនៅលើទឹកដីកម្ពុជា ត្រូវបានយើងយកចិត្តទុកដាក់ និងផ្ដល់សេវាគាំពារ»។
គម្រោងជួយជនរងគ្រោះដោយអំពើជួញដូរមនុស្សនេះ បានចាប់ផ្ដើមអនុវត្តតាំងពីខែមីនា ឆ្នាំ ២០២៣ រហូតដល់ខែកញ្ញា ឆ្នាំ ២០២៦ ដែលមានរយៈពេល ៣ឆ្នាំកន្លះ ក្នុងនោះមានខេត្តគោលដៅចំនួន៣រួមមាន៖ខេត្តសៀមរាប ត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ ដែលកំពុងអនុវត្តគម្រោងនេះ។
នេះបើតាមលោក ញឹក វណ្ណារ៉ា។ លោកបានបន្ថែមថា ខណៈដែលគម្រោងនេះកំពុងអនុវត្តក្នុងខេត្តគោលដៅទាំងនោះ ក្នុងពេលឆាប់ៗខាងមុខនេះ ទាំងក្រសួង និង JICA នឹងឈានដល់ការចុះហត្ថលេខាជាផ្លូវការក្នុងការអនុវត្តគម្រោងជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស (២០២៣-២០២៦)។
លោកនី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងថា កន្លងមកអ្នកដែលទទួលរងគ្រោះដោយអំពើជួញដូរមនុស្សតាមរយៈមេខ្យល់ក្ដី តាមរយៈកម្រិតចំណេះដឹងព័ត៌មាននិងបញ្ហាជីវភាពក្តីគឺសុទ្ធតែជាបញ្ហាដែលធ្វើឱ្យប្រជាពលរដ្ឋងាយរងគ្រោះក្នុងអំពើជួញដូរនេះ។ លោកថា នៅពេលដែលជនរងគ្រោះដោយអំពើជួញដូរមនុស្ស ត្រូវបានរំដោះត្រឡប់មកវិញ អ្វីដែលជនរងគ្រោះត្រូវការបំផុតនោះគឺសេវាសង្គម និងសេវាយុត្តិធម៌ ខណៈដែលកន្លងមកនេះ ជនរងគ្រោះ ហាក់បីដូចជាទទួលបានសេវាទាំងនេះនៅខ្វះខាតនិងនៅមិនទាន់ដោះស្រាយឱ្យមានប្រសិទ្ធភាពនៅឡើយ៕