ភ្នំពេញៈ លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានប្រកាសបើកវគ្គហ្វឹកហ្វឺនដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទរយៈពេល ៤ សប្ដាហ៍ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះវិលជុំរយៈពេល ២ ឆ្នាំម្ដង លើគម្រោងហ្វឹកហ្វឺនត្រីភាគី ដែលត្រូវបានជ្រើសរើសដោយអង្គការសហប្រជាជាតិ (UN)។
លោក សែម សុវណ្ណនី ថ្លែងថា៖ «វគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អសប ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់នេះ គឺការហ្វឹកហ្វឺនលើកទី ១ ដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ ដោយក្រុមយោធាចារ្យសាធារណរដ្ឋកូរ៉េ ដើម្បីពង្រីកការយល់ដឹងបន្ថែម លើជំនាញប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់សម្រាប់ស្ថាបនាសំណង់ផ្ដេក និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍ្របទេសជាតិផង ជាពិសេសដើម្បីគាំទ្រដល់ដំណើរការស្តារសន្តិភាព និងសន្តិសុខ ក្នុងតំបន់បេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ»។
យោងតាមខ្លឹមសារនៃសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានបញ្ជាក់ថា ការបើកការហ្វឹកហ្វឺននេះ ធ្វើឡើងក្រោមអធិបតីភាពលោកសែម សុវណ្ណនី អនុប្រធានទី ១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លោក Joseph Scheuer អ្នកសម្របសម្រួលរបស់UNប្រចាំកម្ពុជា និងលោក Koh Hyeon Seok នាយសេនាធិការរងកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ។
ប្រភពដដែលនេះបានស្រង់សម្ដី លោកសែម សុវណ្ណនី ថា៖ «ជាមោទនភាពរបស់កម្ពុជាដែលត្រូវបាន UN ជ្រើសរើសជាប្រទេស ១ ក្នុងចំណោមប្រទេសវៀតណាម ថៃ ឥណ្ឌូនេស៊ី សម្រាប់ធ្វើជាម្ចាស់ផ្ទះវិលជុំ ២ ឆ្នាំម្តង លើគម្រោងហ្វឹកហ្វឺនត្រីភាគីនេះ»។
ប្រភពដដែលនេះបានឱ្យដឹងថា លោក Koh Hyeon Seok នាយសេនាធិការរងកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា រយៈពេល ៤សប្តាហ៍ទៅមុខ គ្រូយោធាចារ្យជំនាញវិស្វកម្មកូរ៉េខាងត្បូងនឹងបង្រៀនវគ្គហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់នៅសាលា PKO ព្រមទាំងបើកដំណើរការអប់រំ និងបណ្តុះបណ្តាលថ្មីសម្រាប់អង្គភាពវិស្វកម្ម PKO ផងដែរ។
ប្រភពដដែលនេះបានស្រង់សម្ដីលោក លោក Koh Hyeon Seok ថា៖ «ការហ្វឹកហ្វឺននេះដើម្បីឱ្យមានភាពស្ទាត់ជំនាញក្នុងប្រតិបត្តិការប្រើប្រាស់ឧបករណ៍នីមួយៗ ដែលបង្ហាញជំនឿទុកចិត្តថា វគ្គហ្វឹកហ្វឺននេះនឹងពង្រឹងចំណងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងកម្ពុជា និងកូរ៉េខាងត្បូងក្នុងក្របខ័ណ្ឌរក្សាសន្តិភាពក្រោមឆត្រ UN»។
លោក Joseph Scheuer ត្រូវបានស្រង់សម្ដីថ្លែងថា វគ្គហ្វឹកហ្វឺននេះមានលក្ខណពិសេស ២ យ៉ាង ក្នុងនោះ ទី ១ ជាវគ្គដំបូងដែលរៀបចំដោយ គម្រោងត្រីភាគី នៅកម្ពុជា ហើយក៏បង្ហាញពីកិច្ចសហប្រតិបត្តិការដំបូងនៃការហ្វឹកហ្វឺនរួមគ្នា «ត្រីភាគី» រវាងកម្ពុជា សាធារណរដ្ឋកូរ៉េ និង UN ផងដែរ។ ទី ២ ជាការបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហការរវាង UN និងរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដើម្បីសន្តិភាព។
វគ្គហ្វឹកហ្វឺនត្រីភាគីនេះ ជាគំនិតផ្តួចផ្តើមឡើងរបស់លោកហ្ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅកិច្ចប្រជុំកំពូល ស្តីពីការរក្សាសន្តិភាពនៅទីបញ្ជាការ UN កាលពីឆ្នាំ ២០១៤៕