ព្រះសីហនុៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យអាជ្ញាធរខេត្តព្រះសីហនុគ្រប់ជាន់ថ្នាក់ត្រូវពង្រឹងសន្តិសុខ និងស្ថិរភាពនៅក្នុងខេត្ត ជាពិសេសតំបន់គោលដៅទេសចរណ៍និងតំបន់ឧស្សាហកម្មដើម្បីទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុក និងអ្នកវិនិយោគមកវិនិយោគនៅក្នុងខេត្តនេះ។
លោកជំរុញដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជាង ១,៥ ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាងហ្គ័រជី (Cambodian Zhejiang Guoji) ខេត្តព្រះសីហនុ នៅថ្ងៃទី ៧ ខែវិច្ឆិកា។
លោកហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សំខាន់ណាស់នៅខេត្តព្រះសីហនុក៏បាននិងនៅស្ទើរគ្រប់កន្លែងទាំងអស់ ជាពិសេសគោលដៅដែលជាតំបន់ទេសចរណ៍ និងតំបន់ឧស្សាហកម្ម និងតំបន់ផ្សេងៗគឺត្រូវធានាបានសន្តិសុខ ស្ថិរភាព ដោយលោកបន្ថែមថា៖«អត់មាននរណាចង់មកលេងសមុទ្រទេ បើមកគេប្រាប់ថាទៅ ប៉ុន្តែប្រយ័ត្នផង ប្រយ័ត្នគេបាញ់គ្នារត់អត់ទាន់។ ទៅប្រយ័ត្នចោរឆក់ ទៅប្រយ័ត្នចោរប្លន់ ទៅប្រយ័ត្នអី»។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធមានហើយនៅក្នុងខេត្តនេះ ប៉ុន្តែដើម្បីឱ្យរចនាសម្ព័ន្ធនេះមានន័យទៅបានទាល់តែមានមនុស្សប្រើ។ ខេត្តព្រះសីហនុ និងគណៈកម្មការអភិវឌ្ឍន៍ឆ្នេរបានធ្វើច្រើនណាស់។ រាជរដ្ឋាភិបាលបានដាក់ទុនរាប់រយលានដុល្លារដើម្បីធ្វើផ្លូវ«ប៉ុន្មានខ្សែ»នៅក្នុងខេត្តនេះ។ ឆ្នេរត្រូវបានរៀបចំបានល្អការងារក៏ត្រូវបានបង្កើតហើយផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុក៏អាចធ្វើដំណើរទៅព្រឹកវិលល្ងាចបានផងដែរ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖«អ៊ីចឹងសន្តិសុខត្រូវការធានាជូនគាត់ មិនថាទេសចរបរទេស ទេសចរក្នុងស្រុក ហើយសូម្បីតែអ្នកមកធ្វើការងារហ្នឹងប្រសិនបើអសុវត្ថិភាពក៏គេអត់មកដែរមិនងាយចង់មកទេ។ អ៊ីចឹងរឿងកិច្ចការសន្តិសុខនេះត្រូវពង្រឹង។ អាជ្ញាធរគ្រប់ជាន់ថ្នាក់កម្លាំងសមត្ថកិច្ច ឯកឧត្តមស្នងការ ឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធគ្រប់[ជាន់ថ្នាក់]បំពេញភារកិច្ចបម្រើស្ថិរភាពសន្តិសុខជូនប្រជាពលរដ្ឋរបស់យើង»។
ពាក់ព័ន្ធការពង្រឹងសន្តិសុខនេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការយល់ឃើញរបស់លោកថា កុំថាឡើយតែខេត្តព្រះសីហនុ គឺទូទាំងប្រទេសកម្ពុជា ទូទាំងច្រកចេញចូលនៃច្រកអន្តរជាតិទូទាំងតំបន់ ច្រកអន្តរជាតិផ្លូវគោក ផ្លូវទឹក គឺត្រូវតែពង្រឹងការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ឱ្យសមស្របទៅតាមច្បាប់របស់ប្រទេសកម្ពុជាដោយកុំមានការលើកលែងចំពោះគ្រប់ជាតិសាសន៍ទាំងអស់ដើម្បីធានាសុខសុវត្ថិភាពជូនគ្រប់ភ្ញៀវទេសចរ និងក៏ដូចជាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ៧ វិច្ឆិកា ថា ប្រសិនបើប្រទេសកម្ពុជាទាំងមូល ឬតំបន់ណាមួយឃើញថាបញ្ហាអសន្តិសុខ បញ្ហាចោរកម្ម បញ្ហាគ្រឿងញៀន ហ្គេមអនឡាញផ្សព្វផ្សាយចេញទៅប្រទេសកម្ពុជានិយាយជារួម និយាយដោយឡែកក្រុងព្រះសីហនុទៅជាតំបន់ឧក្រិដ្ឋកម្មតំបន់ដែលគេគួរឱ្យខ្លាច។ដូច្នេះទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគក៏មិនហ៊ានមកដែរ។
លោក យង់ ពៅ បានបន្តថា៖ «អ៊ីចឹងត្រូវតែពង្រឹងសុខសន្តិភាពពង្រឹងការអនុវត្តច្បាប់ឱ្យស្មើភាពគ្នាកុំឱ្យមានវប្បធម៌អន្តរាគមន៍ឱ្យសោះទី១។ ទី២ គឺត្រូវតែពិនិត្យមើលប្រព័ន្ធផ្សព្វផ្សាយ ចូលរួមផ្សព្វផ្សាយនូវសុខសន្តិភាពរបស់កម្ពុជា ផ្សព្វផ្សាយនូវផលិតផលទេសចរណ៍កម្ពុជា ជាជាងផ្សព្វផ្សាយតែរឿងចោរកម្មឃាតកម្មអីហូរហែដែលចែករំលែកតៗគ្នា ហាក់ដូចជា ប្រទេសកម្ពុជាហ្នឹងសម្បុកចោរកម្មឧក្រិដ្ឋកម្មអ៊ីចឹង។ ទី៣ ក្រៅពីទាំងនេះគឺត្រូវតែពិនិត្យមើលផលិតផលទេសចរណ៍ គាំទ្រវិស័យទេសចរណ៍។ បើយើងខំធ្វើឱ្យមានសុខសន្តិភាពអីហូរហែ ប៉ុន្តែយើងខ្វះផលិតផលទេសចរណ៍ ផលិតផលដែលអាចគាំទ្រទេសចរណ៍ក៏គេមិនដឹងថាមកថាម៉េច?ដូច្នេះត្រូវធ្វើទាំងព្រម»។
លោកបានបញ្ជាក់ថា៖ «វាដល់ពេលវេលាដែលរដ្ឋាភិបាលត្រូវកែទម្រង់ស៊ីជម្រៅពិតប្រាកដ កុំឱ្យមានតែនៅក្នុងក្រដាស ដូចដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកម្សិលមិញ ខ្ញុំចាំថា កែទម្រង់កុំឱ្យតែមានទ្រឹស្ដីក្នុងក្រដាសត្រូវអនុវត្តជាក់ស្ដែងឱ្យឃើញលទ្ធផលជាក់ស្ដែងដើម្បីគុណសម្បត្តិ គុណប្រយោជន៍ប្រជាជាតិហើយដើម្បីលើកស្ទួយសេដ្ឋកិច្ចយើង។ ប្រសិនបើយើងមិនធ្វើឱ្យបានប្រាកដប្រជាទេ សេដ្ឋកិច្ចនឹងកាន់តែដុនដាបថែមទៀត»៕