សៀមរាបៈ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានសហការជាមួយនឹងក្រសួងសុខាភិបាល, កម្មវិធីជាតិអាហារូបត្ថម្ភ និង មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានពង្រីកការអនុវត្តគម្រោង «មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ» នៅមណ្ឌលសុខភាពចំនួន ៣៤ ទៀត ក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ២០២៣ បានឱ្យដឹងថា គម្រោង «មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ» នេះ ទទួលបានថវិកាគាំទ្រពី Else Kröner-Fresenius-Stiftung (EKFS) តាមរយៈអង្គការទស្សនៈពិភពលោកអាល្លឺម៉ង់ និងដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាលក្រោយពីការអនុវត្តសាកល្បងបានជោគជ័យ នៅមណ្ឌលសុខភាពចំនួន ៨ នៅខេត្តសៀមរាប នៅឆ្នាំ ២០២២-២០២៣។
សេចក្តីប្រកាសបញ្ជាក់ថា គម្រោងរយៈពេល៣ឆ្នាំ (២០២៣-២០២៦) ទៀតនេះនឹងផ្តល់ផលវិជ្ជមានដល់ស្ត្រីមានផ្ទៃពោះចំនួនជាង ៥៤ ម៉ឺននាក់ ទារកទើបនឹងកើតចំនួនជាង ១ ម៉ឺន ៥ ពាន់នាក់ និងបុគ្គលិកមណ្ឌលសុខភាពចំនួន ១៣០ នាក់តាមរយៈការកសាងសមត្ថភាពរបស់បុគ្គលិកមណ្ឌលសុខភាព និងការចូលរួមជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីត្រួតពិនិត្យ និងតាមដានសេវាដែលផ្តល់ដោយមណ្ឌលសុខភាពទាំង ៣៤ នេះ។
អង្គការទស្សនៈពិភពលោកបានសង្កត់ធ្ងន់ថា ៖ «គម្រោងនេះក៏នឹងប្រមូលផ្តុំ និងបណ្តុះបណ្តាលអ្នកប្រឹក្សាការបំបៅដោះកូននៅកម្រិតសហគមន៍ ដើម្បីផ្តល់ប្រឹក្សាដល់ម្តាយ និងសមាជិកគ្រួសារទាំងអស់ ពីការផ្តល់ទឹកដោះម្តាយដល់ទារកទើបនឹងកើត ទារក និងកុមារតូចៗ»។
សូមបញ្ជាក់ដែរថា អត្រាកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ នៅក្នុងប្រទេសកម្ពុជាមានកម្រិតខ្ពស់បំផុតនៅក្នុងតំបន់ ដោយនៅក្នុងនោះ កុមារ ២២% មានកម្ពស់ទាបធៀបនឹងអាយុ (ក្រិសក្រិន) និងកុមារ ១០% មិនមានទម្ងន់គ្រប់គ្រាន់ធៀបនឹងកម្ពស់ (ស្គមស្គាំង)។ ការផ្តល់អាហារមិនត្រឹមត្រូវ ទឹកកខ្វក់ កង្វះអនាម័យ ភាពក្រីក្រ និងកង្វះការអប់រំរបស់ម្តាយ គឺជាមូលហេតុចម្បងដែលធ្វើឱ្យកុមារខ្វះអាហារូបត្ថម្ភ។
លោកស្រី គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC) បានថ្លែងនាពិធីដាក់ដំណើការអនុវត្តន៍គម្រោងនេះថា ក្រសួងសុខាភិបាលបានសហការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាអង្គការទស្សនៈពិភពលោក ដើម្បីធ្វើឱ្យប្រសើរឡើងនូវអត្រាបំបៅកូនដោយទឹកដោះម្តាយនៅក្នុងប្រទេសកម្ពុជា។ លោកស្រីបន្តថា នៅកម្ពុជា មានតែពាក់កណ្តាលនៃម្តាយទាំងអស់ដែលបំបៅកូនដោយទឹកដោះម្តាយតែ ១ មុខគត់ ក្នុងរយៈពេល ៦ ខែដំបូង ដូច្នេះហើយវាជារឿងចាំបាច់ក្នុងការបង្កើនចំណេះដឹង ក្នុងចំណោមស្ត្រីមានផ្ទៃពោះ និងម្តាយក្រោយសម្រាលពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ។
លោកស្រីបន្តថា៖ «ការបំបៅកូនដោយទឹកដោះម្តាយគឺជាអាហារដ៏ល្អបំផុតសម្រាប់ទារកទើបនឹងកើត និងទារក ហើយជួយការពារទារកប្រឆាំង នឹងជំងឺជាច្រើន។ កុមារដែលធំធាត់ដោយការបំបៅដោយទឹកដោះម្តាយ ទទួលបានពិន្ទុល្អក្នុងការធ្វើតេស្ដបញ្ញា ហើយពួកគេមិនសូវងាយប្រឈមនឹងជំងឺទឹកនោមផ្អែមឬជំងឺឆ្លងផ្សេងៗទៀតនៅពេលពួកគេធំឡើងផងដែរ»។
ការជួយគាំទ្រ ជាពិសេសការផ្តល់វគ្គបណ្តុះបណ្តាល ដល់បុគ្គលិកមណ្ឌលសុខភាពស្តីពីការលើកកម្ពស់ការ បំបៅកូនដោយទឹកដោះម្តាយនឹងអាចឱ្យពួកគាត់ផ្តល់ចំណេះដឹង និងការអប់រំដល់ស្ត្រីមានផ្ទៃពោះ និងម្តាយក្រោយសម្រាលកូនជាពិសេសម្តាយដែលមានកូនដំបូង។ នេះបើតាមលោកស្រី គឹម រ័ត្ននា។
យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាបង្ហាញថា ទោះបីជា ៩៩% នៃការសម្រាលកូន ត្រូវបានសម្រាលដោយអ្នកជំនាញក៏ដោយ (៦៨% សម្រាលកូនដោយគិលានុបដ្ឋាយិកាឬឆ្មប ២% សម្រាលកូនដោយជំនួយការឆ្មប និង ២៩% សម្រាលកូនដោយវេជ្ជបណ្ឌិត) ប៉ុន្តែមានតែ៥៤% នៃទារកទើបនឹងកើតប៉ុណ្ណោះ ដែលទទួលបានការបំបៅដោយទឹកដោះម្តាយក្នុងរយៈពេល ១ ម៉ោងបន្ទាប់ពីសម្រាល។
ជាមួយគ្នានោះដែរលោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ថ្លែងថា ទឹកដោះម្តាយជាឱសថសម្រាប់ការពារទារកពីជំងឺជាច្រើន ដូច្នេះហើយគម្រោងនេះ លើកកម្ពស់ចំណេះដឹង ជំនាញ និងអាកប្បកិរិយាសមស្របនៃការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយរបស់បុគ្គលិកមណ្ឌលសុខភាពស្របតាមគំនិតផ្តួចផ្តើមរបស់គម្រោង មណ្ឌលសុខភាពស្រឡាញ់ទារក។
លោកបញ្ជាក់ថា៖«ផ្អែកតាមទិន្នន័យចុងក្រោយនៃការស្ទង់មតិសុខភាពប្រជាសាស្ត្រកម្ពុជា ខេត្តព្រះវិហារ និងខេត្តសៀមរាប មានភាគរយនៃការផ្តល់សេវាតាមមណ្ឌលសុខភាពខ្ពស់ គឺមានរហូតដល់ ៩៤,៨% និង ៩៧,៤% តែការចាប់ផ្តើមដំបូងនៃការបំបៅកូនដោយទឹកដោះម្តាយនៅតែមានកម្រិតទាបដោយ ៤២,៤% និង ៥៦, ២%»។
ប្រធានបច្ចេកទេសកម្មវិធីអាហារូបត្ថម្ភរបស់អង្គការទស្សនៈពិភពលោកលោកស្រីក្រាណា ពូ សេលវី បានមានប្រសាសន៍ថា៖ «គ្រឹះស្ថានសុខាភិបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងគាំទ្រម្តាយវ័យក្មេងឱ្យ បំបៅកូនដោយទឹកដោះម្តាយដោយជោគជ័យ»។
លោកស្រីថា បុគ្គលិកមណ្ឌលសុខភាព នឹងទទួលបានវគ្គបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ និងទទួលបានការលើកទឹកចិត្តដើម្បីធ្វើឱ្យមណ្ឌលសុខភាពរបស់ពួកគេកា្លយជា«មន្ទីរពេទ្យស្រឡាញ់ទារក»ហើយនឹងត្រូវបានត្រួតពិនិត្យដោយមន្ត្រីរបស់មន្ទីរសុខាភិបាលខេត្ត។ គម្រោងនេះនឹងត្រូវបានអនុវត្តដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិសុខភាពមាតា និងទារក និងកម្មវិធីជាតិអាហារូបត្ថម្ភ៕