ព្រះសីហនុៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធធ្វើការសិក្សាដោយលើកកម្ពស់ការអភិវឌ្ឍផ្លូវដែកពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដោយអាចឱ្យការបើកបរក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុង ១ ម៉ោង ដើម្បីជំរុញការដឹកជញ្ជូនទំនិញ និងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស។
លោកបានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១៥ ០០០ នាក់ ដែលមកពីតាមបណ្តារោងចក្រ សហគ្រាសដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖«ឥឡូវ ឯកឧត្តម ស៊ុន ចាន់ថុល នៅទីនេះ រួមជាមួយឯកឧត្តម ប៉េង ពោធិ៍នា រឿងផ្លូវដែករបស់យើង យើងកុំនិយាយរឿងផ្លូវល្បឿនលឿនរថភ្លើង។ យើងនិយាយតែផ្លូវដែកដឹកទំនិញ។ ឥឡូវផ្លូវដែករបស់យើងបើកបានត្រឹម ៥០ គីឡូម៉ែត្រក្នុង ១ ម៉ោង។ ឥឡូវយើងធ្វើយ៉ាងម៉េចឱ្យប្រសើរឡើង (Upgrade) មួយចំនួន ដោយរុញឱ្យបាន ៨០ គីឡូម៉ែត្រក្នុង ១ ម៉ោង សម្រាប់ការដឹកទំនិញមួយចំនួន»។
លោកបានបន្តថា៖ «យើងនឹងសិក្សា ខ្ញុំនឹងឱ្យសិក្សាអំពីការបន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវ...អាហ្នឹងតាំងពីដើមដល់ចប់។ អ៊ីចឹង បើផ្លូវដែកនេះ យើងបានធ្វើ បាន យើងនឹងដឹកទំនិញច្រើនមកដល់ទីនេះ។ បងប្អូនឃើញទេ ឡានដឹកបានតែប៉ុន្មានទេ តែរថភ្លើង ១ ខ្សែបានប្រវែង ២ ឬ ៣ គីឡូដីឯណោះ។ អ្នកចាំរថភ្លើងឆ្លងកាត់ម្តងៗ ពេលខ្លះត្រូវពន្លត់ម៉ាស៊ីនសិន កុំឱ្យអស់សាំង ព្រោះវាវែងពេក អ៊ីចឹង យើងបង្កើនដឹកទំនិញតាមនេះ»។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមទាក់ទងនឹងការលើកឡើងរបស់លោកហ៊ុន ម៉ាណែតបានទេ នៅថ្ងៃទី ៧ ខែវិច្ឆិកា។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងស្វាគមន៍ និងគាំទ្រចំពោះការឱ្យសិក្សាលើកកម្ពស់ផ្លូវដែកនេះ ព្រោះជាការកាត់បន្ថយថ្លៃដើមក្នុងការដឹកជញ្ជូន សម្រាប់ការនាំចេញ និងការនាំចូលពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុបានកាន់តែច្រើន។ ទោះជាយ៉ាងណា លោកក៏បន្តស្នើឱ្យរាជរដ្ឋាភិបាលគួរតែធ្វើផ្លូវរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត បន្ថែមទៀតផងដែរ។
យោងតាមរបាយការណ៍សង្ខេបស្ដីពីការងារសាងសង់ផ្លូវដែកភ្នំពេញ-ខេត្តព្រះសីហនុរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ប្រទេសកម្ពុជាមានផ្លូវដែកចំនួន ២ ខ្សែ គឺខ្សែទី ១ ផ្លូវដែកពីភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែតត្រូវបានសាងសង់នៅឆ្នាំ ១៩២៩ ដល់ឆ្នាំ ១៩៤២ ក្នុងសម័យអាណានិគមបារាំង ដែលមានប្រវែង ៣៨៦ គ.ម ខណៈផ្លូវដែកនេះ ក៏ត្រូវបានសិក្សាលើកកម្ពស់គុណភាពសម្រាប់ការដឹកជញ្ជូនផងដែរ។
ចំណែកខ្សែទី ២ ផ្លូវដែកពីភ្នំពេញ-ខេត្តព្រះសីហនុកំពង់ផែស្វយ័តព្រះសីហនុត្រូវបានសាងសង់នៅឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយមមានប្រវែង ២៦៦ គ.ម។
ប្រភពដដែលបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំគម្រោងអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យដឹកជញ្ជូនតាមផ្លូវដែកដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសការសម្រួលដល់ការដឹកជញ្ជូនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញសំខាន់ៗដូចជា ស្រូវអង្ករ ប្រេងឥន្ធនៈ សម្ភារបរិក្ខារផ្សេងៗ សំដៅកាត់បន្ថយចំណាយឡូជីស្ទីក កាត់បន្ថយពេលវេលាដឹកជញ្ជូន គ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ នៅតាមដងផ្លូវ ជាដើម៕