ព្រះសីហនុៈ ពាក្យថា «ការខ្វះខាតទឹកស្អាត» សម្រាប់ប្រើប្រាស់នៅក្នុងខេត្ដព្រះសីហនុនាពេលនេះ វាគ្រាន់តែជាអនុស្សាវរីយ៍មួយក្នុងអតីតកាលប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នការផ្គត់ផ្គង់ទឹកត្រូវបានដោះស្រាយបានយ៉ាងប្រសើរជូនប្រជាពលរដ្ឋក៏ដូចជា អាជីវករឬក៏ភ្ញៀវទេសចរដែលមកកម្សាន្ដនៅក្នុងខេត្ដទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ។
គេនៅចាំបានថា កាលពីអំឡុងឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃបឹងព្រែកទប់ក្នុងក្រុងព្រះសីហនុដែលធ្លាប់ជាប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ហើយបានផ្តល់សិទ្ធិជូនក្រុមហ៊ុនឯកជនដើម្បីអភិវឌ្ឍ និងមួយភាគធំទៀតសម្រាប់កែលម្អឱ្យទៅជាសួនរមណីយដ្ឋានទេសចរណ៍ដើម្បីបង្កើនការទាក់ទាញការចូលមកលេងកម្សាន្តនៅក្នុងខេត្តនេះ។
ការអភិវឌ្ឍនាពេលនោះបានធ្វើឱ្យមានបញ្ហាខ្វះទឹកសាបស្អាតប្រើប្រាស់ ធ្វើឱ្យពលរដ្ឋមានការត្អូញត្អែរជាខ្លាំង រហូតដល់មានអ្នកខ្លះបានបញ្ចេញប្រតិកម្មមិនចង់ឱ្យមានការអភិវឌ្ឍទៀតផង។
ជាដំណោះស្រាយលើបញ្ហានេះ កាលពីឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានសម្រេចបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ យកជាប្រភពទឹកធម្មជាតិសម្រាប់ផ្គត់ផ្គង់ក្នុងខេត្តព្រះសីហនុជំនួសបឹងព្រែកទប់ដែលមានការគោករាក់ពី ១ ឆ្នាំទៅ ១ ឆ្នាំថែមទាំងបាត់បង់គុណភាពទៀតផង។ រហូតមកដល់ពេលនេះ ការតភ្ជាប់បណ្តាញទឹកបានរួចរាល់ធ្វើឱ្យបញ្ហាខ្វះទឹកប្រើប្រាស់ លែងជាបញ្ហាកង្វល់សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ទៀតហើយ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា ការប្រើប្រាស់ទឹកស្អាតនៅក្រុងព្រះសីហនុ និងផ្នែកខ្លះនៃតំបន់ស្ទឹងហាវនិងព្រៃនប់ ដែលធ្លាប់មានការខ្វះទឹកប្រើប្រាស់នោះ ពេលនេះលែងមានបញ្ហាខ្វះខាតទៀតហើយ ក្រោយការតបណ្តាញទឹកបានទៅដល់កន្លែងទាំងអស់នោះ។ លោកបន្តថា ខេត្តព្រះសីហនុមានក្រុមហ៊ុនអានកូសម្រាប់ផ្តល់សេវាផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋប្រើប្រាស់ដែលការផ្តល់សេវានេះគ្របដណ្តប់ក្នុងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងស្រុកព្រៃនប់។
លោកអភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងទៀតថា បច្ចុប្បន្នក្នុង ១ ថ្ងៃ ខេត្តព្រះសីហនុមានសមត្ថភាពផលិតទឹកបាន ១៦ ម៉ឺនម៉ែត្រគុប ស្របពេលការប្រើប្រាស់ទឹកមានត្រឹមតែជាង ៩ ម៉ឺនម៉ែត្រគុបប៉ុណ្ណោះ ក្នុងនោះនៅក្នុងក្រុងព្រះសីហនុមានការប្រើប្រាស់ទឹកចន្លោះពី ៧៥ ០០០ ទៅ ៨៥ ០០០ម៉ែត្រគុបក្នុង ១ ថ្ងៃ។
លោកបានបញ្ជាក់ថា៖«ការងារផ្គត់ផ្គង់ទឹកមកដល់ពេលនេះ មិនមានបញ្ហាទេ ដោយសារយើងមានរេសឺវ័រ [Reservoir] នៅតំបន់ក្បាលឆាយ ដែលរាជរដ្ឋាភិបាលបានដាក់តំបន់នេះជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ក្នុងហ្នឹងសំខាន់បំផុតគឺជារេសឺវ័រធម្មជាតិផង ហើយគេលើកទំនប់ថែមទៀតដើម្បីទប់ទឹកទុកប្រើប្រាស់ ធ្វើដូចអាងប្រព្រឹត្តិកម្មទឹកដែរ តែគេ Treat ទឹកឱ្យស្អាតហើយបាន Supply»។
បច្ចុប្បន្នខេត្តព្រះសីហនុមានប្រជាពលរដ្ឋរស់នៅជាង៥ម៉ឺនគ្រួសារ ស្មើនឹងមនុស្សសរុបចំនួនជិត ២៣ ម៉ឺននាក់នាក់។ នេះបើតាមរបាយការណ៍ប្រជាសាស្ត្ររបស់រដ្ឋបាលខេត្តព្រះសីហនុ។ លោកឡុង ឌីម៉ង់ បញ្ជាក់ថា ចំពោះការផ្គត់ផ្គង់ទឹក ប្រសិនបើទៅថ្ងៃមុខចំនួនមនុស្សមានការកើនឡើងរហូតដល់ ១ លាននាក់ឡើងទៅនោះ ខេត្តនឹងមានការគិតគូរបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហានេះឱ្យបានទាន់ពេលវេលា។
អ្នកស្រី កុល បញ្ចពណ៌ អាជីវករលក់សាច់ជ្រូកនៅក្នុងផ្សារពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់ ២ ក្រុងព្រះសីហនុ និយាយថា ការរស់នៅបច្ចុប្បន្នមានភាពងាយស្រួល មិនលំបាកក្នុងការទិញទឹកសម្រាប់ស្តុកទុកឬត្រងទុកប្រើប្រាស់ដូចមុនទៀតទេ។ អ្នកស្រីបន្តថា ការមានទឹកសាបស្អាតប្រើប្រាស់គ្រប់គ្រាន់បានអំណោយផលដល់ការរស់នៅមានផាសុកភាព ហើយការប្រកបរបរអាជីវកម្មនិងការងារផ្សេងៗក៏បានដោយរលូនផងដែរ។
អ្នកស្រី បានលើកឡើងថា ពេលខ្វះទឹកប្រើប្រាស់មិនត្រឹមតែលំបាកក្នុងការសម្អាតខ្លួនប្រាណ សម្លៀកបំពាក់ ការដាំស្លប៉ុណ្ណោះទេគឺថែមទាំងខាតបង់ប្រាក់កាសមួយចំនួនក្នុងការចំណាយទិញទឹកស្តុកទុក ដែលជាហេតុប៉ះពាល់ដល់ជីវភាពមួយផ្នែកទៀតផង។
អ្នកស្រីបានថ្លែងថា៖ «ក្នុងការប្រើប្រាស់ទឹក ឥឡូវយើងមានទឹកសម្បូរហូរហៀរចំពោះការប្រកបរបររកស៊ីរឿងទឹក រឿងអីអត់បញ្ហាទេ បើកាលពីមុនអត់ទេ លំបាកណាស់ ទាល់តែយើងទិញទឹកគេមកប្រើនិយាយរួមទៅវេទនាខ្លាំងបើយើងអត់ទិញទឹកទេ យើងអត់មានអីប្រើ»។
អ្នកស្រី ចាន់ ដាលីន ជាអ្នកលក់បាយ ម្ហូបនៅក្បែរផ្សាលើក្រុងព្រះសីហនុបាននិយាយថា៖«ការលក់ដូររបស់ខ្ញុំលែងមានបញ្ហារាំងស្ទះ ដោយសារការខ្វះទឹកទៀតហើយ ឥឡូវយើងមានទឹកគ្រប់គ្រាន់ បើកប្រើពេលណាមានពេលហ្នឹង»។
អ្នកស្រីរំឭកថា កាលពីក្នុងអំឡុងឆ្នាំ ២០១៨-២០១៩ ជាពេលវេលាមួយដ៏លំបាក ដោយសារគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ធ្វើឱ្យការលាងសម្អាតបន្លែត្រីសាច់មិនបានល្អ ការប្រើទឹកនាពេលនោះ ត្រូវសន្សំសំចៃ ព្រោះការទិញទឹកពេលខ្លះគេអាចដឹកមកទាន់ពេល តែពេលខ្លះក៏យឺតពេល ដោយសារអ្នកលក់ត្រូវដឹកបំពេញតម្រូវអ្នកផ្សេងៗទៀត។
អ្នកស្រី បានលើកឡើងថាកាលនោះអ្នកស្រីមានការអាក់អន់ស្រពន់ចិត្តជាខ្លាំងចំពោះការសម្រេចអភិវឌ្ឍក្នុងខេត្តដោយមិនបានត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការរក្សាស្ថិរភាពនៃការផ្តល់ទឹកប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ។
អ្នកស្រីបានថ្លែងថា៖ «កាលហ្នឹងអ្វីក៏ខ្ញុំមិនចង់បានដែរ ខ្ញុំចង់ឱ្យតែមានទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់បានហើយ តែមកដល់ពេលឥឡូវវិញគឺ ការរៀបចំបានល្អស្អាត ទាក់ទាញទេសចរអ៊ីចឹង ខ្ញុំក៏សប្បាយចិត្តដែរ ព្រោះការលក់ដូរបានរាល់ថ្ងៃ»។
លោក ផែន ស្រស់ អ្នកប្រកបរបរបោកអ៊ុតសម្លៀកបំពាក់នៅក្នុងសង្កាត់លេខ ២ ក្រុងព្រះសីហនុ និយាយដែរថា ការខ្វះទឹកប្រើប្រាស់លែងជាបញ្ហាសម្រាប់ការប្រកបរបរបោកអ៊ុតរបស់លោកហើយ ដោយបច្ចុប្បន្នលោកអាចធ្វើការបោកសម្អាតសម្លៀកបំពាក់រាប់សិបកំប្លេនិងរាប់សិបគីឡូផងដែរ។
លោកប្រាប់ថា នៅពេលមានបញ្ហាខ្វះទឹកប្រើប្រាស់ក្នុងក្រុងព្រះសីហនុពិតជាមានការលំបាក ប៉ុន្តែការអភិវឌ្ឍជារឿងចាំបាច់និងសំខាន់ ការអភិវឌ្ឍធ្វើឱ្យមានការប៉ះពាល់តិចតួច និងមានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែផលដែលទទួលបានមកវិញ គឺភាពស្រស់ស្អាត រីកចម្រើន អំណោយផលដល់ការធ្វើការងារផ្សេងៗ ជាពិសេសអាចទាក់ទាញភ្ញៀវទេសចរចូលមកលេងកម្សាន្តក្នុងខេត្តទៀតផង។
លោកបានថ្លែងថា៖ «កាលពីខ្វះខាតទឹក ខ្ញុំក៏ពិបាក បងប្អូនផ្សេងទៀតក៏ពិបាក គ្មានអ្នកណាស្រួលទេ ប៉ុន្តែចំពោះខ្ញុំ គឺគាំទ្រការអភិវឌ្ឍ ព្រោះមិនដែលគេអភិវឌ្ឍទៅនាំឱ្យយើងមានការលំបាក ១ ជីវិតនោះទេ ឥឡូវដល់កន្លងផុតទៅតែប៉ុន្មានឆ្នាំក៏ស្រួលវិញមែន ឥឡូវអ្នកខ្លះមិនទាំងចាំថា ធ្លាប់លំបាកផង នេះព្រោះការលំបាកតិច តែផ្តល់ផលមកវិញច្រើន»។
លោកសោម សាវ៉ាត ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រះសីហនុបានឱ្យដឹងថា ការមានទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់មិនមែនមានតែការយកទឹកពីតំបន់ក្បាលឆាយដែលរាជរដ្ឋាភិបាលបង្កើតជាតំបន់ប្រើប្រាស់ច្រើនយ៉ាងនោះទេ តែបន្ថែមពីនេះ ការផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់បែបនេះ ក៏ដោយសារការពង្រីកប្រភពស្តុកទឹកនៅតាមមូលដ្ឋានស្រុក ដែលតម្រូវឱ្យមានជាអាងនិងទំនប់បន្ថែមផងដែរ។
លោកបានបញ្ជាក់ថា៖«កាលពីមុន វាមានការខ្វះខាតទឹកដោយសារប្រភពទឹកយើងអត់ទាន់បានពង្រីកបន្ថែម តែឥឡូវយើងពង្រីកបានគ្រប់គ្រាន់អស់ហើយមិនមានការខ្វះទៀតទេ។ទឹកនៅតំបន់ក្បាលឆាយសម្រាប់ ១ ផ្នែកនៃការផ្គត់ផ្គង់ទឹក ប៉ុន្តែនៅតាមស្រុកគឺមានជាអាងស្តុកទឹក និងមានជាទំនប់ទឹក ស្រះទឹកផ្សេងៗទៀត អ៊ីចឹងបានយើងមានទឹកគ្រប់គ្រាន់ទៅនៅគ្រប់កន្លែង»៕