ភ្នំពេញៈ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (IRIC) នៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងវិទ្យាស្ថានសិក្សាប្រទេសចិន និងអាស៊ីសហសម័យ (ICCA) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី (ICCA-RAS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរៀបចំគម្រោងសរសេរសៀវភៅរួមគ្នាស្តីពី «ទំនាក់ទំនងកម្ពុជា-រុស្ស៊ី៖ អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល»។
លោក គិន ភា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា រវាងលោក និងលោក វ្ល៉ាឌីមៀ ម៉ាហ្សីរិន (Vladimir Mazyrin) ប្រធានមជ្ឈមណ្ឌលសិក្សាវៀតណាមនិងអាស៊ាន នៃវិទ្យាស្ថានសិក្សាប្រទេសចិននិងអាស៊ីសហសម័យ (ICCA) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី (ICCA-RAS) បន្ទាប់ពីមានជំនួបពិភាក្សានៃភាគីទាំង២រួចមក។
លោកបានឱ្យដឹងថា បន្ទាប់ពីជំនួបពិភាក្សារួចមក ភាគីទាំង២បានឈានដល់ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នេះ ដែលជាកិច្ចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការ ភាគីទាំង២បានឯកភាពថានឹងរៀបចំគម្រោងសរសេរសៀវភៅរួមគ្នា ស្តីពី «ទំនាក់ទំនងកម្ពុជារុស្ស៊ី៖ អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល»។
លោក គិន ភា ថ្លែងថា៖ «ក្នុងវិស័យសិក្សាស្រាវជ្រាវរវាងប្រទេសកម្ពុជា និងប្រទេសរុស្ស៊ីរាជបណ្ឌិត្យសភាកម្ពុជា មានទំនាក់ទំនង និងធ្លាប់បានចុះ MoU រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីដែលតាមរយៈអនុស្សរណៈនោះយើងបានមានទំនាក់ទំនងមួយចំនួនដូចជាផ្លាស់ប្តូរអ្នកស្រាវជ្រាវ ការអញ្ជើញវាគ្មិនរបស់កម្ពុជាទៅកាន់ប្រទេសរុស្ស៊ី និងការអញ្ជើញវាគ្មិនរុស្ស៊ីមកកាន់កម្ពុជាជាដើម»។
លោកបានបន្តថា៖«នេះគឺជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងបណ្ឌិតវិទ្យាសាស្ត្ររុស្ស៊ី។ និយាយដោយឡែកទំនាក់ទំនង រវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជារបស់ខ្ញុំ ជាមួយវិទ្យាស្ថានសិក្សាប្រទេសចិននិងអាស៊ីសហសម័យ (ICCA) នេះ គឺយើងបានចាប់ផ្តើមចុះ MoU ជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការ លើវិស័យសិក្សាស្រាវជ្រាវរវាងវិទ្យាស្ថានទាំង២»។
លោក គិន ភា ថ្លែងថា វិទ្យាស្ថានទាំង២នេះចង់ឱ្យមានការចុះកិច្ចព្រមព្រៀង និងចុះអនុស្សរណៈយោគយល់គ្នានៅក្នុងដំណាក់កាលនៃការរីករាលនៃជំងឺកូវីដ១៩ ប៉ុន្តែក្នុងអំឡុងពេលនោះ មិនអាចធ្វើបាន ទើបតែកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះភាគីទាំង២បានចុះហត្ថលេខានេះ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការផ្តោតលើការសិក្សាស្រាវជ្រាវរួមគ្នា ការរៀបចំវេទិកាវិទ្យាសាស្ត្ររួមគ្នា ការបោះពុម្ពផ្សាយរួមគ្នា និងការផ្លាស់ប្តូរឯកសារតាមរយៈការស្រាវជ្រាវ រួមគ្នារវាងស្ថាប័នទាំង២។
លោក គិន ភា ថ្លែងថា៖«ក្នុងកិច្ចពិភាក្សារបស់ខ្ញុំជាមួយសមភាគីរុស្ស៊ីកាលពីថ្ងៃទី ៦ គឺយើងបានឯកភាពគ្នាដើម្បីរៀបចំសរសេរសៀវភៅទំនាក់ទំនងកម្ពុជា-រុស្ស៊ី ពីអតីតកាល បច្ចុប្បន្ន និងអនាគត។ ខ្ញុំគិតថា គម្រោងនេះសំខាន់ វាអាចផ្តល់នូវឯកសារដែលមានលក្ខណៈវិទ្យាសាស្ត្រសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំង២និងអ្នកសិក្សាស្រាវជ្រាវ ទាំងនៅក្នុងប្រទេសកម្ពុជា ប្រទេសរុស្ស៊ី ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវនៅក្នុងតំបន់ និងពិភពលោក ស្វែងយល់ឱ្យស៊ីជម្រៅនៃទំនាក់ទំនងនៃប្រទេសទាំង២ផងដែរ»។
លោកបន្ថែមទៀតថា៖«យើងធ្វើការឆ្លុះបញ្ចាំងនូវអ្វីដែលបានកើតឡើងពីអតីតកាល … បច្ចុប្បន្ននេះបានមកដល់ទីតាំងណាហើយ ហើយទៅអនាគត ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីនៅតែរក្សាបាននូវភាពរឹងមាំងល្អ..ឬយ៉ាងណា? ហើយនៅមានអ្វីដែលជាឧបសគ្គ និងដំណោះស្រាយ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២»។
លោក គិន ភា ថ្លែងថា សៀវភៅដែលគ្រោងសរសេររួមគ្នាននេះ មានសារៈសំខាន់ ខណៈភាគីទាំង២មានការប្តេជ្ញាចិត្តជំរុញឱ្យមានការបោះពុម្ពឱ្យបាននៅក្នុងរយៈពេល ៣ ឆ្នាំខាងមុខដើម្បីឱ្យក្លាយទៅជាវិទ្យាសាស្ត្រ១ដែលកើតចេញពីស្នាដៃរួមគ្នា រវាងស្ថាប័នទាំង២ និងជានិមិត្តរូបនៃចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យសិក្សាស្រាវជ្រាវ និងវិទ្យាសាស្ត្រ រវាប្រទេសទាំង២ និងស្ថាប័នទាំង២ផងដែរ។
លោក ថ្លែងដោយក្ដីសង្ឃឹមផងដែរថា ក្រៅពីគម្រោងបោះពុម្ពផ្សាយសៀវភៅរួមគ្នានេះហើយភាគីទាំង២ក៏នឹងមានការផ្លាស់ប្តូរអ្នកសិក្សាស្រាវជ្រាវរវាងស្ថាប័នទាំង២បន្ថែមទៀតនៅពេលអនាគត ស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលនិងស្របតាមថវិកាដែលស្ថាប័នទាំង២មានផងដែរ។ ជាមួយគ្នានេះភាគីទាំង២អាចនឹងពិនិត្យលទ្ធភាពឈានទៅរៀបចំវេទិកាវិទ្យាសាស្ត្ររវាងស្ថាប័នទាំង២នៅពេលអនាគតទៀតផងដែរ៕