ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពនិងអង្គភាព និងការបោសសម្អាតមីននៅកម្ពុជា។
លោកបង្ហាញការគាំទ្របែបនេះក្នុងជំនួបជាមួយ លោក លី ឈីវមីង (Li Qiaoming) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នាថ្ងៃទី៨ ខែវិច្ឆិកា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលលោកកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ក្នុងជំនួបនេះ លោក ហ៊ុន ម៉ាណែត បានថ្លែងពីការរីកចម្រើននៃទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំង២ ក្នុងរយៈកាលកន្លងមកនេះ ជាពិសេស ការសម្រេចបាននូវការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីខែមីនា ឆ្នាំ២០២២ ក្នុងពេលដែលលោកនៅបំពេញមុខងារជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
ប្រព័ន្ធផ្សព្វផ្សាយសង្គមលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំង២ ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា»។
ប្រព័ន្ធផ្សព្វផ្សាយដដែលបន្តថា ក្នុងជំនួបនេះលោក លី ឈីវមីង បានគូសបញ្ជាក់អំពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ដែលលោកអះអាងថា ជាទំនាក់ទំនងបែបប្រវត្តិសាស្ត្រ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំង២តែងបានខិតខំពូនជ្រំជាប់ជាប្រចាំ រហូតមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលជាច្រើន ដូចជា កិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យការពារជាតិ, គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ, ច្រករបៀងមច្ឆា និងអង្ករជាដើម។
ប្រព័ន្ធផ្សព្វផ្សាយសង្គមដដែលលើកឡើងថា លោក លី ឈីវមីង ក៏បាន «បង្ហាញនូវក្តីជឿជាក់ថា» ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២នឹងត្រូវបានលើកកម្ពស់រឹងមាំបន្ថែមទៀត ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ហើយប្រទេសកម្ពុជា ក៏នឹងកាន់តែមានភាពរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខទៀត។
កាលពីខែមីនា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជានាពេលនោះ និង លោក លីវ ចេន លី (Liu Zhen Li) អតីតមេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិនបានចុះហត្ថលេខារួមគ្នាតាមប្រព័ន្ធអនឡាញលើMoUស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំង ២ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជិតស្និទ្ធយូរអង្វែងរវាងកងទ័ពជើងគោកទាំង ២ ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។
នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាពេលនោះថា៖ «ឯកសារនេះគឺជាមូលដ្ឋានមួយដ៏សំខាន់នៅក្នុងការត្រួសត្រាយផ្លូវ ដើម្បីឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត ហើយព្រឹត្តិការណ៍នេះ អាចចាត់ទុកថា ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី១ទៀតនៃកិច្ចទំនាក់ទំនងរវាងកងទ័ពជើងគោកទាំង២ ផងដែរ»៕