ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ថវិកាសរុបចំនួន ៣៤៨ ៩១៩ ដុល្លារអាមេរិក ដែលជាជំនួយឥតសំណង សម្រាប់វិស័យអប់រំ និងទឹកស្អាត ដល់ខេត្តចំនួន ៣ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ធំ និងខេត្តមណ្ឌលគិរី ក្រោមគ្រោងការសហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុន ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី ៨ ខែវិច្ឆិកា បានឱ្យដឹងថា ថវិកាចំនួន ៩២ ៤២៥ ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាស្រែកិន ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលស្ថាប័នទទួលជំនួយគឺមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ។
ចំណែក ថវិកាចំនួន ១០០ ៣៤៤ ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាឫស្សីដូច ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ជាអ្នកទទួលជំនួយនេះ។ ចំណែក ថវិកាចំនួន ១៥៦ ១៥០ ដុល្លារអាមេរិក សម្រាប់គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលខាងរដ្ឋាករទឹកមណ្ឌលគិរីជាអ្នកទទួលជំនួយ។
ក្នុងពិធីចុះហត្ថលេខានាស្ថានទូតជប៉ុនលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា នៅក្នុងរយៈពេលជាង ៣០ ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានចូលរួមចំណែកក្នុងគម្រោងចំនួន ៦៨១ នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការជំនួយឥតសំណងគូសាណូណិ។
លោកមានប្រសាសន៍ថា ៖ «យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការ កែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។ ទោះយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា»។
លោកឯកអគ្គរាជទូតជប៉ុន បានថ្លែងបន្ថែមថា ជប៉ុន នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង ជំនួយគូសាណូណិផងដែរ។
លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានថ្លែងនាឱកាសនោះថា បច្ចុប្បន្ននេះ នៅសាលាបឋមសិក្សាស្រែកិន មានសិស្សកើនឡើងដល់ ១៤៩នាក់ (ស្រី ៨៦ នាក់) ចែកជា ៧ថ្នាក់ ហើយពុំមានបន្ទប់រៀនគ្រប់គ្រាន់សម្រាប់សិស្សានុសិស្សអង្គុយរៀនត្រឹមត្រូវទេ គឺរៀននៅនឹងរោងដោលដែលគ្មានលក្ខណៈស្តង់ដា។
ការខ្វះខាតបន្ទប់រៀននេះក៏ក្លាយជាបញ្ហាប្រឈមចម្បងចំពោះមុខក្នុងការប្រមូលសិស្សឱ្យចូលរៀន។ ដោយមើលឃើញពីការលំបាកនេះ ស្ថានទូតជប៉ុន បានផ្តល់ជំនួយឥតសំណងសម្រាប់សាងសង់អគារសិក្សាថ្មីមួយខ្នងដើម្បីដោះស្រាយការលំបាកនេះ។
លោក ថន ថារិន បញ្ជក់ថា ៖ «នេះជាសក្ខីភាពបញ្ជាក់ឱ្យឃើញច្បាស់នូវមនោសញ្ចេតនា ការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះប្រជាជនកម្ពុជា ជាពិសេសចំពោះប្អូនៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាស្រែកិននេះ»។
លោកក៏បានបញ្ជាក់ថា ជំនួយឥតសំណងគូសាណូណិនេះ គឺសម្រាប់សាងសង់អគារសិក្សា ១ខ្នង ស្មើ ៥បន្ទប់, បន្ទប់ទឹក ១ខ្នង ស្មើ ៣បន្ទប់, ស៊ីទែនទឹកចំណុះ២ ០០០លីត្រ និងកន្លែងលាងសម្អាតដៃ នៅសាលាបឋមសិក្សាស្រែកិននេះ។
ចំណែកលោក តាន់ ប៊ុនហុង ប្រធាមមន្ទីរអប់រំ ខេត្តកំពង់ធំក៏បានប្រាប់ឱ្យដឹងដែរថា ការផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) សម្រាប់ការសាងសង់អគារសិក្សា ១ខ្នងមាន៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារិម កន្លែងលាងដៃ ចំនួន១, ស៊ីទែនទឹកចំណុះ ២ ០០០ លីត្រ ចំនួន១ សម្រាប់ផ្តល់ឱ្យសាលាបឋមសិក្សាឫស្សីដូច។
លោកបានបញ្ជាក់ថា៖«សាលាបឋមសិក្សាឫស្សីដូច ជាសាលាដែលខ្វះបន្ទប់រៀនយ៉ាងខ្លាំង ដោយសារអគារឈើ១ខ្នង មានចំនួន ៤ បន្ទប់ សាងសង់ក្នុងឆ្នាំ១៩៩៤ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ពុកផុយត្រូវបានបិទ មិនឱ្យបង្រៀនរយៈពេល៣ឆ្នាំមកហើយ។ បច្ចុប្បន្នសិស្សមួយចំនួន ត្រូវរៀននៅអគាររោងដោល និងបន្ទប់ផ្ទះបាយ។ មិនតែប៉ុណ្ណោះ សាលាក៏មិនមានកន្លែងលាងដៃ និងតុកៅអីសិក្សាគ្រាប់គ្រាន់ដែរ»។
ដោយឡែកលោក សូរ សុវណ្ណារិទ្ធ អគ្គនាយករដ្ឋាករទឹកមណ្ឌលគិរី បានឱ្យដឹងថា ពលរដ្ឋខេត្តមណ្ឌលគិរី ពិតជាអរគុណចំពោះប្រជាជននិងរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាល តែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាដោយឥតលក្ខខណ្ឌ ជាពិសេសក្នុងវិស័យទឹកស្អាត ដែលបានផ្ដល់ឱ្យប្រជាជនកម្ពុជារាប់សិបម៉ឺនគ្រួសារបានទទួលនូវសេវាទឹកស្អាតប្រើប្រាស់ប្រកបដោយនិរន្តរភាព និងបានរួមចំណែកយ៉ាងពិតប្រាកដក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងថា៖«ការជួយគាំទ្រទាំងនេះ ពិតជាមិនអាចកាត់ថ្លៃបាន ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូប តែងតែនៅចងចាំជានិច្ច។ ខ្ញុំក៏សូមជម្រាបជូនផងដែរថា នេះគឺជាលើកទី២ ហើយ ដែលប្រជាពលរដ្ឋក្រុងសែនមនោរម្យ បានទទួលនូវការគាំទ្រ របស់ជប៉ុនក្នុងវិស័យទឹកស្អាត»។
បើតាមអគ្គនាយករដ្ឋាករទឹកមណ្ឌលគិរី លើកទី១ គឺការទទួលបានហិរញ្ញប្បទានឥតសំណង ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតមានសមត្ថភាពផលិត ២ ០០០ ម៉ែត្រគុបក្នុង១ថ្ងៃ និងបានដាក់ឱ្យដំណើរការ នៅក្នុងឆ្នាំ២០១៦។ ការជួយគាំទ្រទាំងនេះបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍខេត្តមណ្ឌលគិរី យ៉ាងពិតប្រាកដ៕