ភ្នំពេញៈលោក​ស្រី ​Ann Marie SKELTON ប្រធាន​គណៈ​កម្មាធិ​ការ​សិទ្ធិ​កុមារ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិបាន​កោត​សរសើរ​ដល់​រដ្ឋា​ភិ​បាល​កម្ពុជា ​លើការ​​លើក​កម្ពស់​សិទ្ធិ​កុមារ​ សុខុមាល​ភាព​ប្រជា​ជន ​ក៏ដូចជា​កំណែ​ទម្រង់​វិមជ្ឈ​ការ និង​សហ​វិម​ជ្ឈ​ការ​សំដៅ​លើក​កម្ពស់​ប្រជា​ធិប​តេយ្យ​តាម​មូល​ដ្ឋាន​និង​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​។​

​ការ​កោត​សរសើរ​រប​ស់​មន្ត្រី​ជាន់​ខ្ពស់ UN នេះ​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ស្រី និង​លោក​ស សុ​ខា រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​រួមមាន​ទាំង​វ​ត្តមាន ​លោក Will Parks នាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់​អង្គ​ការ UNICEF ផង​ដែរ ​កាល​ពី​ថ្ងៃទី​៧ ​ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​យោងតា​ម​ហ្វេ​ស​ប៊ុក​ក្រសួង​មហា​ផ្ទៃ នៅក្នុង​ជំនួប​នោះ ​លោ​កស សុខា បាន​លើក​ឡើង​ពី​សារៈ​សំខាន់​ដែល UNICEF​ បាន​ជួយ​លើក​កម្ពស់​សេវា​សង្គម​នៅ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ ​សុខុមាល​ភាព​ប្រជា​ជន កិច្ច​ការពារ​កុមារ ដែល​កំពុង​អនុវត្ត​ជាមួយ​ក្រសួង​មហា​ផ្ទៃ​។ លោក​ថា កិច្ច​ការ​ទាំង​នេះ ស្រប​តាម​មុំ​ទី​៣ នៃ​យុទ្ធ​សាស្ត្រ​ទី​១ នៃ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​របស់​រដ្ឋាភិ​បាល​អាណ​ត្តិ​ទី​៧​។​

​លោក​បាន​ថ្លែង​ថា​​៖ «​រាជ​រដ្ឋា​ភិបា​លនិង​ក្រសួ​ងមហា​ផ្ទៃ តែ​ងតែ​យក​ចិត្ត​ទុកដា​ក់​ខិតខំ​ប្រឹង​ប្រែង​អនុវត្ត​សន្ធិ​សញ្ញា​របស់​អង្គកា​រ​សហប្រ​ជាជាតិ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កុមារ ក្នុង​គោលបំ​ណង​គាំពារ ​និង​លើក​កម្ពស់​សិទ្ធិ​កុមារ តាម​រយៈ​គោលនយោបា​​យ​ជាតិនិង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ផ្សេងៗក៏​ដូចជា​កិច្ចស​ហការ​​ភាពជា​ដៃគូ​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​នានា​»​។

​បន្ថែម​ពី​នេះ ​លោក​ស សុខា ​ក៏បាន​ស្នើ​ UNICEF ជួយ​កម្ពុជា​បន្ថែ​មទៀត ជា​ពិសេស​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ក្រសួង​មហា​ផ្ទៃលើ​ការលើក​កម្ពស់​សុខុ​មាល​ភាព​ប្រជាជន​កម្ពុជា ​រួមទាំង​កុមារ​ដែល​កំពុង​រង​គ្រោះ​,​ការ

ប្រ​ឆាំង​ការ​ជួញ​ដូរ​កុមារ​, កសាង​សមត្ថ​ភាព​មន្ត្រី​ជំនាញ​កម្ពុជា​តាម​រយៈ​កា​រប​ណ្ដុះ​បណ្តាល​នានា ​ដែល ​UNICEF កំពុង​ធ្វើ​ជាមួយ​ក្រសួង​មហា​ផ្ទៃ​ស្រាប់​ជា​ដើម​។​

​បើ​តាម​ប្រភព​ដ​ដែល​ លោក​ស្រី Ann Marie SKELTON ក៏បាន​កោតស​រ​សើរ​រ​បស់​រដ្ឋា​ភិបាល​និង​ក្រសួង​មហា​ផ្ទៃលើ​កិច្ច​ខិតខំ​លើក​កម្ពស់​ការ​គាំពារ​កុមារ និង​ការ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កំណែ​ទម្រង់​វិមជ្ឈ​ការ និង​វិសហ​មជ្ឈ​ការ ហើយ​លោក​ស្រី​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ដល់​រដ្ឋាភិ​បាល​កម្ពុជា​ឱ្យខិត​ខំប្រឹង​ប្រែង​​បន្ត​ទៀត​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អង្គ​ការ ​UNICEF នៅ​ថ្ងៃទី​៨ ​ខែវិច្ឆិកា​ ស្តីពីប្រធាន​គណៈ​កម្មាធិ​ការ​សិទ្ធិ​កុមារ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ(UNCRC) បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​២​ថ្ងៃ​នៅ​កម្ពុជា ​ដើម្បី​តស៊ូ​មតិ​សម្រាប់​ការ​អនុវត្ត​អនុ​សាសន៍​របស់ខ្លួ​នដែល​បាន​ធ្វើឡើង​កាលពី​ឆ្នាំ​២០២២ ក្នុ​ង​គោលបំ​ណង​លើកក​ម្ពស់​សុខុ​មាល​ភាព​កុមារ ​និង​យុវជ​ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​លើក​ឡើង​ថា ​នៅក្នុង​កិច្ច​ពិភាក្សា​ទាំង​នោះ​អ្នក​ជំនាញ​ទាំង​២​រូប​បានទ​ទួល​ស្គាល់​សមិទ្ធ​ផល​ដែល​សម្រេច​បាន​ដោយ​រាជរដ្ឋាភិ​បា​ល​កម្ពុជា​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២៣ ក្នុង​កិច្ច​ការពារ​ និង​បំពេញ​សិទ្ធិ​កុមារ​ ហើយក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​ចំណុច​នានា​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​។​

​ជា​មួយ​គ្នានោះ​ លោក​​ស្រី​ Ann Marie SKELTON​បាន​ថ្លែង​អំ​ណរ​គុណ​ដល់​រាជរដ្ឋា​ភិបា​ល​កម្ពុជា ​និង​គ្រ​ប់ភា​គី​ពាក់ព័ន្ធ​ទាំង​អស់ ​សម្រាប់​ការ​ទទួល​ស្វាគម​ន៍ និង​ការ​ផ្លាស់​ប្តូរ​យោ​បល់​ប្រកប​ដោយផ្លែផ្កា​នៅក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ​។

​លោក​ស្រី​បាន​បញ្ជាក់​ថា៖«​ប្រទេស​កម្ពុជា​បានស​ម្រេច​​វឌ្ឍន​ភាព​គួរឱ្យ​កត់​សម្គាល់​ក្នុងកា​រ​អនុវត្ត​អនុ​សញ្ញា​ស្តីពី​សិទ្ធិ​កុមារ​។ យើង​សង្ឃឹម​ថា ​​រាជរ​ដ្ឋាភិបា​ល​នឹង​ធានា​លើការ​អនុ​ម័ត​ច្បាប់​ស្ដីពី​កិច្ច​ការពារ​កុមារ និង​ការ​អនុវត្ត​ច្បាប់​នេះ​»​។

​លោកស្រី​បាន​បន្ត​ថា៖«​យើងក៏​សូម​លើក​ទឹក​ចិត្ត​ដល់​រាជរ​ដ្ឋាភិបាល​​ក្នុងការ​បំពេញ​ការប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ទាក់​ទង​នឹង​សិទ្ធិ​កុមារដោយ​អនុម័ត​ពិធីសារ​បន្ថែម​ទី​៣​នៃ​អនុស​ញ្ញា​ស្ដីពី​សិទ្ធិ​កុមារដែល​បង្កើត​យន្តការ​ជាតិដើម្បី​អនុញ្ញាត​ឱ្យ​កុមារ​អាច​ស្វែង​រក​សំណង​ពី​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​របស់​ពួកគេ​ ហើយ​នៅ​ពេល​ប្រព័ន្ធ​ច្បាប់​របស់​ពួក​គេ​មិន​អាច​ផ្តល់​ដំណោះ​ស្រាយ​ឱ្យ​បាន​»​។​

​អ្នក​ជំនាញ​ទាំង​២រូប​ក៏បាន​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​កា​រហាម​ប្រាម​ការដាក់​ទណ្ឌក​ម្ម​លើ​រាង​កាយ​នៅ​គ្រប់​បរិបទ​ទាំងអ​ស់ និង​ការ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​។​

​ចំណែក​លោក Will Parks ក៏បាន​ថ្លែងដែរ​ថា​៖ «​តា​មរយៈដំណើរ​ទស្សន​កិច្ច​នេះ ​សមាជិក​ទាំង២​នៃ​គណៈ​កម្មាធិ​ការ​សិទ្ធិ​កុមារ ​បានរួម​ចំណែក​ចែក​រំលែក​ចំណេះ​ដឹងនិង​ទស្សនៈ​ទាក់​ទង​នឹង​សិទ្ធិ​ដល់​កិច្ច​ខិតខំ​ប្រឹង

ប្រែ​ង​រប​ស់រាជ​រដ្ឋាភិ​បាល​ ក្នុងកា​រ​លើក​ស្ទួយ​សិទ្ធិ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

​លោកបាន​បន្ត​ថា​ អាជ្ញា​ធរ​ជាតិ​កំពុង​ធ្វើការ​ត្រឹម​ត្រូវ​ក្នុងការ​អនុវ​ត្តតាម​អនុ​សាសន៍​ភាគ​ច្រើនបំ​ផុតដែល​បាន​លើក​ឡើង​ដោយ​គណៈ​កម្មាធិកា​រ​សិទ្ធិ​កុមារ​កាល​ពី​ឆ្នាំ​២០២២​។

​លោក​បាន​បន្ថែម​ថា UNICEF បន្ត ប្តេជ្ញា​ចិត្ត​គាំទ្រ​រាជរដ្ឋាភិ​បាល​កម្ពុជា​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​សម្រេច​បាន​សិទ្ធិ​កុមារ​ និង​បង្កើត​អនា​គត​មួយដែល​កុមារ​ទាំង​អស់​អាច​ចម្រើន​លូត​លាស់​ រៀនសូត្រ​ លេង​កម្សាន្ត ​អភិវឌ្ឍ​ និង​រីក​ចម្រើន​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​នៅ​ក្នុង​គ្រួសារ ​និង​បរិស្ថាន​សហ​គមន៍​រប​ស់​ខ្លួន​។​

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ​លោក​ស៊ឺន​ សម ​អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​បាន​ថ្លែង​ថា បើតា​មការ​កត់​សម្គាល់ កន្លង​មក​រដ្ឋាភិ​បាល​កម្ពុជា​តែង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​សុខុ​មាលភា​ព ក៏ដូច​ជា​លើក​កម្ពស់​សិទ្ធិ​កុមា​រ។ ​តួយ៉ាង​ទៅ​លើ​វិស័យ​អប់រំ​ដែល​មាន​ភាពលេ​ច​ធ្លោ​ជាងគេ​ ប៉ុន្តែ​ទោះជា​យ៉ាងណា ​លោក​ថា នៅ​មាន​កម្រិត​ដែល​ទាមទារ​រដ្ឋាភិ​បាល​បង្កើន​ការ​យក​ចិត្ត​ដាក់​បន្ថែម ​ជាពិ​សេស​ទៅ​លើ​កុមារ​ងាយ​រង​គ្រោះ​។​

​លោក​លើក​ទឹក​ចិត្ត​ឱ្យ​រដ្ឋាភិ​បាល​ផ្តល់​ការ​សម្រប​សម្រួលនិ​ង​កិច្ច​សហ​ប្រតិប​ត្តិការ​ពេញលេ​ញ​ជា​មួយ​ដៃគូ​អន្ត​រជាតិ​ តួយ៉ាង​អង្គ​ការស​ហប្រជា​ជាតិ​ជាដើម ដើ​ម្បីឱ្យ​​អង្គការ​ទាំង​នោះ​មាន​លទ្ធភាព​ខ្ពស់​លើ​កិច្ចកា​រងារ​ពាក់​ព័ន្ធ​កុមារ​ បូករួម​ការបើក​បរិ​យា​កាស​ល្អ​ដល់​អង្គការ​ក្រៅរ​ដ្ឋាភិបាល​ក្នុង​ប្រទេស ដែល​ជា​ភារកិច្ច​របស់​ក្រសួង​មហា​ផ្ទៃ​ផ្ទាល់​។​

​សម្រាប់​លោក​ ស៊ឹង សែន​ករុណា ​អ្នក​នាំពាក្យ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដហុ​ក​វិញ ​បានថ្លែងថា បើតាមសង្កេត​ឃើញ​ថានៅមានកម្សោយ​លើ​គុណ​ភាព​ជាមួយ​វិស័យ​អប់រំ​ពាក់​ព័ន្ធ​កុមារ​នៅតាម​មូលដ្ឋា​នដែលមា​ន​អត្រា​បោះប​ង់​ការសិ​ក្សា​ច្រើន ​ដោយសារ​​វិបត្តិ​គ្រួសារ​ដែលចេញ​ពី​បញ្ហា​សេដ្ឋ​កិច្ច ខណៈ​សិទ្ធិ​ទទួ​លបាន​ការអ​ប់រំ​ជា​រឿង​អាទិភា​ព​។

​លោកបាន​បន្ថែម​ថា ជាការ​​កត់​សម្គា​ល់មួយទៀត​​ឃើ​ញថា​ បញ្ហា​ការ​បៀតបៀ​ន​​ពាក់ព័​ន្ធ​ការរំ​លោភបំ​ពាន​លើ​កុមារ ​ជាពិ​សេស​ពាក់​ព័ន្ធ​ការលេ​ចឡើ​ង​រូបភាព​ វីដេអូ​អាសអាភា​ស​របស់​កុមារ​នៅលើ​បណ្តាញ​សង្គមដែល​ទាម​ទារ​ឱ្យរដ្ឋាភិបា​ល​ធ្វើកា​រ​ជា​បន្ទាន់​​៕