ភ្នំពេញៈ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភចំពោះស្ថានការណ៍សង្គ្រាមនៅទឹកដីហ្គាហ្សា ដោយលោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធធ្វើការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល។
ការអំពាវនាវរបស់លោក ហ៊ុន សែន បានធ្វើឡើងតាមរយៈសំណេរនៅលើបណ្តាញតេឡេក្រាមរបស់លោកនៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលលោកសង្កត់ធ្ងន់ថា «បើគ្មានបទឈប់បាញ់ណាមួយនោះទេ តំបន់ហ្គាហ្សានឹងក្លាយទៅជាវាលពិឃាត និងជាកន្លែងកប់ខ្លោចធំជាងគេលើពិភពលោក»។
លោកក៏បានលើកឡើងទៀតថា កន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិផងដែរស្នើសុំឱ្យភាគីជម្លោះនៅតំបន់ហ្គាហ្សារកបទឈប់បាញ់មួយ ប៉ុន្តែបរាជ័យដោយហេតុមេដឹកនាំអ៊ីស្រាអែលលោក នេតាន់ យ៉ាហ៊ូ បដិសេធដោយតម្រូវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងជាមុនសិន។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន ខ្ញុំមើល ឃើញថា វាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ខ្មាំងដើម្បីដោះដូរជាមួយបទឈប់បាញ់»។
លោកក៏បានអំពាវនាវឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ ខិតខំសម្របសម្រួលស្វែងរកការចរចាដោយចាប់ចេញពីការដោះលែងចំណាប់ខ្មាំងពីក្រុមហាម៉ាស់ និងខសន្យារបស់នាយករដ្ឋ មន្ត្រីអ៊ីស្រាអែលថា ព្រមមានបទឈប់បាញ់បើមានការដោះលែងចំណាប់ខ្មាំង។ លោក ហ៊ុន សែន ក៏អំពាវនាវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងផងដែរ ដើម្បីប្រយោជន៍ពលរដ្ឋប៉ាឡេស្ទីន។
ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា សារអំពាវនាវរបស់លោក ហ៊ុន សែន មានលក្ខខណៈមុតស្រួចឆ្លើយតបទៅនឹងព្រឹត្តិការណ៍នៅហ្គាហ្សា ជាសារមានទម្ងន់ផ្នែកមនុស្សធម៌សម្រាប់ចៀសវាងសោកនាដកម្មសម្រាប់ពលរដ្ឋប៉ាឡេស្ទីននិងអ៊ីស្រាអែល។
លោក គិន ភា និយាយថា៖ «នេះជាសារតំណាងដល់ជនស៊ីវិលម្នាក់នៃប្រទេសដែលធ្លាប់រងសោកនាដកម្មដោយសារសង្គ្រាម ហើយចង់ឃើញពិភពលោកមានសន្តិភាព មានបទឈប់បាញ់ ដើម្បីសុខដុមនីយកម្មរបស់ពលរដ្ឋនានា មានអត្ថន័យជ្រៅខាងសីលធម៌ និងមនុស្សធម៌ជាជាងទម្ងន់នយោបាយដាក់សម្ពាធ»។
លោកបានបន្ថែមទៀតថា ពិភពលោកត្រូវតែប្រកៀកស្មាគ្នា ស្វែងរកកិច្ចចរចាតាមតែអាចធ្វើបានជាពិសេសច្រកចេញដែលលោក ហ៊ុន សែន បានរំលេចឡើង ពោលគឺការចង់បានរបស់ភាគីម្ខាងៗ និងការអាចស្រុះស្រួលគ្នាបាន។ បើទោះបីជាច្រកចេញនោះហាក់នៅជើងមេឃក្តី ខណៈវិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន ជាវិបត្តិរ៉ាំរ៉ៃ ដោយសារការមិនរួបរួមគ្នានៃសំឡេងអន្តរជាតិ ជាពិសេសការលូកដៃរបស់មហាអំណាច។ លោក គិន ភា ប្រដូចតំបន់ហ្គាហ្សាប្រៀបបានជាទីលានធ្វើតេស្តអាវុធយុទ្ធភ័ណ្ឌ។
សម្រាប់លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយយល់ថា សារអំពាវនាវរបស់លោក ហ៊ុន សែន មានតម្លៃក្នុងចរន្តអំណាចរបស់សហគមន៍អន្តរជាតិជាពិសេសអង្គការសហប្រជាជាតិដែលហាក់កំពុងគ្មានឥទ្ធិពលអ្វីសោះក្នុងសង្គ្រាមនៅហ្គាហ្សាសព្វថ្ងៃ ដោយសារការបែកបាក់សំឡេងរបស់ក្រុមប្រទេសមហាអំណាចតួយ៉ាងរុស្ស៊ី ចិន នៅប៉ូលម្ខាង សហរដ្ឋអាមេរិកនៅប៉ូលម្ខាងចំណែកអង់គ្លេសនិងបារាំង នៅប៉ូលម្ខាងទៀត ដែលធ្វើឱ្យមានភាពលំបាករកច្រកដោះស្រាយ។
លោកថ្លែងថា៖ «បញ្ហាសំខាន់នោះ គឺភាគីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលឈរលើគោលជំហរតាមកម្ទេចក្រុមភេរវករ ចំណែកម្ខាងទៀតគឺក្រុមហាម៉ាស់ ប៉ាឡេស្ទីន និងក្រុមសហគមន៍ប្រទេសអ៊ិស្លាមដែលគាំទ្រប៉ាឡេស្ទីន គឺគេយល់ថា អ៊ីស្រាអែលកំពុងធ្វើទុក្ខបុកម្នេញពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ បញ្ហាមួយទៀត អ៊ីស្រាអែលមិនគោរពគោលការណ៍អង្គការសហប្រជាជាតិ ក្នុងការសម្រេចបែងចែកទឹកដីរវាងខ្លួន និងប៉ាឡេស្ទីនកាលពីឆ្នាំ ១៩៤៨»។
លោកថា ទោះជាយ៉ាងណាសារអំពាវនាវរបស់លោក ហ៊ុន សែន នឹងមិនសូវមានទម្ងន់ប៉ុន្មានឡើយ ហើយកត្តាសំខាន់គឺភាគីជម្លោះទាំងសងខាងវិលទៅគោរពគោលការណ៍ចាស់ដែលដាក់ចេញដោយអង្គការសហប្រជាជាតិទើបជាច្រកដំណោះស្រាយសំខាន់។
ជាមួយគ្នានេះ លោក រ៉ូ វណ្ណៈ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយមួយរូប ក៏យល់ឃើញដែរថា សាររបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជានេះ គឺក្នុងនាមជាមនុស្សជាតិដែលកំពុងឃើញសោកនាដកម្មនៅតំបន់ហ្គាហ្សា ខណៈលោកក៏យល់ស្របគំនិតរបស់លោកហ៊ុន សែន ក្នុងវិធីសាស្ត្រចរចាបញ្ចប់ជម្លោះ ទោះបីមើលទៅលំបាកក្តី។
លោកថ្លែងបញ្ជាក់ថា៖ «នេះមិនមែនជាជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននោះទេវាពាក់ព័ន្ធជម្លោះនិងការប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាច និងមហាអំណាចតំបន់ ដូចជា អ៊ីរ៉ង់ អារ៉ាប៊ី សាអ៊ូឌីត តួកគី និងកាតាជាដើមដែលប្រទេសក្នុងតំបន់ទាំងនេះ មានមហិច្ឆតា និងឈាមជ័រជាចក្រពត្តិ»។
លោកបន្ថែមថា វិបត្តិនេះនឹងត្រូវអូសបន្លាយដោយសារអ៊ីស្រាអែលប្រកាន់ជំហរក្សាភាពគង់វង្សរបស់ខ្លួនដោយឈរលើការក្តោបក្តាប់និងគាបសង្កត់ប៉ាឡេស្ទីនមិនឱ្យងើបឡើងបាន ចំណែកប៉ាឡេស្ទីនវិញក៏ប្រកាន់ជំហរទាមទារវិញនូវបូរណភាពទឹកដីចាស់របស់ខ្លួន ក្នុងនាមជារដ្ឋអធិបតេយ្យភាពនិងសេរីភាព។ ជំហរទាំងនេះ ជាអរិភាពមួយ ចេះតែបន្តទៅមុខ បើសិនមហាអំណាចនៅបន្តកាន់ជើងភាគីម្ខាងៗរៀងៗខ្លួន។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនៅក្នុងវេទិកាដំណោះស្រាយរបស់អង្គការសហប្រជាជាតិ កម្ពុជានិងប្រទេសជាង ១០ ទៀត បានសម្រេចមិនបោះឆ្នោតលើដំណោះស្រាយមួយស្នើដោយហ្ស៊កដានី ស្ដីពីជម្លោះហាម៉ាស់អ៊ីស្រាអែលដែលចាត់ទុកជាបញ្ហាស្មុគស្មាញ និងផុយស្រួយ៕