ភ្នំពេញៈ ប្រទេសអូស្ដ្រាលី បានគាំទ្រមន្ត្រីកម្ពុជាពីក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន ២ រូប ទៅបំពេញទស្សនកិច្ចសិក្សា ដើម្បីទទួលយកបទពិសោធន៍ ពីការអនុវត្តន៍ល្អបំផុតរបស់ប្រទេសរីកចម្រើន ១ នេះ ក្នុងការងាររចនាផ្លូវថ្នល់។
ទស្សនកិច្ចសិក្សានេះ បានធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ីសបេន ប្រទេសអូស្ដ្រាលី រយៈពេល ៥ ថ្ងៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ៣ ខែវិច្ឆិកា ក្រោមការគាំទ្រដោយកម្មវិធីភាពជាដៃគូសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអូស្ត្រាលី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី ៧ ខែវិច្ឆិកា។
ការធ្វើដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃកិច្ចសហការរវាងទីភ្នាក់ងារដឹកជញ្ជូនអូស្ត្រាលីនិងនូវែលសេឡង់ ហៅថា Austroads និងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើបច្ចុប្បន្នភាពស្ដង់ដាបច្ចេកទេសផ្លូវ និងស្ពាននៅប្រទេសកម្ពុជា និងដើម្បីពង្រឹងសមត្ថភាពក្នុងការរចនានិងសាងសង់កម្រាលផ្លូវ។ ក្រោមការរៀបចំរបស់ Austroads ដែលជាទីភ្នាក់ងារដឹកជញ្ជូនរួមរបស់អូស្ដ្រាលី និងនូវែលសេឡង់ មន្ត្រីកម្ពុជា ២ រូបនេះ មានលោក យិត ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងលោក ហេង រត្នពិសិដ្ឋ អគ្គនាយកក្រសួងសាធារណការបានចូលរួមក្នុងកម្មវិធីមួយចំនួន រួមទាំងបានចូលរួមក្នុងសន្និសីទអន្តរជាតិរបស់សមាគមផ្លូវថ្នល់អូស្ដ្រាលី ផងដែរ។
ប្រភពដដែលបានបន្តថា មន្ត្រីកម្ពុជាបានចូលរួមសន្និសីទអន្តរជាតិក្រោមប្រធានបទ «ការត្រួសត្រាយផ្លូវទៅកាន់កាបូនសូន្យដោយសុវត្ថិភាព» ខណៈដែលសន្និសីទនេះ ផ្ដោតលើការធានាឱ្យបាននូវផ្លូវដែលត្រូវបានសាងសង់ប្រកបដោយនិរន្តរភាព និងភាពធន់ ដោយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន បម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់ពីព្រឹត្តិការណ៍អាកាសធាតុ។
ទន្ទឹមគ្នានោះដែរ ប្រតិភូកម្ពុជា ក៏បានភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញផ្លូវថ្នល់មកពីជុំវិញពិភពលោក ផងដែរ រួមទាំងខាងរាជរដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នសិក្សាស្រាវជ្រាវជាដើម។
លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ដ្រាលីប្រចាំកម្ពុជា បានលើកឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មាននេះថា ភាពជាដៃគូរវាងអូស្ដ្រាលី និងកម្ពុជា ទទួលស្គាល់ថា ផ្លូវដែលត្រូវបានរចនាយ៉ាងល្អប្រកបដោយបរិយាបន្ន និងភាពធន់ ជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ច ដែលតភ្ជាប់សហគមន៍ ព្រមទាំងជំរុញពាណិជ្ជកម្មនិងការអភិវឌ្ឍ។
លោកថា៖ «ការវិនិយោគលើការរចនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសមត្ថភាពរបស់ប្រទេសកម្ពុជា ជាមាគ៌ាមួយដើម្បីឈានទៅរកភាពរីកចម្រើន»។ លោក ចាស្ទីន វ៉ាយអេត បន្ថែមថា ចំពោះការសាងសង់ផ្លូវដែលបានរចនាឡើងយ៉ាងល្អ ក៏អាចទប់ទល់នឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុបានកាន់តែល្អផងដែរ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានឱ្យដឹងនៅថ្ងៃទី ៨ វិច្ឆិកាថា ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូកម្ពុជា បានចូលរួមសន្និសីទអន្តរជាតិ បានជួបជាមួយសមភាគីមកពីអាជ្ញាធរសាងសង់ឡើងវិញនៅរដ្ឋឃ្វីនលេន ហើយគណៈប្រតិភូក៏បានពិភាក្សាការងារពីការរចនាគម្រោង និងសាងសង់ផ្លូវថ្នល់ ព្រមទាំងបានទស្សនាកន្លែងធ្វើពិសោធន៍ផ្លូវថ្នល់ និងការដ្ឋានសាងសង់កែលម្អផ្លូវផងដែរ។
លោកថា៖ «ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាកត្តាជំរុញដ៏សំខាន់ដល់កំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជាហើយអូស្ត្រាលីក៏កំពុងវិនិយោគលើសមត្ថភាពក្នុងការរចនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជាដើម្បីគាំទ្រដល់កម្ពុជាឱ្យសម្រេចបាននូវតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់»៕