ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងឱ្យដឹងថា នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រសួងនឹងចុះអនុស្សរណៈយោគយល់ (MoU) ជាមួយតំណាងវិស័យឯកជនចំនួន ១៨ សមាគម ដើម្បីផ្ដល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្ស ដែលនឹងចូលរៀនវគ្គបណ្តុះបណ្តាលនៅពេលខាងមុខ។
តំណាងវិស័យឯកជនចំនួន ១៨ សមាគម រួមមានដូចជា៖ សភាពាណិជ្ជកម្មកម្ពុជា, សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA), សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, សមាគមអ្នកសាងសង់កម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, សមាគមទេសចរណ៍ សមាគមសណ្ឋាគារកម្ពុជា, សហព័ន្ធចុងភៅកម្ពជា, សមាគមភោជនីយដ្ឋានកម្ពុជា និងសមាគមសហគ្រិនស្ត្រីកម្ពុជា ជាដើម។
លោក ហេង សួរ បានលើកឡើងកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ពីខេត្តព្រះសីហនុថា ក្រសួងបានរៀបចំ និងធ្វើបច្ចុប្បន្នភាពកញ្ចប់សិក្សាផ្អែកលើសមត្ថភាពសម្រាប់មុខជំនាញទាំង ៣៨ ដែលមានម៉ូឌុល និងមេរៀនដែលផ្តោតខ្ពស់លើការធ្វើការងារតែម្ដង ក្នុងនោះមានម៉ូឌុល ជំនាញទន់ ដែលនឹងធ្វើឱ្យសិស្សសិក្ខាកាមចេះធ្វើការងារជាក្រុម ស្រឡាញ់ការងារ និងអាជីពរបស់ខ្លួន។
លោកបានបន្តថា ក្រសួងបានរៀបចំយន្តការ និងលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន តាមរយៈថ្នាល និងកម្មវិធីឌីជីថល សម្រាប់ការចុះឈ្មោះចូលរៀន ដែលផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ទំនើប និងមានប្រសិទ្ធភាពខ្ពស់ និងកំណត់មុខសញ្ញាអាទិភាព ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភនៅក្នុងអំឡុងពេលបណ្តុះបណ្តាលបានច្បាស់លាស់។
លោក ហេង សួរ ថ្លែងថា៖ «ក្រុមការងារក្រសួងបានបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈវេនយប់ និងវេនចុងសប្ដាហ៍ថ្ងៃសៅរ៍ និងអាទិត្យ ដែលអាចផ្តល់ជម្រើស និងភាពបត់បែនដល់បងប្អូនកម្មករនិយោជិត អាចចូលរៀនបាន»។
លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ថ្លែងនៅថ្ងៃទី ៨ ខែវិច្ឆិកាថា សមាគមលោកស្រីរីករាយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធាននៅកម្ពុជា ប្រកបដោយគុណភាព ដើម្បីបំពេញសេចក្តីត្រូវការនាពេលបច្ចុប្បន្ននេះ។
លោកស្រីថ្លែងថា៖ «យើងចង់រួមចំណែកធ្វើការងារនេះជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ឱកាសការងារ ឬការហាត់ការដល់យុវជនរបស់យើង ដើម្បីឱ្យគាត់ទទួលបានបំណិនជីវិតមួយ យកទៅប្រើប្រាស់ចិញ្ចឹមជីវិតបាន។ដូចដឹងស្រាប់ហើយ យើងរាល់ថ្ងៃនេះ មានការខ្វះខាតច្រើន លើធនធានមនុស្សជំនាញនេះ ដូច្នេះគោលដៅរបស់រាជរដ្ឋាភិបាលនេះ ពិតជាល្អខ្លាំងណាស់សម្រាប់ស្ថានភាពនាពេលបច្ចុប្បន្ន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ៧ ខែវិច្ឆិកា បានថ្លែងថា ឈរលើមូលដ្ឋាននៃការគិតគូរអំពីអត្ថប្រយោជន៍ និងការយកចិត្តទុកដាក់ដល់ប្រជាជនជាអាទិភាព រាជរដ្ឋាភិបាលបានចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន។
លោកបានថ្លែងថា៖ «ដើម្បីបង្កើតផលប្រយោជន៍ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតជូនប្រជាពលរដ្ឋ ចាំបាច់ត្រូវធានាឱ្យបាននូវកត្តា ៣ យ៉ាង គឺ៖កត្តាសុខសន្តិភាពស្ថិរភាព, កត្តាគោលនយោបាយត្រឹមត្រូវ ដូចជា គោលនយោបាយបញ្ចប់សង្គ្រាម គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូតល្អ, និងកត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងធនធានមនុស្ស»។
លោក ហ៊ុន ម៉ាណែត បានបន្តថា៖ «ដូចនេះ យើងទាំងអស់គ្នា ត្រូវបន្តរួមគ្នា ខិតខំថែរក្សាសមិទ្ធផលជំនាន់មុនឱ្យបានល្អ និងខិតខំបង្កើតថ្មីឱ្យកាន់តែប្រសើរ ហើយបន្តកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយៗទៀត»។
កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងកម្មករនិយោជិតចំនួនប្រមាណ ១,៥ លាននាក់នេះ នឹងដាក់ឱ្យដំណើរការនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នឹងប្រកាសដាក់ឱ្យអនុវត្តរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.ផងដែរ៕