អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធសិទ្ធិការងារ និងលើកកម្ពស់ស្រ្តី នឹងរៀបចំព្រឹត្តិការណ៍ពិសេស ក្រោមប្រធានបទ «ពាក្យពេចន៍មានសារៈសំខាន់» នៅចុងខែវិច្ឆិកានេះ ដើម្បីលើកកម្ពស់ការរាយការណ៍ប្រកបដោយទទួលខុសត្រូវជុំវិញពលករទេសន្តរប្រវេសន៍ជាស្រ្តី។
ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ២ដល់ម៉ោង ៥ ល្ងាច នៅទីតាំង Raintree Phnom Penh នៅក្នុងកម្មវិធីសុវត្ថិភាព និងយុត្តិធម៌ (SAF)។
កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ ត្រូវបានអនុវត្តដោយអង្គការអន្តរជាតិខាងការងារ (ILO) និងទីភ្នាក់ងារសហប្រជាជាតិដើម្បីសមភាពយេនឌ័រ និងការលើកស្ទួយភាពអង់អាចរបស់ស្ត្រី (UN Women) ដែលដឹកនាំដោយការិយាល័យ ILO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ នេះបើតាមសេចក្តីប្រកាសរួមនៃអង្គការខាងលើ។
សេចក្តីប្រកាសបន្តថា៖«កម្មវិធីសុវត្ថិភាពនិងយុត្តិធម៌ សូមគោរពអញ្ជើញលោកអ្នក ចូលរួមក្នុងកម្មវិធី ពាក្យពេចន៍មានសារៈសំខាន់៖ ការសម្ពោធ កម្រងសទ្ទានុក្រមវាក្យសព្ទ ស្ដីអំពីទេសន្តរប្រវេសន៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ផ្តោតលើពលករទេសន្តរប្រវេសន៍ជាស្ត្រី និងការបញ្ឈប់អំពើហិង្សាលើស្ត្រី»។
ស្របពេលជាមួយនឹងយុទ្ធនាការ ១៦ ថ្ងៃ ប្រឆាំងអំពើហិង្សាលើស្រ្តី និងក្មេងស្រី កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ ប្រចាំនៅកម្ពុជា នឹងរៀបចំកម្មវិធីមួយសម្រាប់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នពាក់ព័ន្ធនានា។
ប្រភពដដែលបញ្ជាក់ថា៖«កម្មវិធីនេះ គឺជាការសម្ពោធ សទ្ទានុក្រមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរ ដែលលើកកម្ពស់ការរាយការណ៍ប្រកបដោយការទទួលខុសត្រូវ ទៅលើការធ្វើទេសន្តរប្រវេសន៍ និងអំពើហិង្សាប្រឆាំងនឹងពលករទេសន្តរប្រវេសន៍ជាស្ត្រី ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃភាសាដែលមានការគិតគូរអំពីយេនឌ័រ»។
កម្មវិធីនេះ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកមានវិជ្ជាជីវៈនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ រួមមានអ្នកសារព័ត៌មាន អ្នកនិពន្ធ អ្នករាយការណ៍ព័ត៌មាន អ្នកផលិតព័ត៌មាន អ្នកបង្កើតប្លុក អ្នកស្រាវជ្រាវ និងស្ថាប័ន សង្គមស៊ីវិល នានា។ កម្មវិធីនេះនឹងមានកិច្ចពិភាក្សាស្តីពីការរាយការណ៍លើប្រធានបទ ដែលនិយាយអំពីទេសន្តរប្រវេសន៍ការងារការជម្នះបទដ្ឋានសង្គមនិងផ្នត់គំនិតរើសអើង នឹងពង្រឹងភាពអង់អាចដល់ពលករជាស្ត្រី។
គួរជម្រាបថា កម្មវិធីសុវត្ថិភាពនិងយុត្តិធម៌ បានសម្រេចសិទ្ធិ និងឱកាសរបស់ពលករទេសន្តរប្រវេសន៍ជាស្ត្រី នៅក្នុងតំបន់អាស៊ាន (២០១៨-២០២៣)។ កម្មវិធីនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមប្រទីបបំភ្លឺផ្លូវ ដែលជាគំនិតផ្ដួចផ្ដើមសកលរួមគ្នារបស់អង្គការសហប្រជាជាតិ ដែលទទួលបានការគាំទ្រពីសប្បុរសពីសហភាពអឺរ៉ុប (EU) ក្នុងគោលបំណងលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាលើស្រ្តី និងក្មេងស្រី៕