ភ្នំពេញ: ស្ថានទូតបារាំងដាក់តាំងបង្ហាញរូបថតប្រទេសកម្ពុជា ដែលត្រូវបានថតពីលើអាកាស និងតាមរយៈផ្កាយរណបក្នុងអំឡុង ៧០ ឆ្នាំចុងក្រោយក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា។
រូបថតទាំងនេះត្រូវបានរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍ (IRD) របស់បារាំង ដោយមានរូបថតពីលើអាកាសចំនួន ៣០ ផ្ទាំងថតពីឆ្នាំ ១៩៥០ មកដល់បច្ចុប្បន្ន និងបង្ហាញពីការប្រែប្រួលសណ្ឋានដីនៃប្រទេសកម្ពុជាក្នុងអំឡុងជាច្រើនទសវត្សរ៍ ដែលបញ្ជាក់ពីការវិវឌ្ឍរបស់ប្រទេសនេះ។ ពិព័រណ៍ខាងលើធ្វើឡើងចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកា តទៅនៅលើជញ្ជាំងរបងនៃស្ថានទូតបារាំងប្រចាំកម្ពុជានិងបញ្ចប់រយៈពេលមួយខែ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានឱ្យដឹងថា៖ «ដោយបំពេញការងារយ៉ាងសកម្មនៅកម្ពុជាអស់រយៈពេលប្រមាណ ២០ ឆ្នាំមកហើយ វិទ្យាស្ថាន IRD បានបង្កើតភាពជាដៃគូស៊ីជម្រៅជាមួយសាកលវិទ្យាល័យនិងស្ថាប័នសំខាន់ៗរបស់កម្ពុជា ដើម្បីស្វែងរកដំណោះស្រាយបែបនវានុវត្តន៍ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាព រួមមានបម្រែបម្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ ការបំពុលបរិស្ថាននិងសន្តិសុខស្បៀង»។
កិច្ចសហប្រតិបត្តិការទាំងនេះផ្តោតលើកសិកម្មប្រកបដោយនិរន្តរភាព និងសុខភាពសកល ដោយគិតគូរពីបញ្ហាបរិស្ថាន។ ការសង្កេតផែនដី ដោយផ្អែកលើការវិភាគរូបភាពទទួលបានពីឧបករណ៍ចាប់យករូបភាពបំពាក់លើយន្តហោះ ផ្កាយរណប ឬ្រដូន)អនុញ្ញាតឱ្យគេពណ៌នានិងឃ្លាំមើលធនធានធម្មជាតិព្រមទាំងការរៀបចំនិងការប្រែប្រួលធនធានទាំងនោះ។ វិទ្យាស្ថាន IRD អភិវឌ្ឍ និងប្រើប្រាស់ឧបករណ៍ឌីជីថល និងគំរូបង្កើតថ្មីនានា ដើម្បីវិភាគរូបភាពក្នុងគោលដៅទទួលបានព័ត៌មានស្តីពីការប្រែប្រួលទេសភាព។
សេចក្ដីប្រកាសព័ត៌មានបានបង្ហាញថា ចាប់តាំងពីរូបភាពដំបូងៗថតពីលើយន្តហោះក្នុងអំឡុងឆ្នាំ ១៩៥០ រហូតដល់រូបភាពដំបូងៗថតពីផ្កាយរណបដែលសង្កេតមើលផែនដីក្នុងអំឡុងឆ្នាំ ១៩៨០ បច្ចេកវិទ្យាបានវិវឌ្ឍយ៉ាងខ្លាំង ដោយផ្តល់រូបភាពជាច្រើនក្នុងកម្រិតច្បាស់ល្អទៀតផង។ ដើម្បីពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការវិភាគរូបភាពពីអាកាស និងលទ្ធភាពទទួលបានទិន្នន័យផ្នេងៗវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថាន IRD បានរួមគ្នាបង្កើតមន្ទីរពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (Khmer Earth Observation Laboratory KHEOBS) កាលពីឆ្នាំ ២០២២។
ដោយទទួលបានការជួយជ្រោមជ្រែងពីស្ថាប័នបារាំង មន្ទីរពិសោធន៍ KHEOBS បានប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ និងនិស្សិតមកពីសាកលវិទ្យាល័យ និងស្ថាប័នកម្ពុជានានា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលលើប្រធានបទផ្សេងៗ។
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា៖ «KHEOBS គឺជាមន្ទីរពិសោធន៍ឈានមុខក្នុងការបណ្តុះបណ្តាលវិស្វករ និងអ្នកស្រាវជ្រាវ ក៏ដូចជាពង្រឹងសកម្មភាព និងគម្រោងនានា ដែលប្រើប្រាស់ឧបករណ៍បង្កើតថ្មីសម្រាប់សង្កេតផែនដីនៅកម្ពុជា និងក្នុងកម្រិតតំបន់។ គម្រោងនេះឆ្លុះបញ្ចាំងឱ្យឃើញពីគុណភាពនៃកិច្ចសហប្រតិបត្តិការរបស់យើងលើផ្នែកវិទ្យាសាស្ត្រ ដោយហេតុថា ពីមុនមកមិនមានស្ថាប័ននៅកម្ពុជាច្រើននោះទេដែលមានលទ្ធភាពទទួលបានបច្ចេកវិទ្យាទាំងនេះ»។
សេចក្ដីប្រកាសបានបន្ដថា ក្នុងអំឡុងឆ្នាំ ១៩៥០ បារាំងជាប្រទេសដំបូងគេដែលបានថតដែនដីកម្ពុជាពីលើយន្តហោះដើម្បីរៀបចំបង្កើតផែនទីផ្សេងៗ ដោយសហការជាមួយវិទ្យាស្ថានព័ត៌មានភូមិសាស្ត្រ និងព្រៃឈើបារាំង (IGNFI)។
នៅកម្ពុជាក្នុងចន្លោះឆ្នាំ ១៩៥២ និង ១៩៥៤ វិទ្យាស្ថាន IGNFI បានផ្តិតយករូបភាពប្រមាណ ១១ ០០០ សន្លឹកដែលគ្របដណ្តប់មួយផ្នែកធំនៃទឹកដីកម្ពុជា។
បច្ចុប្បន្នបណ្តុំរូបថតទាំងនេះ គឺជាបណ្ណសារដ៏វិសេសវិសាលដែលនាំយើងត្រលប់ទៅកាន់ទេសភាពទីក្រុងនិងជនបទកាលពី ៧០ ឆ្នាំមុន។ សេចក្ដីប្រកាសឱ្យដឹងថា រូបថតឯកសារទាំងនេះគឺជាធនធានដ៏មានតម្លៃស្តីពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រ បុរាណវិទ្យា នគរូបនីយកម្ម និងបរិស្ថាននៃប្រទេសកម្ពុជា។
ដើម្បីប្រែក្លាយរូបថតទាំងនោះជាឯកសារឌីជីថល សម្រាប់ការចូលមើល និងស្រាវជ្រាវដោយឥតគិតថ្លៃ ស្ថានទូតបារាំងកំពុងគាំទ្រដល់គម្រោងបណ្ណសាររូបថតពីលើអាកាស «Khmer Aerial Photographic Archive» (KAPA) អនុវត្តដោយវិទ្យាស្ថាន IRD និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងក្របខ័ណ្ឌមន្ទីរពិសោធន៍ KHEOBS ដោយរួមសហការជាមួយវិទ្យាស្ថាន IGNFI។
ប្រភពដដែលបានបញ្ជាក់ថា៖ «រូបថតឯកសារទាំងនេះនឹងប្រគល់ជូនប្រទេសកម្ពុជានៅពេលបញ្ចូលក្នុងប្រព័ន្ធកុំព្យុទ័រជាទម្រង់ឌីជីថលរួចរាល់»។
ចាប់ពីឆ្នាំ ១៩៨០ មក រូបភាពតាមប្រព័ន្ធផ្កាយរណបដែលតាមដានផែនដីពីចម្ងាយ ត្រូវបានអភិវឌ្ឍ ជាពិសេសដោយមជ្ឈមណ្ឌលជាតិបារាំងសម្រាប់ការសិក្សាលម្ហអាកាស (CNES)។
វិទ្យាស្ថាន IRD បានដើរតួនាទីសំខាន់ក្នុងការបង្កើតវិធីសាស្ត្រវិភាគរូបភាព ដើម្បីស្វែងយល់ពីការប្រែប្រួលសណ្ឋានដី តាមរយៈការវាស់វែង និងវិភាគការវិវឌ្ឍក្រុង កសិកម្ម និងព្រៃឈើ។ សមត្ថភាពវិភាគទិន្នន័យធំៗអនុញ្ញាតឱ្យគេប្រើប្រាស់រូបភាពទាំងនេះដើម្បីឃ្លាំមើលបម្រែបម្រួលបរិស្ថាន និងជលសាស្ត្រ និងបង្កើតប្រព័ន្ធផ្តល់ដំណឹង។
សេចក្ដីប្រកាសព័ត៌មានបានបន្ថែមថា៖ «ក្រៅពីរូបភាពខាងលើក៏មានរូបភាពថតដោយ្រដូនដែលមានលក្ខណៈច្បាស់ល្អ។ បច្ចេកទេសថ្មីៗក្នុងការវិភាគរូបភាពកំពុងត្រូវបានអភិវឌ្ឍដើម្បីសិក្សាពីការប្រែប្រួលសណ្ឋានដី។ បច្ចេកទេសទាំងនេះត្រូវបានប្រើប្រាស់យ៉ាងច្រើននៅកម្ពុជាដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធការសង្កេតបរិស្ថាន ដោយសហការជាមួយស្ថាប័នស្រាវជ្រាវនានា»។
ក្នុងក្របខ័ណ្ឌខួប ៧០ ឆ្នាំនៃឯករាជ្យរបស់កម្ពុជា ស្ថានទូតបារាំងនៅកម្ពុជានឹងរៀបចំកម្មវិធីវប្បធម៌ជាច្រើនទៀត ក្នុងនោះមានការធ្វើសន្និសីទ និងការបញ្ចាំងភាពយន្តនៅវិទ្យាស្ថានបារាំងនៅកម្ពុជារួមទាំងការតាំងពិព័រណ៍មួយទៀតនៅសារមន្ទីរព្រះស្រីឦសានវរ្ម័នផងដែរ៕