ភ្នំពេញៈ ការប្រឡងបាក់ឌុបឆ្នាំនេះ ត្រូវបានក្រសួងអប់រំ យុវជននិងកីឡា និងមជ្ឈដ្ឋានពាក់ព័ន្ធវាយតម្លៃថា បានបញ្ចប់ទៅដោយរលូន មិនមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ទេ ប៉ុន្តែក្រោយប្រឡង ១ ថ្ងៃ មានលេចចេញនូវការបង្ហាញអារម្មណ៍អន់ចិត្តចំពោះពាក្យសម្តីគ្រូបង្រៀនម្នាក់ដែលពោលទៅកាន់បេក្ខជនប្រឡងដែលមានបញ្ហាភ្នែក មើលមិនច្បាស់ បានបង្ហោះលើបណ្តាញសង្គម ACE Confessions នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា។
សំណេរនោះ មិនបានបង្ហាញពីទីតាំងមណ្ឌលប្រឡងច្បាស់លាស់នោះទេ ប៉ុន្តែបានបង្ហាញពីការអាក់អន់ស្រពន់ចិត្តជាខ្លាំងរបស់បេក្ខជនម្នាក់ដែលមានបញ្ហាភ្នែកមើលមិនច្បាស់ មិនអាចមើលវិញ្ញាសានៅលើក្តារខៀនបាន។ គណនីហ្វេសប៊ុកដែលមានឈ្មោះ ACE Confessions បានរៀបរាប់ថា មានសិស្សម្នាក់ដែលមានបញ្ហាភ្នែកមើលមិនសូវច្បាស់ និងមិនសូវបានឆ្ងាយដូចអ្នកដទៃ។
មុនពេលចាប់ផ្តើមប្រឡង បេក្ខជនរូបនោះបានទៅស្នើសុំអ្នកគ្រូអនុរក្សដែលទទួលខុសត្រូវបន្ទប់ប្រឡង និងបានប្រាប់ពីបញ្ហាភ្នែក រួចអ្នកគ្រូអនុរក្សនោះក៏បានទៅនិយាយជាមួយលោកគ្រូម្នាក់ និងបានបញ្ជាក់មកវិញថា នឹងអនុញ្ញាតឱ្យក្រដាសវិញ្ញាសាដើម្បីអាននៅពេលដែលអ្នកគ្រូអនុរក្សចម្លងទៅលើក្តារខៀនហើយ។ ប៉ុន្តែក្រោយមកមិនដឹងមានរឿងអ្វីបែរជាមិនផ្តល់វិញ្ញាសា ដោយរៀបចំសម្រួលលើកតុឱ្យបេក្ខជនរូបនោះទៅអង្គុយនៅជិតក្តារខៀនវិញ។
ប្រភពដដែលបានឱ្យដឹងថា បេក្ខជនប្រឡងរូបនោះបានបញ្ជាក់ទៅលោកគ្រូនោះថា ទោះបីលើកតុមកមុខក៏នៅតែមើលមិនច្បាស់ដែរ ប៉ុន្តែលោកគ្រូនោះនៅតែបង្ខំបេក្ខជនរូបនោះឱ្យមើល។ ទីបំផុតលោកគ្រូនោះបានពោលពាក្យថា «ចឹងមិនដឹងធ្វើម៉េចទេមានតែហែងអង្គុយនៅកន្លែងហែងដដែលហើយមិនបាច់ប្រឡង» ដែលពាក្យមួយឃ្លានេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍បេក្ខជនជាខ្លាំង។ បេក្ខជនរូបនោះបានលើកឡើងថា៖ «ខ្ញុំដឹងថា គាត់ខំរកដំណោះស្រាយឱ្យខ្ញុំហើយ តែមិនគួរណាគាត់និយាយបែបនេះដាក់ខ្ញុំទេ គិតថា ខ្ញុំចង់មានបញ្ហាអ៊ីចឹងមែន»។
ហ្វេសប៊ុកដដែលបានឱ្យដឹងទៀតថា ដោយមិនមានជម្រើសផ្សេងបេក្ខជនរូបនោះក៏សម្រេចចិត្តយល់ព្រមលើកតុមកមុខ។ ទោះបីជាមើលវិញ្ញាសាចម្លងនៅលើក្តារខៀនមិនឃើញប៉ុន្តែបេក្ខជនរូបនោះត្រូវបានអ្នកគ្រូអនុរក្សម្នាក់ជួយអានវិញ្ញាសារហូតដល់បានប្រឡងចប់ដូចអ្នកដទៃដែរ។
បេក្ខជនរូបនោះបានលើកឡើងថា៖ «ខ្ញុំសូមអរគុណអ្នកគ្រូអនុរក្សម្នាក់នោះផងដែរ ដែលគាត់សុខចិត្តឈរជិតខ្ញុំនិងហៅសំណួរឱ្យខ្ញុំគ្រប់ពេលដើម្បីឱ្យខ្ញុំបានប្រឡងនឹងគេផងដែរ ទោះគាត់ត្រូវឈរយូរយ៉ាងណាក៏ដោយ ក៏គាត់នៅតែធ្វើឱ្យខ្ញុំបានប្រឡងនឹងគេដែរ»។
តាមរយៈហ្វេសប៊ុក ACE Confessions បេក្ខជនដែលមិនបញ្ចេញអត្ដសញ្ញាណ បានស្នើសុំដល់លោកគ្រូអ្នកគ្រូ ប្រធានមណ្ឌល និងក្រសួងអប់រំផងមេត្តាយល់ចិត្តពួកគាត់ដែលជាសិស្សមានបញ្ហាភ្នែកផង ព្រោះពួកគាត់មិនចង់កើតមកមានភ្នែកមើលមិនសូវច្បាស់បែបនេះនោះទេ។
យ៉ាងណាក៏ដោយ ក្រោយពីមានការបង្ហោះពីភាពត្អូញត្អែរនេះ មានយុវតីមួយរូបដែលមានបញ្ហាភ្នែកមើលមិនច្បាស់ បានបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួន ពេលចូលទៅប្រឡងយកសញ្ញាបត្របាក់ឌុប នៅមណ្ឌលវិទ្យាល័យព្រះយុគន្ធរ។ បេក្ខជនដែលសុំមិនបញ្ចេញអត្តសញ្ញាណនេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នាងត្រូវបានលោកគ្រូ អ្នកគ្រូនៅមណ្ឌលជួយសម្រួលលើកតុមកអង្គុយជិតក្តារខៀនធ្វើឱ្យការប្រឡងបានបញ្ជប់ទៅដោយរលូន។
ប្រភពបញ្ជាក់ថា៖ «ក្នុងការប្រឡងតាមមណ្ឌលនីមួយៗ លោកគ្រូអ្នកគ្រូមានការយកចិត្តទុកដាក់ចំពោះបេក្ខជនបានល្អ។ ពួកគាត់បានសម្រួលបន្ទុកសិស្សដែលមានបញ្ហាបានច្រើន។ ពួកគាត់បានពិភាក្សាគ្នាក្នុងការរៀបកន្លែងសិស្សដែលមានបញ្ហាភ្នែកមកអង្គុយនៅខាងមុខក្តារខៀនដើម្បីងាយស្រួលមើលអក្សរ និងមិនស៊ីម៉ោងក្នុងការប្រឡង»។
បេក្ខជនប្រឡងដែលសុំមិនបញ្ជេញឈ្មោះរូបនេះ បានបង្ហាញអារម្មណ៍ថា សប្បាយចិត្ត និងអរគុណចំពោះអនុរក្ស លោកគ្រូអ្នកគ្រូ ដែលតែងតែយកចិត្តទុកដាក់ជាមួយសិស្សបែបនេះ។ យ៉ាងណាក្តីបេក្ខជនក៏បានបង្ហាញការមិនពេញចិត្ត នៅពេលដឹងថា មានលោកគ្រូអ្នកគ្រូខ្លះ ប្រើពាក្យសម្តីមិនសមរម្យធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍អ្នកមានបញ្ហាភ្នែក។ «ខ្ញុំមានអារម្មណ៍ថា មិនសប្បាយចិត្តដែលឮដូច្នោះព្រោះថា គ្មានអ្នកណាដែលកើតមកចង់មានបញ្ហាអ៊ីចឹងទេយ៉ាងណាក៏គួររកដំណោះស្រាយដែលល្អជាងនេះបន្តិច»។
លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការប្រើពាក្យសម្តីខ្លះដែលមិនសមរម្យ ប៉ះពាល់ដល់សតិអាម្មណ៍ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់សិស្ស ជាពិសេសសិស្សដែលមានពិការភាពឬទន់ខ្សោយផ្នែកខ្លះនៃរាងកាយនោះ អាចដោយសារតែការមិនយល់គ្នា។
លោកបានលើកឡើងថា ដូចរឿងរ៉ាវដែលបានលេចចេញមកនេះ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ គួរតែមានព័ត៌មានជាមុន ដើម្បីដឹងថា តើក្នុងចំណោមបេក្ខជនទាំងអស់ដែលចូលរួមប្រឡង មានបេក្ខជនណាខ្លះដែលមានបញ្ហាភ្នែកមើលមិនច្បាស់ ហើយត្រូវរៀបចំឱ្យមានការសម្គាល់ច្បាស់លាស់ណាមួយ ដើម្បីងាយស្រួលដល់អនុរក្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ ជួយសម្រួលដល់ការប្រឡងរបស់បេក្ខជនទាំងនោះ។ លោកថា ពាក្យសម្តី និងអាកប្បកិរិយាខ្លះ កើតឡើងដោយសារចរិតបុគ្គលផ្ទាល់ខ្លួនមួយចំនួនតូចប៉ុណ្ណោះ ប៉ុន្តែអាចធ្វើឱ្យប៉ះពាល់ដល់ក្រុម ដល់ស្ថាប័ន ឬអង្គភាព ដែលរឿងនេះមិនគួរឱ្យកើតមានឡើងនោះទេ។
លោកថ្លែងថា៖ «យ៉ាងណាក៏ដោយខ្ញុំជឿថា មន្ត្រីដែលជាអនុរក្ស ឬក៏អ្នកពាក់ព័ន្ធផ្សេងៗនៅក្នុងការប្រឡងហ្នឹង គួរតែប្រើភាសាណាមួយដែលអាចទទួលយកបាន ទៅវិញទៅមក រវាងបេក្ខជន និងអនុរក្ស ឬក៏គណៈកម្មការប្រឡងផ្សេងៗទៀត។ យើងមិនគួរធ្វើការងារដោយប្រើសម្តីទៅតាមអារម្មណ៍ទេ។ ធម្មតាខ្ញុំជឿថា គណៈកម្មការរៀបចំ ក៏ដូចជាក្រសួងលោកមានគោលការណ៍ តែនេះអាចថា ជាបុគ្គល»។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថា ពាក់ព័ន្ធនឹងការត្អូញត្អែរ បញ្ជាក់ពីអារម្មណ៍តូចចិត្ត នឹងការប្រឡងបាក់ឌុបរបស់សិស្សដែលមានការបង្ហោះលើគណនីហ្វេសប៊ុក ACE Confessions នោះមិនបានបញ្ជាក់ច្បាស់លាស់ពីទីតាំងមណ្ឌលប្រឡង ហេតុនេះលោកស្រីកំពុងពិនិត្យស្រាវជ្រាវលើរឿងនេះ។ លោកស្រីបានឱ្យដឹងថា ពាក់ព័ន្ធនឹងសិស្សដែលមានពិការភាព ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៣ នេះ មានមិនដល់ ១០ នាក់ទេ។
លោកស្រីថ្លែងថា៖ «ទាក់ទងទៅនឹងចំនួនសិស្សពិការហ្នឹង បើសិនជាមានពិការភាពខ្លាំងអ្វីដែលទទួលបានគឺអត់ដល់ ១០ នាក់ទេ ប៉ុន្តែបើនិយាយពីកម្សោយគំហើញ យើងមានច្រើនដែរ តែថា ប៉ុន្មាននាក់ជាក់ស្តែងយើងអត់បាន report ទេ យើងធ្វើ report តែករណីគាត់មានបញ្ហាភ្នែកធ្ងន់ធ្ងរ»។
លោកស្រីរដ្ឋលេខាធិការបញ្ជាក់ថា ចំពោះសិស្សដែលមានបញ្ហាខ្សោយគំហើញ អនុរក្សនៅមណ្ឌលប្រឡង ដែលបំពេញការងារនៅតាមបន្ទប់ប្រឡងនានា តែងយកចិត្តទុកដាក់ជួយសម្រួលឱ្យបានអង្គុយនៅតុមុខជិតក្តារខៀនអាចមើលវិញ្ញាសាប្រឡងបាន។
ដោយឡែកចំពោះសិស្សដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរ រហូតត្រូវមើលក្រដាសវិញ្ញាសាដាក់ដល់ភ្នែកនោះ មន្ត្រីអនុរក្ស និងប្រធានមណ្ឌលប្រឡង ក៏សម្រួលតាមតម្រូវការជាក់ស្តែងផងដែរ។បេក្ខជនស្វៃរិន នៅមណ្ឌល វិទ្យាល័យ ហ៊ុន សែន ឧត្ដរមានជ័យ មានបញ្ហាខ្សោយភ្នែកធ្ងន់ធ្ងរ (២ ០០០ ដឺក្រេ) គណ:មេប្រយោគនិងអង្គភាពប្រឆាំងអំពើពុករលួយ ប្រចាំមណ្ឌលសម្រេចប្រគល់ប្រធានវិញ្ញាសាជូនបេក្ខជនអាន។ ចំណែកបេក្ខជនឈ្មោះ វ័ន្ត ចាន់រ៉ូ មកពីខេត្តកំពង់ឆ្នាំង មានបញ្ហាភ្នែកធ្ងន់ធ្ងរ ក៏បានខិតខំសម្លឹងបំពេញសន្លឹកកិច្ចការរបស់ខ្លួនដោយការព្យាយាមបំផុតផងដែរ។ នេះបើតាមហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា៕