កែបៈ អាជ្ញាធរខេត្ត​កែប និង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា បាន​ពិភាក្សាគ្នា​ដើម្បី​រៀបចំ​អភិវឌ្ឍ​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ចំនួន ​៤​ ក្នុងនោះ​ខេត្ត​កែប ​ត្រូវបាន​ជ្រើសរើស​ដើម្បី​ធ្វើការ​អភិវឌ្ឍ​មុនគេ លើ​ឆ្នេរ​ប្រវែង ២ ៧០០ ​ម៉ែត្រ ឱ្យក្លាយ​ទៅជា​ឆ្នេរ​លំដាប់​ពិភពលោក​។​

​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​​កែប​បាន​ថ្លែងប្រាប់​ឱ្យដឹង​នៅ​ថ្ងៃទី​ ៨ ខែវិច្ឆិកា​ថា នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​ប្រតិភូ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា នាពេល​ថ្មី​នេះ​ភាគី​ទាំង​ ២​ បាន​ជជែក​គ្នា​ពី​ផែន​ការរៀបចំ​អភិវឌ្ឍ​ខេត្ត​នៅតាម​តំបន់ឆ្នេរ​រួមគ្នា រវាង​ខេត្ត​ព្រះសីហនុ កំពត កោះ​កុង និង​ខេត្ត​កែប​។ ក្នុង​ផែនការ​រៀបចំ​អភិវឌ្ឍ​ខេត្ត​តំបន់ឆ្នេរ​នេះ ប្រតិភូ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ បានចាប់ផ្ដើម​ចុះ​ត្រួត​ពិនិត្យ និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍ​ឆ្នេរ​នៅក្នុង​ខេត្ត​កែប​មុនគេ ខណៈដែល​ក្នុង​ខេត្ត​នេះ កំពុងតែ​អភិវឌ្ឍ​តំបន់ឆ្នេរ​របស់ខ្លួន​ជា​បណ្តើរៗ​ហើយ មានដូចជា ឆ្នេរ​តាម​បណ្តា​កោះ និង​ឆ្នេរ​អង្កោល​ជាដើម​។​

​លោក សោម ពិសិដ្ឋ បានឱ្យដឹង​ទៀតថា ក្រៅតែពី​មានការ​អភិវឌ្ឍ​ឆ្នេរ​ទាំង​នេះហើយ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា ក៏បាន​ជ្រើសរើស​តំបន់ឆ្នេរ ២ ៧០០​ ម៉ែត្រ​ក្នុង​ខេត្ត​កែប ដែល​ទើបតែ​ចាក់ដី​បំពេញ​ថ្មី ដើម្បី​អភិវឌ្ឍ​ឱ្យក្លាយ​ទៅជា​ឆ្នេរ​លំដាប់​ពិភពលោក​។ លោក​ថ្លែងថា​៖ «​ដូច្នេះ​គោលបំណង​ដែល​យើង​រៀបចំ​អភិវឌ្ឍ​តំបន់ឆ្នេរ​ហ្នឹង គឺ​ដើម្បីឱ្យ​មានការ​ទាក់​ទាញ​ភ្ញៀវទេសចរ និង​ធ្វើ​ម៉េច​ឱ្យ​កម្ពុជា​យើង​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​​នានា ហើយ​ធានាបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។

​ទន្ទឹមនេះ វា​ក៏​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ផងដែរ ព្រោះ​គម្រោង​ផ្ដួច​ផ្ដើមកសាង​ផែនការ​រៀបចំ​ដែនដី ឆ្នេរកែប​នេះ ក្នុង​គោលដៅ​ធ្វើឱ្យមាន​ភាព​ទាក់ទាញ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ហើយ​ការ​អភិ​វ​ឌ្ឍ​ឆ្នេរ​នេះដែរ វា​ក៏​មិនមែន​រៀបចំឡើង​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​ឆ្នេរ​​សមុទ្រ​ខេត្ត​ព្រះសីហនុ កំពត ឬ​ខេត្ត​​កោះកុង​ឡើយ ប៉ុន្តែ​ការរៀប​ចំនេះ ដើម្បីឱ្យ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា អាចមាន​ការ​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​នានា​បាន​។

​ចំពោះ​ការអភិវឌ្ឍ​តំបន់ឆ្នេរ​នេះ​បែបណា​នោះ លោក​ សោម ពិសិដ្ឋ មិនដឹង​ច្បាស់​នោះទេ​ដោយសារ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា គ្រាន់តែ​ចុះមក​ពិនិត្យមើល​ទីតាំង​សិន ហើយក៏​មិនទាន់​ស្រាវជ្រាវ​លម្អិត​ទាក់ទង​នឹង​សក្ដានុពល​តំបន់ឆ្នេរ​នេះ​នៅឡើយ​ដែរ​។ ប៉ុន្តែ​លោក​អភិបាល​ខេត្ត​ថា នៅក្នុង​ផែនការ​រៀបចំ​តំបន់ឆ្នេរ ២ ៧០០ ​ម៉ែត្រ​ក្នុង​ខេត្ត​កែប​នេះ វា​អាចមាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ធ្វើ​ផ្លូវ​ថ្មើរជើង ផ្លូវ​ជិះ​កង់​តាម​បណ្តោយ​ឆ្នេរ កន្លែង​សម្រាប់​ទុកដាក់​សំរាម ដើម្បី​ឱ្យមាន​អនាម័យ​ល្អ​នៅតាម​ឆ្នេរ​។​

​ទាក់ទង​នឹង​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នេះ លោកស្រី​ ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) ថ្លែងថា នេះ​ជាការ​ផ្ដួចផ្ដើម​មួយ​ដ៏​ល្អ​សម្រាប់​ខេត្ត​កែប ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​ផងដែរ ព្រោះ​ខេត្ត​កែប​ជា​ខេត្ត​តំបន់​ទេសចរណ៍​មួយ​ដែល​ទាក់ទាញ​ទាំង​ទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។

​លោកស្រី​បន្តថា ក្រៅពីនេះ​ខេត្ត​កែប​ក៏មាន​ឆ្នេរ​ស្អាត និង​មាន​គ្រឿង​សមុទ្រ​ដែលមាន​រសជាតិ​ឆ្ងាញ់ ជាពិសេស​គឺមាន​ព្រៃកោងកាង​។ លោក​ស្រីបន្តថា​៖ «​អ៊ីចឹង​! បើ​យើង​ប្រែក្លាយ​ឱ្យទៅជា​តំបន់ឆ្នេរ​លំដាប់​ពិភពលោក វា​នឹង​រួមចំណែក​ជួយ​ទៅដល់​ការ​កើន​ឡើង​នូវ​ភ្ញៀវទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក និង​ការកើនឡើង​នៃ​សេដ្ឋកិច្ចជាតិ​តាមរយៈ​អ្នក​នៅក្នុង​មូលដ្ឋាន​គាត់​អាច​ពង្រីក​អាជីវកម្ម​របស់គាត់​ប​ន្ថែ​ម​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​ហើយ​នៅបាន​យូរ ខណៈដែល​អ្នក​ទេសចរ​ក្រឡេក​ទៅ​ឃើញតែ​បរិស្ថាន​ល្អ សណ្ដាប់ធ្នាប់​ល្អ និង​សេវាកម្ម​ល្អ​ផងដែរ​»​។​

​លោកស្រី​ស៊ីវ​លីន​បន្ថែមថា វា​ក៏​ក្លាយជា​ប៉ូល​ដែល​ទាក់ទាញ​បំផុត ពីព្រោះ​ខេត្ត​កែប ក្រៅពី​សមុទ្រ ក៏មាន​ភ្នំ ហើយ​ជាពិសេស​ គឺ​គ្រឿង​សមុទ្រ ដូចជាប្រភេទ​ក្ដាម​សមុទ្រ​ក្នុង​ខេត្ត​នេះ មាន​រសជាតិ​ឆ្ងាញ់ ហើយក៏​មិនមាន​ខេត្ត​តំបន់​សមុទ្រ​ណា​អាចមាន​ប្រភេទ​ក្ដាម​សមុទ្រ​ដែលមាន​រសជាតិ​ឆ្ងាញ់​បែបនេះ​ឡើយ​។​

​សូមបញ្ជាក់ថា ឆ្នាំនេះ ខេត្ត​កែប​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​សមុទ្រ លើក​ទី​១០ ជុំ​ទី​៣ ក្រោម​ប្រធានបទ «​ទាំងអស់គ្នា​ដើម្បី​ទេសចរណ៍​» ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ១ រហូតដល់​ថ្ងៃទី​ ៣ ខែធ្នូ ឆ្នាំ ​២០២៣៕