រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលទទួលបានលទ្ធផលជាប់ជាស្ថាពរក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ គប្បីពិចារណា ចាប់យកការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារក្នុងសម័យឌីជីថល។
ការលើកទឹកចិត្តនេះ បន្ទាប់ពីសិស្សានុសិស្ស បានបញ្ចប់សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលបានប្រព្រឹត្តទៅកាលថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។
តាមរយៈសេចក្តីប្រកាសស្ដីពីការលើកទឹកចិត្តដល់សិស្សានុសិស្សចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ចុះថ្ងៃទី ១០ ខែវិច្ឆិកានេះ លោក ជា វ៉ាន់ដេត បានលើកឡើងថា នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈ និងសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកបន្តថា៖ «ដោយក្រសួងជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលបានឱកាសការងារល្អដែលមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ»។
លើសពីនេះទៀត ការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ក៏នឹងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល ខណៈសិស្សានុសិស្ស ក៏អាចទទួលបានឱកាសសិក្សាជាច្រើន ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល តាមរយៈអាហារូបករណ៍ និងកម្ចីថវិកាសិក្សាជាដើម។
ជាថ្មីម្ដងទៀត លោករដ្ឋមន្ត្រី ជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យ និងសង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យ ក្មួយៗនឹងចូលរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ ២០៥០។
ជុំវិញសារៈសំខាន់នៃជំនាញបច្ចេកវិទ្យាឌីជីថលនេះ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានលើកឡើងថា ដោយមើលឃើញពីគុណតម្លៃនៃវិស័យឌីជីថល លោកក៏បានជំរុញឱ្យយុវជន ពិសេសសិស្សានុសិស្សកម្ពុជា គួរចាប់យកជំនាញនេះ ខិតខំសិក្សាឱ្យច្បាស់ ដើម្បីពង្រឹងសមត្ថភាព ហើយអាចទទួលបានឱកាសការងារល្អថែមទៀត។ លោកនិយាយថា៖ «ការកសាងធនធានមនុស្សគឺជារឿងសំខាន់បំផុតក្នុងការឈានឆ្ពោះទៅការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ដែលចំណុចនេះ គឺទាមទារឱ្យមានការពង្រឹងសមត្ថភាពបន្ថែមលើជំនាញឌីជីថល»។
យ៉ាងណាមិញ ទន្ទឹមនឹងការសិក្សាជំនាញឌីជីថល អ្នកជំនាញអប់រំខាងលើ ក៏បានជំរុញ និងណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងខិតខំធ្វើការស្រាវជ្រាវលើជំនាញបច្ចេកវិទ្យាឌីជីថល ពិសេសមានជំនាញភាសាបរទេសឱ្យកាន់តែខ្លាំងថែមទៀត។
បើតាមក្រសួងប្រៃសណីយ៍ ដើម្បីឆ្លើយតបទៅនឹងការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលលើវិស័យប្រៃសណីយ៍ សម្រាប់អាណត្តិទី៧ នេះ ក្រសួងផ្តោតការអនុវត្តតាមអនុសាសន៍គន្លឹះសំខាន់ៗរបស់រាជរដ្ឋាភិបាល ចំនួន ៣ រួមមាន រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងប្រជាជនឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៕