រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសឱ្យប្រើប្រាស់យុទ្ធសាស្ត្រចក្រា នៃវិស័យបរិស្ថានថ្មី ឆ្នាំ ២០២៣-២០២៨ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ដោយឈរលើអាទិភាពចម្បង ៣ គឺ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូន។
ក្នុងសន្នីសីទស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាឆ្នាំ ២០២៣ ដែលបានរៀបចំឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធសាស្ត្រ ចក្រា ទទួលបានការវាយតម្លៃខ្ពស់ពីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានផ្តោតលើការយកចិត្តទុកដាក់បញ្ហាបរិស្ថានកាន់តែមានប្រសិទ្ធភាព។ យុទ្ធសាស្ត្រចក្រានេះក៏ដើម្បីជួយឱ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍដោយចីរភាព ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ នេះបើតាមក្រសួងបរិស្ថាន បានបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣។
អនុលោមតាម «យុទ្ធសាស្ត្របញ្ចកោណ » ដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្ត្រជាតិដែលមានជាធរមាន ព្រមទាំងក្របខ័ណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ ភាគរយ នៅឆ្នាំ ២០៥០»។
ក្រសួងបរិស្ថាន បញ្ជាក់ថា យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន បានរចនាឡើងជារូបរង្វង់ ដោយមានយុទ្ធសាស្ត្រស្នូល ផ្តោតលើមុំចំនួន ៣ រួមមាន ពង្រឹងគោលនយោបាយ កសាងរដ្ឋបាល ឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំទាំង៣នេះ ជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្ត្រ ៣ ផ្សេងទៀត ឱ្យដំណើរការដោយជោគជ័យ។ គឺយុទ្ធសាស្ត្រទី១ ភាពស្អាត ដែលផ្តោតលើមុំ គ្រប់គ្រងការបំពុល ធ្វើទំនើបកម្ម សមត្ថភាពវិនិច្ឆ័យការបំពុល និងលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន យុទ្ធសាស្ត្រ ទី២ ភាពបៃតង ផ្តោតលើមុំ ពង្រីកចលនាដាំដើមឈើ ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និង យុទ្ធសាស្ត្រទី៣ ចីរភាព ផ្តោតលើមុំ ធ្វើអនុលោមភាព ពង្រីកសហប្រតិបត្តិការ និងពង្រឹងការសម្របសម្រួល។
គួរឱ្យដឹងថា ជាមួយនឹងយុទ្ធសាស្ត្រចក្រា ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស ដោយមានការចូលរួមពីសិស្សានុសិស្ស ចំនួនជាង ២,៦ លាននាក់។ យុទ្ធនាការនេះមិនត្រឹមតែមានការគាំទ្រ និងចូលរួមពីសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែក៏មានការគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ និងកាកបាទក្រហមកម្ពុជាព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ។
ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវវិធានការចំនួន ៤ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាពឱ្យមានប្រសិទ្ធភាព ដែលក្នុងនោះ ទី១ គឺការអនុវត្តច្បាប់ ១០០% មិនអត់ឱនចំពោះឧក្រិដ្ឋកម្មធនធានធម្មជាតិ។ ទី២ ពង្រឹងសហការឱ្យកាន់ស្អិតរមួត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ទី៣ សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត និងទី៤ បង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។
ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត កាលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ បានប្រកាសផ្តល់កូនឈើជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តយកទៅដាំថែរក្សាដោយខ្លួនឯង ប្រមាណចំនួន ១ លាន ៣០ ម៉ឺនដើម ក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើរហូតដល់ ៦០% នៅឆ្នាំ ២០៥០៕