ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះហត្ថលេខារួមគ្នា ជាមួយស្ថាប័នប្រព័ន្ធអង្គការសហប្រជាជាតិសម្រាប់កម្ពុជាឆ្នាំ ២០២៤-២០២៨ លើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលដៅអាទិភាពជាតិ និងការអភិវឌ្ឍ។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងរវាងលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និង លោក ចូ សូស័រ ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣។
តាមរយៈសេចក្តីប្រកាសព័ត៌មានរួមបានបញ្ជាក់ថា ក្របខ័ណ្ឌសហប្រតិបត្តិការនេះ គឺជាឯកសារយុទ្ធសាស្ត្រដែលនឹងផ្តល់មគ្គុទេសដល់ប្រព័ន្ធអង្គការសហប្រជាជាតិទាំងអស់ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលដៅអាទិភាពជាតិ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព, ការគាំទ្រដល់ការត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច និង ការឈានទៅបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
CDC បន្តថា៖«ក្របខ័ណ្ឌសហប្រតិបត្តិការ ត្រូវបានរៀបចំឡើងដោយមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយរវាងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល បណ្ដាភ្នាក់ងារនៃអង្គការសហប្រជាជាតិ, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល, វិស័យឯកជន និងតំណាងក្រុមយុវជន។ ក្របខ័ណ្ឌសហប្រតិបត្តិការនេះ ត្រូវបានអនុម័តជាគោលការណ៍ បន្ទាប់ពីបានពិនិត្យ និងពិគ្រោះយោបល់លើកចុងក្រោយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣»។
បើតាម CDC គណៈកម្មាធិការដឹកនាំការងារមួយ ដែលមានអនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ជាសហប្រធាន នឹងត្រូវបង្កើតឡើង ដើម្បីត្រួតពិនិត្យការអនុវត្តក្របខ័ណ្ឌសហប្រតិបត្តិការនេះ, ផ្ដល់ទិសដៅជាយុទ្ធសាស្ត្រ និងផ្ដល់កិច្ចសម្របសម្រួលរវាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់។
លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានថ្លែងថា ពិធីចុះហត្ថលេខានេះជាការសម្រេចបាននូវសមិទ្ធផលរួមគ្នាមួយ ខណៈប្រសិទ្ធភាព នៃក្របខ័ណ្ឌសហប្រតិបត្តិការនេះអាស្រ័យទៅលើការអនុវត្ត ដែលចាំបាច់ឱ្យមានការចូលរួមយ៉ាងសកម្ម និងភាពជាម្ចាស់របស់រាជរដ្ឋាភិបាល និងភាពជាដៃគូប្រកបដោយចីរភាព និងបរិយាប័ន្នជាមួយដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល និងវិស័យឯកជន ហើយការអនុវត្តនឹងត្រូវបានវាយតម្លៃតាមរយៈក្របខ័ណ្ឌតាមដាន និងវាយតម្លៃមួយ។
លោកបញ្ជាក់ថា៖«តាមរយៈការផ្តោតលើកិច្ចការទាំងនេះ និងការពង្រឹងកិច្ចសហការរវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ លទ្ធផល ប្រកបដោយផ្លែផ្កានឹងអាចសម្រេចបានដែលឆ្ពោះទៅសម្រេចបានចុក្ខវិស័យរួមគ្នា និងការអភិវឌ្ឍនៅកម្ពុជា។ យើងសូមកោតសរសើរពីកិច្ចប្រឹងប្រែងរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទនៈកន្លងមកនិងការប្ដេជ្ញាបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត»។
ជាមួយគ្នានេះ លោក ចូ សូស្ទ័រ ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា ក្របខ័ណ្ឌសហប្រតិបត្តិការដែលត្រូវបានចុះហត្ថលេខាថ្ងៃនេះ ឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំ និងមានប្រសិទ្ធភាព រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកគាំទ្រដល់ប្រជាជនគ្រប់រូប នៅប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវអនាគតប្រកបដោយវិបុលភាព សមភាព និងបៃតង និងសំដៅធានាថា ពុំមាននរណាម្នាក់ត្រូវបានទុកចោល៕