​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) បាន​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍ ​( ម​.​ប​.​ស​.)​ នៅតាម​វិទ្យាល័យ​សាធារណៈ​ក្នុង​ខេត្តតាកែវ ដើម្បី​លើកកម្ពស់​ដំណើរការ​អភិវឌ្ឍ​មូលធន​មនុស្ស​ឌីជីថល ការលើកកម្ពស់​អក្ខរកម្ម​ឌីជីថល និង​ការកាត់បន្ថយ​គម្លាត​ឌីជីថល​ជាដើម​។​ ​ពិធីបើកការដ្ឋាន​នេះ ត្រូវបាន​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​១០​ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅ​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន បាទី ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ជា វ៉ន់​ដេ​ត រដ្ឋ​មន្តី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) លោក សាន វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ថ្នាក់ដឹកនាំ​និង​មន្ដ្រីរាជការ ក​.​ប​.​ទ​. គណៈ​អភិបាលក្រុង​-​ស្រុក​ទូទាំង​ខេត្តតាកែវ តំណាង​មន្ទីរ និង​ការិយាល័យ អប់រំ យុវជន និង​កីឡា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ ២០៦៨​នាក់​។ ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ពិធីបើកការដ្ឋាន​នេះ លោក ជា វ៉ាន​ដេ​ត បានឱ្យ​ថ្លែងថា បន្ទាប់ពី​ទទួលបាន​គោលការណ៍​ឯកភាព​ពី​រាជរដ្ឋាភិបាល ក​.​ប​.​ទ​. បានជ្រើសរើស​វិទ្យាល័យ​នៅតាម​ក្រុង​-​ស្រុក ទូទាំង​ខេត្តតាកែវ ជាទី​តាំង​ដំបូង​សម្រាប់​សាងសង់ ម​.​ប​.​ស​.​។ ដោយ ម​.​ប​.​ស​. មាន​មុខងារ​ចម្បង​ចំនួន​៤ គឺ (១) ផ្តល់​បន្ទប់​កុំព្យូទ័រ (Computer Lab) សម្រាប់​បណ្តុះបណ្តាល​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ផ្តល់​ការអប់រំ​តាម​ប្រព័ន្ធ​បង្រៀន​ពី​ចម្ងាយ ដល់​សិស្ស​វិទ្យាល័យ សាធារណៈ និង​ជា​សាលប្រជុំ ព្រមទាំង​ជា​សាល​បណ្តុះបណ្តាល​គ្រូបង្រៀន​តាម​ប្រព័ន្ធ​បង្រៀន​ពី​ចម្ងាយ ។ (២) ផ្តល់​បន្ទប់ បណ្តុះបណ្តាល (Training Room) សម្រាប់​បណ្តុះបណ្តាល​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​ដល់​អាជ្ញាធរ​មូលដ្ឋាន និង ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដែលមាន​បំណង​ចង់​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​គោលដៅ​ផ្សេងៗ​។ (៣) ផ្តល់​ទីតាំង ជា​ប៉ុស្តិ៍​ប្រៃសណីយ៍ (Post Office) សម្រាប់​ផ្តល់​សេវា​ទទួល និង​ផ្ញើ​កញ្ចប់​អីវ៉ាន់ ព្រមទាំង​ផ្តល់​សេវា​ផ្សេងៗ​ដល់​ពាណិជ្ជករ អាជីវករ និង​ប្រជាពលរដ្ឋ​នៅ​សហគមន៍ និង (៤) ផ្តល់​បន្ទប់​អ៊ីនធឺណិត​កាហ្វេ (Internet Café) ជូន​ប្រជាជន​នៅ សហគមន៍​អាច​ចូល​ប្រើប្រាស់ ដើម្បី​ស្វែងរក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កសិកម្ម អាជីវកម្ម និង​ព័ត៌មាន​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​តម្រូវការ​ជាក់ស្ដែង​រប​ស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​នីមួយៗ​។​ ​លោក​រដ្ឋមន្ត្រី មានសង្ឃឹម​ជឿជាក់​ប្រកបដោយ​សុទិដ្ឋិនិយម​ថា នៅពេល​ដាក់ឱ្យ​ដំណើរការ ម​.​ប​.​ស​. នឹង​ក្លាយជា​សមិទ្ធផល​ថ្មី​មួយ​ដ៏​មាន​សារៈសំខាន់ ទាន់ពេល និង​ចំ​គោលដៅ ដែល​គាំទ្រ​ដល់​ដំណើរ​អភិវឌ្ឍន៍​ការអប់រំ ឌីជីថល ប្រកបដោយ​ស្មារតី​បុ​រេ​សកម្ម និង​គំនិត​បើកទូលាយ​ចំពោះ​បេសកកម្ម​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌីជីថល សំដៅ​រួមចំណែក​ដល់​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ស្របតាម​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល កម្ពុជា និង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ដើម្បី​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០​។ ​ជាមួយគ្នានេះ​លោក សាន វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងអំណរគុណ​ដល់ ក​.​ប​.​ទ​. ក្រោម​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដែល​បាន​បង្កើត ម​.​ប​.​ស​. ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​អក្ខរកម្ម និង​បំ​ណិ​ន​ឌីជីថល និង​ការធ្វើសមាហរណកម្ម​បច្ចេកវិទ្យា​អប់រំ ដែល​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង សហគមន៍ ដើម្បី​ការអប់រំ​ឌីជីថល​នៅក្នុង​ថ្នាក់រៀន សាលារៀន និង​សហគមន៍​ទាំងមូល​។​ ​ទន្ទឹមនឹងនេះ លោក អ៊ូច ភា ក៏បាន​លើកទឹកចិត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​និង​ប្រើប្រាស់​មជ្ឈមណ្ឌល​នេះ ឱ្យអស់​សក្តានុពល​៕