រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ប្រតិបត្តិករបូមសំណល់ភក់បង្គន់ទាំងអស់ ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ ដើម្បីធានាដល់សោភណ្ឌភាព សណ្តាប់ធ្នាប់ល្អ និងអនាម័យបរិស្ថានស្អាត។ សេចក្តីណែនាំរដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ ២០២៣ បានឱ្យដឹងថា បច្ចុប្បន្ន រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានសុខសន្តិភាព ហើយប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារឡើង ដែលធ្វើឱ្យតម្រូវការរបស់ប្រជាពលរដ្ឋក៏មានការកើនឡើងផងដែរ។ ដោយសារកំណើនប្រជាពលរដ្ឋ និងការប្រើប្រាស់ទឹក បានធ្វើឱ្យសំណល់ភក់បង្គន់កើនឡើងយ៉ាងឆាប់រហ័សស្របជាមួយនឹងកំណើនរថយន្តបូមសំណល់ភក់បង្គន់ដែលកំពុងផ្តល់សេវាកម្មនៅរាជធានីភ្នំពេញ។ យ៉ាងណាមិញ រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា៖«ប៉ុន្តែការគ្រប់គ្រងសំណល់ ភក់បង្គន់ពីអាងស្តុកលាមកនេះ នៅមិនទាន់សមស្របតាមលិខិតបទដ្ឋានគតិយុត្ត និងលក្ខណៈបច្ចេកទេស នៅឡើយ ដោយបានបង្កផលប៉ះពាល់ដល់សុខុមាលភាពសាធារណៈ និងអនាម័យបរិស្ថាននៅរាជធានីភ្នំពេញ ដែលទាមទារឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវធ្វើការគ្រប់គ្រងឱ្យបានល្អប្រសើរ»។ ដូចនេះ ដើម្បីធ្វើឱ្យរាជធានីភ្នំពេញមានសោភ័ណភាព សណ្តាប់ធ្នាប់ល្អ អនាម័យបរិស្ថានស្អាត គ្មានការបំពុល ជាទីក្រុងបៃតង និងជាកន្លែងផ្តល់នូវសុខុមាលភាពដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រដ្ឋបាល រាជធានីភ្នំពេញ ធ្វើការណែនាំដល់ប្រតិបត្តិករបូមសំណល់ភក់បង្គន់ពីអាងស្តុកលាមក មន្ទីរជំនាញ រដ្ឋបាល ខណ្ឌទាំង ១៤ និងរដ្ឋបាលសង្កាត់ទាំង ១០៥ នូវលក្ខណៈមួយចំនួន។ ក្នុងនោះ ចំពោះប្រតិបត្តិករ ដែលផ្ដល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ ពីអាងស្តុកលាមក នៅរាជធានីភ្នំពេញ ត្រូវបំពេញលក្ខខណ្ឌមួយចំនួន ដោយត្រូវស្នើសុំអាជ្ញាបណ្ណផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ នៅសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ អាជ្ញាបណ្ណនេះ ផ្តល់ជូនសម្រាប់រយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ប្រតិបត្តិករដោយមិនគិតថ្លៃ។ ក្រោយទទួលបានអាជ្ញាបណ្ណ ប្រតិបត្តិករមានសិទ្ធិផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និង បញ្ចេញចោលសំណល់ភក់បង្គន់ នៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដែលមានទីតាំង ស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំពោះមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង ១០៥ ត្រូវធ្វើការផ្សព្វផ្សាយ ជំរុញ និងលើកទឹកចិត្តដល់ប្រិតិបត្តិករបូមសំណល់ភក់បង្គន់ទាំងអស់ឱ្យមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ ភក់បង្គន់ពីអាងស្ដុកលាមកឱ្យបានត្រឹមត្រូវ។ ត្រូវសម្របសម្រួលដល់កិច្ចដំណើរការផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោល សំណល់ភក់បង្គន់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យដំណើរការទៅរលូន និងល្អប្រសើរ សម្របសម្រួលដល់ប្រតិបត្តិករផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ ភក់បង្គន់នៅរាជធានីភ្នំពេញទាំងអស់ ត្រូវចូលចាក់សំណល់ភក់បង្គន់នៅទីតាំងដែលរដ្ឋបាល រាជធានីភ្នំពេញ បានកំណត់ខាងលើ។ ចូលរួមសហការពង្រឹងការអនុវត្តវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹង ការគ្រប់គ្រងសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រតិបត្តិករបូមសំណល់ភក់បង្គន់ទាំងអស់ នឹងសហការចូលរួមអនុវត្តសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងសេចក្តីណែនាំសង្កត់ធ្ងន់ថា៖«ក្នុងករណីប្រតិបត្តិករបូមសំណល់ភក់បង្គន់ណាមួយ មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់»៕