រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា និងលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានព្រមព្រៀងគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ាន ពិសេសលើវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់ លើកកម្ពស់ការតភ្ជាប់ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រកបដោយប្រសិទ្ធភាព។ ការព្រមព្រៀងរវាងភាគីទាំងពីរធ្វើឡើងកាលពី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសលោក ប៉េង ពោធិ៍នា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៩ នៅទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ នេះបើតាមខ្លឹមសាររបស់ ក្រសួងសាធារណការ។ ប្រភពដដែលបន្តថា៖«នាឱកាសនោះ ភាគីទាំង២ពិភាក្សាអំពីអាទិភាពការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រវាងកម្ពុជា និងអាស៊ាន»។ ជាមួយគ្នានោះលោក កៅ គឹមហួន បានកោតសរសើរដល់កម្ពុជា ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមនានារបស់អាស៊ាន ក្នុងគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់ និងលើកកម្ពស់ការតភ្ជាប់ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រកបដោយប្រសិទ្ធភាព ដែលបានចូលរួមចំណែកជួយសម្រួលដល់ការធ្វើដំណើរ ព្រមទាំងការធ្វើចរាចរទំនិញ និងសេវាកម្មក្នុងតំបន់អាស៊ាន។ លោក ប៉េង ពោធិ៍នា បានថ្លែងអំណរគុណជូនចំពោះអគ្គលេខាធិការអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អក្នុងវិស័យដឹកជញ្ជូនជាមួយប្រទេសជាសមាជិកអាស៊ាននាពេលកន្លងមក និងបានស្នើឱ្យលេខាធិការដ្ឋានអាស៊ានបន្តជួយគាំទ្រកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យសាធារណការ និងដឹកជញ្ជូននាពេលអនាគត។ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធខាងលើ ផ្តោតលើការពិនិត្យការអនុវត្តផែនការសកម្មភាពនៅក្នុងក្របខ័ណ្ឌអាស៊ានដែលបានអនុវត្តក្នុងឆ្នាំ ២០២៣ និងកំណត់ទិសដៅ, គោលនយោបាយ និងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៤, និង ពិនិត្យផែនការសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំ២០២៣ និង អនុម័តផែនការសកម្មភាពសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៤ ជាមួយដៃគូអភិវឌ្ឍន៍ រួមមាន អាស៊ាន-ចិន, អាស៊ាន-ជប៉ុន, និងអាស៊ាន-កូរ៉េ។ កិច្ចប្រជុំពេញអង្គនៃរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៩នេះ បានពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនៅគ្រប់វិស័យដឹកជញ្ជូនរួមមាន ការដឹកជញ្ជូនផ្លូវគោក, ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រ, ការដឹកជញ្ជូនផ្លូវអាកាស, កិច្ចសម្របសម្រួលការដឹកជញ្ជូន និងការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។ ក្នុងកិច្ចប្រជុំពេញអង្គនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប៉េង ពោធិ៍នា បានធ្វើបទអន្តរាគមន៍ស្តីពីការអភិវឌ្ឍលើវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅប្រទេសកម្ពុជា ដែលការអភិវឌ្ឍនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង និងការតភ្ជាប់របស់ប្រទេសកម្ពុជានៅក្នុងក្របខ័ណ្ឌតំបន់ផងដែរ៕