រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ឈាង រ៉ា បានលើកទឹកចិត្តប្រតិភូយុវជនកម្ពុជាដែលនឹងទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍នៅប្រទេសជប៉ុន ខិតខំក្រេបជញ្ជក់នូវបទពិសោធន៍នានាជាពិសេស គឺជំនាញទន់ ការកសាងនូវបណ្តាញទំនាក់ទំនង និងការជំរុញនូវកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។ ការលើកទឹកចិត្តនេះ ត្រូវបានលើកឡើងអំឡុងពេលលោក ឈាង រ៉ា បានទទួលជួបជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា« SSEAYP International Cambodia» នៅទីស្តីការក្រសួង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ប្រតិភូយុវជនកម្ពុជា នឹងទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) លើកទី៤៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ បើតាមក្រសួងសុខាភិបាល លោករដ្ឋមន្ត្រី បានអបអរសាទរ ប្អូនៗយុវជនដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៧ «The Ship for Southeast Asian and Japanese Youth Program- SSEAYP» ដែលប្រតិភូយុវជនមកពីបណ្តាប្រទេសផ្សេងៗនឹងរួមគ្នា ក្នុងសកម្មភាពជាច្រើន។ សកម្មភាពទាំងនោះរួមមាន ការពិភាក្សាជាក្រុមលើ ប្រធានបទផ្សេងទាក់ទងនឹងការបង្ហាញសិល្បៈវប្បធម៌ ការស្នាក់នៅជាមួយឪពុកម្តាយធម៌ ទស្សនកិច្ចសិក្សា និងជាពិសេស គឺចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន និងអាស៊ាន។ ក្នុងឱកាសនោះដែរ លោកបានលើកទឹកចិត្ត ប្រតិភូយុវជនកម្ពុជាខិតខំក្រេបជញ្ជក់នូវបទពិសោធន៍នានាជាពិសេស គឺជំនាញទន់ដូចជា ការបង្កើននូវការយល់ដឹងទៅវិញទៅមកនូវវប្បធម៌ក្នុងតំបន់ ការលើកកម្ពស់ចំណេះដឹង និងបទពិសោធន៍ក្នុងភាពជាអ្នកដឹកនាំ ការធ្វើការងារ និងរស់នៅជាក្រុម ការកសាងនូវបណ្តាញទំនាក់ទំនង និងការជំរុញនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានជម្រាបជូនអង្គប្រជុំថា សមាគម នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បង្កើតឡើងក្នុងគោលបំណងធំៗចំនួន៤ ក្នុងនោះទី១ ជាឆត្រថែរក្សា និងពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាពរវាងអតីតប្រតិភូយុវជនទាំងអស់ ទី២ រៀបចំវគ្គបណ្តុះបណ្តាលមុនពេលចេញដំណើរ ដើម្បីជាការចែករំលែកចំណេះដឹង និងបទពិសោធន៍គ្រប់ជ្រុងជ្រោយ ជូនប្រតិភូយុវជនជំនាន់ក្រោយ ឱ្យចូលរួមកម្មវិធីប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។ ៣ កៀរគរធនធាន និងបំផុសទឹកចិត្តយុវជនឱ្យចេះផ្តួចផ្តើមគំនិតក្នុងការបង្កើត និងចូលរួមសកម្មភាពសង្គមឱ្យកាន់តែសកម្ម និងទី៤ ចូលរួមជួយសម្រេចឱ្យបាននូវគោលបំណងរបស់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន។ ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តប្រតិភូយុវជនកម្ពុជា ចូលរួមផ្សព្វផ្សាយអាទិភាពវិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ វិស័យអាទិភាពទាំងនោះរួមមាន បង្កើនសកម្មភាពអប់រំសុខភាព សំដៅលើកកម្ពស់សុខភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង ការប្រយុទ្ធនឹងជំងឺឆ្លង ការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺឆ្លងជាសកលដែលជាបញ្ហាសុខភាពសាធារណៈ និងការទប់ស្កាត់ជំងឺមិនឆ្លង។ ការទប់ស្កាត់ និង បង្ការជំងឺបណ្ដាលមកពីផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ ការធ្វើឱ្យប្រសើរឡើងនូវការពិនិត្យ និងព្យាបាលជំងឺ នៅតាមសហគមន៍ ជាពិសេសមណ្ឌលសុខភាព លើកកម្ពស់គុណភាពការថែទាំសុខភាពនៅគ្រប់កម្រិត តាមរយៈការអភិវឌ្ឍធនធានមនុស្ស និងភាពជាអ្នកដឹកនាំនវានុវត្តន៍ការធ្វើនិយ័តកម្មលើសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន និងការអភិវឌ្ឍសុខភាពឌីជីថល។ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រតិភូនាវាយុវជនទាំងអស់ ត្រូវរៀបចំខ្លួនឱ្យបានស័ក្ដិសមជាកូនខ្មែរ ដោយបានលើកឡើងថា ប្រតិភូនេះហើយជាតំណាងឱ្យប្រជាជនខ្មែរទូទាំងប្រទេស ហើយក៏ត្រូវធ្វើយ៉ាងណា កសាងមិត្តភាពឱ្យបានច្រើនដើម្បីថ្ងៃអនាគតអាចក្លាយទៅជាដៃគូសហប្រតិបត្តិការដ៏ល្អ៕