ភ្នំពេញៈ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ឱ្យដឹងថា លោក រ៉ុង ឈុន អតីតអនុប្រធានគណបក្សភ្លើងទៀន ដែលទើបតែប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ មិនមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឡើយ បើយោងតាមទិដ្ឋភាពច្បាប់។
លោក ជិន ម៉ាលីន បានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ថា ផ្អែកតាមលិខិតរបស់ក្រសួងយុត្តិធម៌ ផ្ញើជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោ (គ.ជ.ប.) កាលពីដើមខែឧសភា កន្លងទៅ បានបញ្ជាក់យ៉ាងច្បាស់ហើយថា លោក រ៉ុង ឈុន នៅពេលបច្ចុប្បន្ននេះ មិនទាន់មាននីតិសម្បទាឡើងវិញនៅឡើយទេ ដូចនេះលោកមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតបានទេ។
លោកបានថ្លែងថា៖ «សាលដីកាតុលាការកំពូល ក៏បានកំណត់លក្ខខណ្ឌមួយចំនួនដែលគាត់[រ៉ុង ឈុន] ត្រូវអនុវត្ត និងគោរពតាមដែរ ហើយបើសិនជាបំពានលក្ខខណ្ឌទាំងនោះ អាចត្រូវប្រឈមនឹងវិធានការច្បាប់ដែលមានជាធរមាន»។
លោក ជិន ម៉ាលីន បានបន្ថែមថា ក្នុងករណីដែលលោករ៉ុង ឈុន បំពានបម្រាមដែលតុលាការដាក់ចេញ នោះតុលាការនឹងចាត់វិធានការ ដែលតុលាការជាអ្នកមានសិទ្ធិសម្រេច។
លោក រ៉ុង ឈុន ប្រកាសលាឈប់ពីតួនាទីជាអនុប្រធានគណបក្សភ្លើងទៀន ហើយចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ ដែលជាគណបក្សថ្មី កាលពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅនេះ។
លោក រ៉ុង ឈុន ថ្លែងថា សាលដីកាតុលាការកំពូល ដែលកំណត់លក្ខខណ្ឌដល់លោក ៥ចំណុច គឺមិនមានចំណុចពាក់ព័ន្ធនឹងការធ្វើនយោបាយទេ ហើយដែលកន្លងមក ក្នុងតួនាទីរបស់លោកជាអនុប្រធានគណបក្សភ្លើងទៀន ក៏មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃផងដែរ ខណៈលោកមានការភ្ញាក់ផ្អើលដែរចំពោះការលើកឡើងពីនីតិសម្បទារបស់លោកនេះ។
លោក រ៉ុង ឈុន បានថ្លែងថា៖ «បម្រាមរបស់តុលារការគឺមិនមានចំណុចហាមឃាត់ខ្ញុំធ្វើនយោបាយទេ គឺមានតែបម្រាមមិនឱ្យចាកចេញទៅក្រៅប្រទេស ដែលត្រូវសុំការអនុញ្ញាតពីតុលាការ ហើយការផ្លាស់ប្តូរទីលំនៅត្រូវជូនដំណឹងទៅអាជ្ញាធរ ឬតុលាការ ជាដើមប៉ុណ្ណោះ។ ទោះជាយ៉ាងណា កន្លងទៅ ក្រសួងយុត្តិធម៌ថា ខ្ញុំគ្មាននីតិសម្បទាឈរឈ្មោះឱ្យគេបោះឆ្នោត ខ្ញុំធ្លាប់ដកខ្លួនមិនឈរឈ្មោះនៅមណ្ឌលខេត្តកណ្តាលកាលនៅបក្សភ្លើងទៀន»។
លោកថា លោកមិនមានការព្រួយបារម្ភថា អាចប្រឈមនឹងការចាប់ខ្លួនណាមួយឡើយ ខណៈលោកមិនបានប្រព្រឹត្តអ្វីខុសនោះ ហើយលោកមានសិទ្ធិចូលរួមជាមួយគណបក្សកម្លាំងជាតិ ជាស្ពានថ្មីសម្រាប់អ្នកប្រជាធិបតេយ្យ ដោយសារគណបក្សភ្លើងទៀនជួបឧបសគ្គ ដែលមិនអាចចូលរួមការប្រកួតប្រជែងការបោះឆ្នោតបាន។
លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ក៏បានលើកឡើងដែរថា រាល់គណបក្សនយោបាយស្របច្បាប់ សុទ្ធតែអាចចូលរួមរាល់ការបោះឆ្នោតបាន ដែលនៅកម្ពុជាប្រើប្រាស់ការបោះឆ្នោតប្រព័ន្ធសមាមាត្រ ដែលតម្រូវឱ្យគណបក្សនយោបាយរៀបចំឈ្មោះបេក្ខជនឈរឈ្មោះ ហើយដែលតម្រូវឱ្យគោរពតាមលក្ខខណ្ឌកំណត់ដល់ច្បាប់ស្តីពីការបោះឆ្នោត។
លោកបន្តថា គ.ជ.ប តែងត្រួតពិនិត្យលើលក្ខខណ្ឌរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត តាមគណបក្សនយោបាយនីមួយៗ បើស្របតាមច្បាប់ គ.ជ.ប នឹងមានការអនុញ្ញាត ប៉ុន្តែបើមិនគ្រប់លក្ខខណ្ឌវិញ គ.ជ.ប នឹងធ្វើសំណើទៅគណបក្សនយោបាយវិញ ឱ្យមានការផ្លាស់ប្តូរការជ្រើសតាំងបេក្ខជន។
លោកបានថ្លែងថា៖ «សម្រាប់លោករ៉ុង ឈុន គាត់មានសិទ្ធិទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សនយោបាយនានា ជាសិទ្ធិពលរដ្ឋ ធានាដោយរដ្ឋធម្មនុញ្ញ ដូច្នេះ អ្វីដែលសំខាន់គណបក្សនយោបាយនីមួយៗរៀបចំបញ្ជីឈ្មោះបេក្ខជនឈ្មោះឱ្យស្របតាមលក្ខខណ្ឌនោះទេ»។
លោក សោម សូរីដា បន្ថែមថា សម្រាប់ករណីលោករ៉ុង ឈុន ខាងគ.ជ.ប ត្រូវគោរពតាមសេចក្តីសម្រេចរបស់តុលាការ និងការសម្រេចក្នុងទិដ្ឋភាពច្បាប់ផ្សេងៗ បើសិនមានសេចក្តីសម្រេចណាមួយថា លោករ៉ុង ឈុន គ្មានសិទ្ធិឈរបោះឆ្នោត នោះគ.ជ.ប អាចនឹងស្នើទៅគណបក្សកម្លាំងជាតិផ្លាស់ប្តូរបេក្ខភាពផងដែរ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ថា លោករ៉ុង ឈុន ស្ថិតក្នុងដំណាក់កាលនៃការតាមដានរបស់តុលាការ ដែលលោកមិនអាចមានសេរីភាពនយោបាយពេញលេញដូចលោកចង់ឡើយ។
លោកថា ការប្រកាសលាលែងរបស់លោក រ៉ុង ឈុន ពីបក្សមួយទៅបក្សមួយ ជាចរន្តនយោបាយកម្ពុជាទេ ដោយសារគណបក្សភ្លើងទៀនគ្មានសង្ឃឹមចូលរួមការបោះឆ្នោតនានា ក្នុងពេលខាងមុខនោះ។
លោក យង់ ពៅ ថា៖ «ជម្រើសល្អសម្រាប់លោក រ៉ុង ឈុន គឺអនុវត្តកាតព្វកិច្ចច្បាប់របស់ខ្លួនឱ្យបានល្អ វាអាចប៉ះពាល់ដល់គណបក្សនយោបាយថ្មីដែលគាត់ចូលរូម បើសិនគ្មានការប្រយ័ត្នប្រយែង វាអាចប៉ះពាល់ដល់នីតិសម្បទា ដែលជម្រើសសម្រាប់គាត់ គឺត្រូវអនុវត្តតាមលក្ខខណ្ឌដែលតុលាការដាក់ចេញ»។
សូមជម្រាបថា លិខិតដែលក្រសួងយុត្តិធម៌ ផ្ញើជូនគ.ជ.ប កាលពីខែឧសភា ឆ្នាំ ២០២៣ បញ្ជាក់ថា លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញនៅឡើយទេ ដោយសារមិនទាន់ផុតរយៈពេលច្បាប់ គិតចាប់ពីថ្ងៃអនុវត្តន៍ទោស តាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
សាលដីការបស់សាលាឧទ្ធរណ៍ ក៏ត្រូវបានតុលាការកំពូល តម្កល់សាលដីកាព្រហ្មទណ្ឌលេខ ១១០ បានកំណត់ផ្ដន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគារកំណត់រយៈពេល ២ ឆ្នាំ តែត្រូវកែប្រែទោសនេះ ដោយអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ៣ខែ ១១ថ្ងៃ។ ទោសដែលនៅសល់ត្រូវព្យួរទោសសាកល្បងដោយកំណត់រយៈពេល៣ឆ្នាំ។
លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ អំឡុងពេលលោកចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។ ក្នុងពេលចុះទៅកាន់ព្រំដែននេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល ៥០០ ម៉ែត្រ៕