ភ្នំពេញៈ អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិព័រណ៍ផលិតផលបន្លែផ្លែឈើ និងផលិតផលក្នុងស្រុក រយៈពេល ៣ ថ្ងៃ ដើម្បីលើកទឹកចិត្តដល់សហគមន៍ជាអ្នកផលិត និងជំរុញឱ្យអ្នកទិញ ជួយគាំទ្រការប្រើប្រាស់ផលិតផលខ្មែរដែលមានស្ដង់ដាត្រឹមត្រូវ។
ពិព័រណ៍ផលិតផលបន្លែផ្លែឈើ និងផលិតផលក្នុងស្រុកនេះ បានរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរខេត្តសៀមរាប មន្ត្រីពាក់ព័ន្ធ វិស័យឯកជន និងកសិករផងដែរ។
តាមរយៈហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ១0 ខែវិច្ឆិកា លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ដែលបានចូលរួមពិព័រណ៍នេះ បានលើកឡើងថា ពិព័រណ៍នេះមានការដាក់តាំងបង្ហាញ និងលក់ផលិតផលបន្លែផ្លែឈើ វត្ថុអនុស្សាវរីយ៍ ផលិតផលរបស់សហគមន៍ និងផលិតផលភូមិ ១ ផលិតផល ១ មកពីខេត្តចំនួន ៦ ដោយមានក្រុមហ៊ុន សហគ្រាស និងអាជីករក្នុងស្រុកចូលរួមផងដែរ។
លោកបន្តថា យុទ្ធនាការទិញផលិតផលខ្មែរ ជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ហើយយុទ្ធនាការនេះ ជាសំឡេងជួងដាស់ស្មារតីប្រជាជនកម្ពុជាឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ។
លោក នាក់ ណេរ៉ុន បានថ្លែងថា៖ «យើងសង្ឃឹមថា ការដាក់តាំងបង្ហាញដែលមានការចូលរួមពីវិស័យរដ្ឋ ឯកជន សមាគម អង្គការ សណ្ឋាគារ ភោជនីយដ្ឋាន និងអ្នកផលិតនៅពេលនេះ នឹងផ្តល់លទ្ធភាពកាន់តែប្រសើរ និងជាសញ្ញាដ៏ល្អក្នុងការផលិត និងពង្រីកការដាំដុះ ការកែច្នៃដើម្បីធ្វើឱ្យផលិតផលក្នុងស្រុក កើនឡើងទាំងបរិមាណ គុណភាព សោភណភាព ក្នុងសមត្ថភាពប្រកួតប្រជែងនៅតាមទីផ្សារ»។
លោកក៏បានជំរុញដល់ផលិតករ ពាណិជ្ជករកម្ពុជា ត្រូវខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញសម្រាប់បម្រើទីផ្សារ ដោយអនុលោមតាមគោលការណ៍ «ភក្តីភាពចំពោះពាណិជ្ជកម្ម» គឺផលិតផលត្រូវតែមានគុណភាព មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្តង់ដាអនាម័យ និងមានតម្លៃសមរម្យ នោះទើបអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាន។
ដោយឡែក លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ក៏បានឱ្យដឹងដែរថា ពិព័រណ៍នេះ មានស្ដង់ចំនួន ៧០ស្ដង់ ដោយបានដាក់តាំងបន្លែផ្លែឈើ និងផលិតផលក្នុងស្រុកជាច្រើនមុខ ដែលជាស្នាដៃរបស់កូនខ្មែរមកពីសហគមន៍ផ្សេងៗគ្នាទាំងខេត្ដសៀមរាប និងខេត្ដផ្សេងៗទៀតរួមមាន៖ បន្ទាយមានជ័យ បាត់ដំបង និងខេត្តតាកែវ។
លោកបានបន្តថា ក្នុងនោះមានផលិតផលតាំងពិព័រណ៍ដូចជា៖ បន្លែផ្លែឈើ ចម្លាក់ថ្ម-ឈើ ប្រាក់-ស្ពាន់ សិប្បកម្មតម្បាញសូត្រ អង្ករ ឱសថបុរាណ វត្ថុអនុស្សាវរីយ៍ ផលិតផលពីការកែច្នៃ ផ្នែកវារីវប្បកម្ម គ្រាប់ធញ្ញជាតិ គ្រឿងទេស នំ ភេសជ្ជៈ និងផលិតផលផ្សេងៗជាច្រើនទៀត។
លោកភឿន គឹមលី បានថ្លែងថា៖ «ការតាំងផលិតផលក្នុងស្រុកនេះ គឺដើម្បីបង្ហាញដល់ម្ចាស់អាជីវកម្ម ភ្ញៀវទេសចរ ឱ្យពួកគាត់ប្រើប្រាស់ផលិតផលក្នុងស្រុកដែលមានគុណភាពល្អ មិនមានជាតិគីមី ព្រមទាំងជួយលើកកម្ពស់ដល់អ្នកផលិតផងដែរ»៕