ភ្នំពេញៈ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការសូមយាងរបស់លោក Emmanuel MACRON ប្រធានាធិបតីបារាំងដើម្បីចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤។
អញ្ជើញជូនព្រះរាជដំណើរព្រះមហាក្សត្រយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅបារាំងនាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា មានប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរលើតេឡេក្រាមថា៖«ព្រះបង្គំនិងប្រតិភូរាជរដ្ឋាភិបាល សូមគោរពថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការដើម្បីចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការ អភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរដែលនឹងរៀបចំឡើងក្នុងឱកាសសម័យប្រជុំលើកទី៤២ នៃសន្និសីទអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំង»។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី ១០ ខែវិច្ឆិកា បានឱ្យដឹងថា ការអញ្ជើញចូលរួមដង្ហែព្រះមហាក្សត្រខ្មែរក្នុងព្រះរាជទស្សនកិច្ចនេះ រួមមាន លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងឥស្សរជន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។
ប្រភពដដែលបញ្ជាក់ថា ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ស្របពេលដែលកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងមានព្រះរាជសវនាការ ជាមួយលោក អេម៉ានុយអែល ម៉ាក្រុង នៅវិមានប្រធានាធិបតី Palais de l’Élysée នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ព្រះករុណាក៏នឹងយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើងក្នុងឱកាសសម័យប្រជុំលើកទី៤២ នាសន្និសីទអង្គការយូណេស្កូ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ផងដែរ។
លោក ថុង ម៉េងដាវិត អ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌលមេគង្គសម្រាប់ ការសិក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានឱ្យដឹងនៅថ្ងៃទី ១២ ខែវិច្ឆិកាថា កម្ពុជានិងបារាំងមានទំនាក់ទំនងគ្នាជាប្រវត្តិសាស្ត្រ ហើយកត្តាវប្បធម៌ សិល្បៈនិងមនុស្សបានក្លាយទៅជាគ្រឹះនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ២ ហើយព្រះមហាក្សត្របានដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងទាំងនេះ។
លោកបានបន្តថា៖ «ការយាងរបស់ព្រះមហាក្សត្រទៅសាធារណរដ្ឋបារាំងគឺជាការលើកកម្ពស់កិត្យានុភាពក៏ដូចជា ការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌កម្ពុជាទៅដល់ពិភពលោកឱ្យស្គាល់កម្ពុជាកាន់តែច្រើនទៀត។ កម្ពុជានិងបារាំងក៏ផ្តោតសំខាន់និងគោរពលើការកសាងសហគមន៍អន្តរជាតិដែលពោរពេញដោយសន្តិភាព កិច្ចសហប្រតិបត្តិការល្អ និងគោរពច្បាប់អន្តរជាតិ»។
លោក ថុង ម៉េងដាវីត បានបន្ថែមថា ក្រៅពីនេះព្រះមហាក្សត្រក៏នឹងយាងផ្តល់សវនាការដល់ប្រធានាធិបតីបារាំង ដើម្បីជួបពិភាក្សាការងារ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំង២ក្នុងវិស័យសុខាភិបាល អភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យានិងនវានុវត្តន៍សេដ្ឋកិច្ចនិងវិនិយោគក៏ដូចជាវិស័យវប្បធម៌និងអភិរក្សជាដើម។
លោកថា៖«កត្តាទាំងអស់នេះជាគុណតម្លៃរួមនៃការលើកកម្ពស់ការទូតវប្បធម៌ និងការទូតសេដ្ឋកិច្ចរបស់កម្ពុជា និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជាក្នុងការកសាងសង្គមសេដ្ឋកិច្ចរបស់ខ្លួន»។
ចំណែក លោក គិន ភា ប្រធានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងដែរថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រកម្ពុជាទៅប្រទេសបារាំងនេះអាចជួយជំរុញទំនាក់ទំនងរវាងកម្ពុជានិងបារាំងឱ្យកាន់តែល្អជាងមុន ហើយក៏ជាសក្ខីកម្មបង្ហាញពីការផ្លាស់ប្តូដ៏ល្អមួយរវាងប្រជាជនកម្ពុជា និងបារាំងផងដែរ។
លោកបានបន្ថែមថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះក៏ជាការបោះដៃរកគ្នាទៅលើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជានិងបារាំងផងដែរ។
ប្រទេសទាំង ២ អាចធ្វើកិច្ចសហការគ្នាបានពីព្រោះកម្ពុជា និងបារាំងមានកិច្ចការជាច្រើនដែលអាចពឹងពាក់គ្នា ជាពិសេសក្នុងន័យជាទ្វេភាគី។
លោកបានបញ្ជាក់ថា៖ «ទំនាក់ទំនងរវាងកម្ពុជា និងបារាំងមិនអាចខ្វះគ្នាបានទេ ជាពិសេសនោះកម្ពុជា គឺជាសមាជិកនៃអង្គការសហប្រជាជាតិដែលនេះហើយជាការតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងបារាំងនិងកម្ពុជា ពីព្រោះប្រទេសបារាំងសព្វថ្ងៃនេះ បានតួនាទីស្នូលនៅអង្គការសហប្រជាជាតិផងដែរ»៕
វង្ស ដារាវ៉ាឌី