ភ្នំពេញ: ព្រឹត្តិការណ៍សិល្បៈបែបបស្ចិមប្រទេសមួយ នឹងរៀបចំឡើងក្នុងប្រទេសកម្ពុជា គឺជាល្ខោនអូប៉េរ៉ា «Madama Butterfly» របស់អ្នកនិពន្ធ Giacomo Puccini ដែលនឹងធ្វើឱ្យមហាជនចាប់អារម្មណ៍នៅថ្ងៃទី ១០ ខែធ្នូ ខាងមុខ។
ព្រឹត្តិការណ៍ល្ខោនអូប៉េរ៉ានេះ ត្រូវបានប្រារព្ធឡើងក្រោមកិច្ចសហការជាអន្តរជាតិ ដោយមានការបង្ហាញការសម្ដែងរវាងសិល្បករអន្ដរជាតិ រួមជាមួយសិល្បករនៅកម្ពុជា។ «Madama Butterfly» ដែលបានសម្ដែងលើកដំបូងក្នុងឆ្នាំ ១៩០៤ បានវិវឌ្ឍតាមរយៈការកែប្រែផ្សេងៗ ទៅជាល្ខោនអូប៉េរ៉ា ដែលទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយ។
សាច់រឿងល្ខោនតាមកំណែទម្រង់របស់ជប៉ុន និយាយអំពីរឿងសោកនាដកម្មរបស់ស្ដ្រីចម្រៀង Cio-Cio ដែលស៊ូទ្រាំនឹងការអំពើក្បត់ និងទុក្ខព្រួយ។
ព្រឹត្តិការណ៍នេះទទួលបានការចាប់អារម្មណ៍ និងការគាំទ្រពីឥស្សរជនលេចធ្លោ ដែលក្នុងនោះមាន ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី។ ទ្រង់បានបង្ហាញហឫទ័យ ចង់ឱ្យប្រជាជនក្នុងប្រទេសកម្ពុជា ចូលរួមជាមួយនឹងវិសាលភាពសិល្បៈដ៏ទូលំទូលាយនេះ។
ព្រះអង្គម្ចាស់ក្សត្រីមានបន្ទូលថា៖ «ដូចដែលយើងអាចកត់សម្គាល់បាន ប្រជាជនកម្ពុជាយើងជំនាន់នេះ មានការចាប់អារម្មណ៍លើសិល្បៈច្រើន។ ខ្ញុំចង់ឱ្យមនុស្សជំនាន់យើង បើកចិត្ដទទួលយកទម្រង់សិល្បៈ តន្ត្រីផ្សេងៗ»។
ចំពោះការសម្តែងល្ខោនអូប៉េរ៉ាលើកទី៣ នៅកម្ពុជានេះ ព្រះអង្គម្ចាស់ក្សត្រី បានរំឭកអនុស្សាវរីយ៍ដ៏រីករាយថា ល្ខោនអូប៉េរ៉ាខ្នាតអន្តរជាតិចំនួន ២ លើក ត្រូវបានរៀបចំឡើងនៅកម្ពុជា គឺក្នុងឆ្នាំ ២០១៨ និង ២០១៩ ដែលទ្រង់បានរៀបចំជាមួយសម្ដេចព្រះរៀម នរោត្ដម បុប្ផាទេវី។
ព្រះអង្គម្ចាស់ក្សត្រី រតនាទេវី បានបញ្ជាក់ថា៖ «ខ្ញុំចាំបានថា វាតែងតែធ្វើឱ្យខ្ញុំនឹកឃើញដល់អនុស្សាវរីយ៍ល្អៗ ព្រោះនៅពេលនោះ ក្នុងការធ្វើសន្និសីទ ២លើកដំបូង ខ្ញុំនៅជាមួយសម្ដេចព្រះរៀម បុប្ផាទេវី ដែលទ្រង់ក៏ជាសិល្បករ ១អង្គដែរ។ ទ្រង់តែងតែប្រាប់យើងថា ទ្រង់ចង់ឱ្យគម្រោងអូប៉េរ៉ាកម្ពុជា បន្តរៀបចំព្រឹត្តិការណ៍បែបនេះ ព្រោះនៅលើឆាកមានអ្នកចម្រៀង និងសិល្បករដែលស្រឡាញ់លើការងាររបស់ខ្លួនជាខ្លាំង ហើយវានឹងផ្ទេរចំណង់ចំណូលចិត្តរបស់ពួកគេទៅកាន់ទស្សនិកជន»។
កម្មវិធីនេះ មានអ្នកសម្ដែងជាង ៧០ នាក់ រួមទាំងវង់តន្ត្រី និងក្រុមចម្រៀង ក្រោមការដឹកនាំសិល្បៈរបស់ជនជាតិអ៊ីតាលី Vincenzo Grisostomi Travaglini និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍន៉ា មុនីពង្ស។
តួសម្តែងអន្តរជាតិមានទេពកោសល្យចូលរួមទាំងតារាអ៊ីតាលី និងជប៉ុនដូចជា Yasko Fujii, Ai Iwasaki និង Enrico Terrone Guerra ក៏ដូចជាអ្នកចម្រៀងអូប៉េរ៉ា ដ៏ល្បីល្បាញរបស់កម្ពុជាលោក ឃួន សិទ្ធិសក្តិ។
លោក សិទ្ធិសក្តិ បានឱ្យដឹងថា ប្រជាជនខ្មែរ កន្លងមកមិនស្គាល់អំពីការសម្ដែងអូប៉េរ៉ា ហើយក្នុងឆ្នាំ ១៩៩៦ ពេលលោកច្រៀងអូប៉េរ៉ា ត្រូវបានមហាជនសើចចំពោះការស្រែកច្រៀងរបស់លោក។
លោកបាននិយាយថា៖ «អូប៉េរ៉ាជាសិល្បៈមិនត្រឹមតែច្រៀង និងសម្ដែង ជាពិសេសភាសាថែមទៀត។ ប្រសិនបើអូប៉េរ៉ាជាអ៊ីតាលី អ្នកច្រៀងត្រូវច្រៀងជាភាសាអ៊ីតាលី ហើយប្រសិនបើអូប៉េរ៉ាជាបារាំង អ្នកច្រៀងត្រូវច្រៀងជាភាសាបារាំង»។
លោក សិទ្ធិសក្ដិ បានបន្ដថា អូប៉េរ៉ា ត្រូវបានចាត់ទុកជាសិល្បៈវប្បធម៌មនុស្សជាតិលើពិភពលោក។ ផ្ទាំងទស្សនីយភាពដែលត្រូវបានសម្ដែងនៅកម្ពុជានេះ ពិតជាអស្ចារ្យណាស់ ដោយមានអ្នកចម្រៀង និងអ្នកសម្ដែងមកពីជុំវិញពិភពលោក។
លោកបានធ្វើការប្រៀបធៀបល្ខោនអូប៉េរ៉ាទៅនឹងល្ខោនបាសាក់ និងយីកេ ដែលជាទម្រង់សិល្បៈស្រដៀងគ្នា។
លោក ហ្វាចា ហ្គាប្រៀល នាយកផលិតកម្ម និងជានាយកប្រតិបត្តិនៃ Soundskool Music ជាអ្នកឧបត្ថម្ភល្ខោនអូប៉េរ៉ាមួយ បានថ្លែងថា ក្រុមការងារផលិតមានការចូលរួមពីអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍន៉ា មុនីពង្ស ដែលតំណាងដោយព្រះវត្ដមានកិត្តិយសរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា។
ក្រៅពីព្រះរាជវង្សទាំង ២ អង្គ ពួកគេរំពឹងថា នឹងមានការចូលរួមពីសមាជិកគ្រួសាររាជវង្ស ប្រហែល ៣០ អង្គ និងមន្ត្រីរដ្ឋាភិបាល ២០ នាក់ បន្ថែមពីលើភ្ញៀវ VIP ប្រហែល ៣០០ នាក់នៅយប់នៃព្រឹត្តិការណ៍នេះ។
លោក ហ្គាប្រៀល បានឱ្យដឹងថា៖ «តាមការរំពឹង នឹងមានលក់សំបុត្រសរុបប្រមាណ ១ ៥០០ សន្លឹក ហើយរហូតមកទល់ពេលនេះ យើងលក់បាន ១ពាន់សន្លឹក។ អ្នកឧបត្ថម្ភសំខាន់ៗសម្រាប់ឆ្នាំនេះ គឺ ABC, Soundskool Music, Cellcard និងស្ថានទូតអ៊ីតាលីនៅទីក្រុងបាងកក»។
បញ្ហាប្រឈមផ្នែកភ័ស្តុភារនៃការធ្វើរៀបចំព្រឹត្តិការណ៍ដ៏ធំបែបនេះ គឺមានសារៈសំខាន់ពាក់ព័ន្ធនឹងការធ្វើដំណើរអន្តរជាតិ ការស្នាក់នៅ និងការសម្របសម្រួលនៃក្រុមការងារដ៏ធំ។
លោកបានបន្ដថា៖ «ពួកគេត្រូវញ៉ាំ ពួកគេត្រូវគេង ពួកគេត្រូវធ្វើដំណើរ និងសម្របសម្រួល ២ សប្តាហ៍ មុនព្រឹត្តិការណ៍។ យើងមានរោងមហោស្រពកោះពេជ្រ ជារោងមហោស្រពធំជាងគេក្នុងប្រទេសកម្ពុជា ដែលចាំបាច់ត្រូវរៀបចំ និងកែសម្រួលឡើងវិញទាំងស្រុង សម្រាប់ការរៀបចំល្ខោនអូប៉េរ៉ានេះ»។
ទោះជាយ៉ាងនេះក្តី ភាពរីករាយ និងការប្តេជ្ញាចិត្តរបស់សិល្បករអន្តរជាតិ មិនមែនដោយសារការរកកម្រៃនោះទេ ប៉ុន្តែដោយសារក្តីស្រឡាញ់ចំពោះប្រទេសកម្ពុជា និងសារៈសំខាន់នៃព្រឹត្តិការណ៍នេះ មានភាពលេចធ្លោ។
មោទនភាពរបស់ព្រះអង្គម្ចាស់ក្សត្រី រតនាទេវី នៅក្នុងព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសិល្បៈវប្បធម៌កាន់តែទូលំទូលាយ។ សមាហរណកម្មតន្ត្រីករ អ្នកចម្រៀង និងសិល្បករក្នុងស្រុកនៅក្នុងកម្មវិធីសិល្បៈបែបសកល បានគូសបញ្ជាក់ពីស្មារតីសហការគ្នា ដោយបញ្ចូលទេពកោសល្យអន្តរជាតិ ជាមួយនឹងគំនិតច្នៃប្រឌិតរបស់កម្ពុជា។
ព្រះអង្គម្ចាស់ក្សត្រីបានព្រះបន្ទូលថា៖ «ខ្ញុំពិតជាមានមោទនភាពណាស់ដែលកម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅកម្ពុជា។ ដូច្នេះយើងមានកិច្ចសហការពីគ្រប់គ្នា។ សម្លៀកបំពាក់សម្រាប់ការសម្ដែង តន្ត្រីករខ្មែរ អ្នកចម្រៀងខ្មែរ សិល្បករក្នុងស្រុកដែលនឹងរួមចំណែកក្នុងការរៀបចំ។ ដូច្នេះខ្ញុំមានមោទនភាពណាស់»។
«Madama Butterfly» ប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែធ្នូ នៅមហោស្រពកោះពេជ្រ។ ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥ ភាគរយ សូមប្រើលេខកូដ “ABCBEExceptional” នៅតំណភ្ជាប់ https://www.madama-butterfly.org/tickets៕