ភ្នំពេញៈ កម្ពុជា និងប្រទេសជាសមាជិកអាស៊ាន បានឯកភាពបង្កើតក្រុមការងារពិសេសអាស៊ាន (ASEAN Adhoc ask Force) ដែលចូលរួមដោយមន្ត្រីមកពីវិស័យទេសចរណ៍ និងដឹកជញ្ជូនអាស៊ាននិងបានដាក់ចេញនូវសេចក្តីប្រកាសរួមគ្នាដើម្បីបង្ហាញពីការប្តេជ្ញាចិត្តធ្វើការរួមគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងវិស័យទេសចរណ៍ និងដឹកជញ្ជូនអាស៊ាន។
ការសម្រេចនេះ ត្រូវបានធ្វើឡើងនាឱកាស ដែលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៩ និងកិច្ចប្រជុំពាក់ព័ន្ធ រយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ៩-១០ វិច្ឆិកាឆ្នាំ ២០២៣។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខសូកេន បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិតស្តីពីការងារដែលផ្សារភ្ជាប់គ្នា រវាងរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ក្រោមកិច្ចសហការដឹកនាំដោយ លោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ និងជាប្រធានអាស៊ាន ផ្នែកទេសចរណ៍ និងលោក Ngampasong Muongmany រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនឡាវនិងជាប្រធានអាស៊ានផ្នែកដឹកជញ្ជូន។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំនេះ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១១ ខែវិច្ឆិកា បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូនអាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងដំណាក់កាលក្រោយវិបត្តិជំងឺកូវីដ ១៩ ក៏ដូចជាជំរុញការធ្វើដំណើរ និងលំហូរភ្ញៀវទេសចរក្នុងតំបន់អាស៊ានផងដែរ។
អង្គប្រជុំ ក៏បានទទួលស្គាល់នូវសារៈសំខាន់លើកិច្ចសហប្រតិបត្តិការអន្តរវិស័យរវាងវិស័យទេសចរណ៍និងវិស័យដឹកជញ្ជូនដែលគួរតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីស្វែងរកវិធីសាស្ត្រនានាសំដៅដល់ការជំរុញលំហូរទេសចរណ៍ក្នុងតំបន់។
នាកិច្ចប្រជុំនេះដែរលោក សុខ សូកេន បានថ្លែងអំណរគុណ ដល់ភាគីឡាវដែលបានរៀបចំកិច្ចប្រជុំនេះ ស្របតាមស្មារតីនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី ២៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៨ ដើម្បីជំរុញការតភ្ជាប់តាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកក្នុងតំបន់អាស៊ានទាំងមូល។
ក្នុងន័យនេះលោករដ្ឋមន្ត្រី បានរំលេចពីភាពចាំបាច់នៃកិច្ចសហការស៊ីចង្វាក់រវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការធ្វើសមាហរណកម្មនៃវិស័យទេសចរណ៍និងវិស័យដឹកជញ្ចូន ធានាបាននូវកំណើនសេដ្ឋកិច្ចតំបន់អាស៊ានប្រកបដោយចីរភាព និងបរិយាបន្ន។
លោកថ្លែងថា៖«កិច្ចសហការនៃវិស័យទាំង២នេះនឹងត្រួសត្រាយផ្លូវក្នុងការបង្កើនទំនុកចិត្តរបស់ភ្ញៀវទេសចរ ឈានទៅសម្រេចបាននូវគោលបំណងរួមមួយក្នុងការប្រែក្លាយតំបន់អាស៊ានទៅជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព»។
អង្គប្រជុំក៏បានពិភាក្សាលើចំណុចគន្លឹះមួយចំនួនផងដែរ រួមមាន៖ ការពង្រឹងការតភ្ជាប់ផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដើម្បីលើកកម្ពស់ការធ្វើដំណើរក្នុងតំបន់ឱ្យកាន់តែប្រសើរ, ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យទាំងពីរ, ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យ
ទាំងពីរ ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីបង្កើនគុណភាពនៃការប្រមូលផ្ដុំទិន្នន័យនិងការចែករំលែកព័ត៌មានជាដើម។
ពាក់ព័ន្ធវិស័យដឹកជញ្ជូនវិញ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា និងលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានព្រមព្រៀងគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ាន ពិសេសលើវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់ លើកកម្ពស់ការតភ្ជាប់ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រកបដោយប្រសិទ្ធភាព។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមទម្រង់ចម្រុះ (Hybrid) ដែលរៀបចំដោយប្រទេសឡាវ និងចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ាន គណៈប្រតិភូនៃវិស័យទាំងពីរមកពីបណ្តាប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាននិងតំណាងសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) និងសមាគមអន្តរជាតិនៃបណ្តាញនាវាទេសចរណ៍ (CLIA)៕