
អ្នកចូលរួមក្នុងពិធី «ដើរដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង»។ រូបថត ក្រសួងសុខាភិបាល
ភ្នំពេញៈ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានណែនាំឱ្យពលរដ្ឋ ត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងបរិភោគអាហារដែលមានសុវត្ថិភាព ដើម្បីជួយបង្ការពីជំងឺមិនឆ្លង ជាពិសេសបញ្ឈប់ការផឹកគ្រឿងស្រវឹង និងជក់បារី ដែលបណ្ដាលឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺមហារីកជាដើម។
លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើការណែនាំបែបនេះ ក្នុងឱកាសលោកចូលរួមជាអធិបតីក្នុងពិធី «ដើរដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង» ដែលរៀបចំនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពីមន្រ្តី និងប្រជាពលរដ្ឋប្រមាណជាង ២០០នាក់។
យោងតាមហ្វេសប៊ុកក្រសួងសុខាភិបាល នៅថ្ងៃទី ១២ ខែវិច្ឆិកា លោក ង៉ូវ កាង បានថ្លែងថា ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ជាប់ជាប្រចាំ និងការបរិភោគអាហារដែលមានផាសុកភាព គឺជួយបង្ការពីគ្រោះថ្នាក់ផ្សេងៗដែលប៉ះពាល់ដល់សុខភាព ជាពិសេសជួយបង្ការជំងឺមិនឆ្លង។
លោកបានលើកឡើងថា៖ «អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណទៀងទាត់ និងជាប្រចាំ និងការបរិភោគអាហារដែលមានសុវត្ថិភាពសម្រាប់សុខភាព ដោយចៀសវាង និងកាត់បន្ថយអាហារដែលប្រៃខ្លាំង ផ្អែមខ្លាំង ខ្លាញ់ច្រើន បារី និងគ្រឿងស្រវឹង ដែលជាអាហារបង្កគ្រោះថ្នាក់ដល់សុខភាព ព្រោះវាជាកត្តាជំរុញនៃការកកើតឡើងជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងជំងឺមហារីក»។
បើតាមលោក ង៉ូវ កាង ក្រោមការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ឱ្យខិតខំបំពេញការងារបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។
លោកបន្ថែមថា ជាក់ស្ដែងសព្វថ្ងៃនេះ ការផ្តល់ និងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានសុខាភិបាល ទាំងការផ្តល់សេវាថែទាំព្យាបាល និងសេវាអប់រំសុខភាព ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រសួងសុខាភិបាល។
លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ប៉ុន្តែលោកធ្លាប់បានប្រាប់ថា ទោះបីជាជំងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជា មិនមានស្ថានភាពធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែវាក៏ជាបញ្ហាមួយដែលក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ គួរមានក្ដីបារម្ភ និងត្រូវចាប់ផ្ដើមប្រុងប្រយ័ត្នពីឥឡូវនេះ។
លោកថា ប្រសិនជាប្រជាពលរដ្ឋ បានដឹងទុកជាមុន ហើយមានត្រៀមវិធានការការពារនឹងជំងឺមិនឆ្លង នោះវានឹងរួមចំណែកកាត់បន្ថយការចំណាយថវិការបស់ពួកគាត់ លើការព្យាបាលជំងឺទាំងនេះផងដែរ៕