ភ្នំពេញៈ កម្ពុជាចូលរួមសមយុទ្ធពហុសាសន៍ «សន្តិភាពមិត្តភាព ២០២៣» អាមែនយូយី ២០២៣ (AMAN YOUYI 2023) ជុំវិញការប្រឆាំងភេរវកម្ម និងថែរក្សាសន្តិសុខលម្ហសមុទ្រ ដែលរៀបចំដោយកងទ័ពរំដោះប្រជាជនចិន ដែលមានការចូលរួមពីតំណាងអង្គការសហប្រជាជាតិ និងកងកម្លាំងពីប្រទេសអាស៊ីចំនួន ៦ ប្រទេសផងដែរ។
ក្នុងសមយុទ្ធពហុសាសន៍នេះ កម្ពុជាបានបញ្ជូនកងកម្លាំងពិសេសនៃកងយោធពលខេមរភូមិន្ទជិត ១០០ នាក់ ពីបញ្ជាការដ្ឋានទ័ពពិសេស និងបញ្ជាការដ្ឋានពលតូចលេខ ៧០ ប្រដាប់ដោយសម្ភារបរិក្ខារយោធា ដែលចេញដំណើរកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីចូលរួមក្នុងសមយុទ្ធរួមនេះ នៅតំបន់កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង ប្រទេសចិន។
យោងតាមហ្វេសប៊ុកក្រសួងការពារជាតិ បានឱ្យដឹងថា សមយុទ្ធនេះប្រព្រឹត្តទៅរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ក្រោមប្រធានបទ «ប្រតិបត្តិការយោធាចម្រុះ លើការប្រឆាំងភេរវកម្មនិងការថែរក្សាសន្តិសុខលម្ហសមុទ្រ» ដែលមានការចូលរួមពីអង្គការសហប្រជាជាតិ និងប្រទេសចំនួន ៦ រួមមាន៖ កម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ វៀតណាម និងចិន ដែលជាម្ចាស់ផ្ទះក្នុងន័យប្រឆាំងនឹងក្រុមភេរវករទាំងនៅលើគោក និងនៅលើផ្ទៃសមុទ្រ។
នៅក្នុងពិធីសំណេះសំណាលជាមួយនឹងកងកម្លាំងកម្ពុជាដែលចេញទៅធ្វើសមយុទ្ធរួមនេះ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា លោកឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ បានថ្លែងថា សមយុទ្ធនេះជាមោទនភាពសម្រាប់មុខមាត់ប្រទេសកម្ពុជាផងនិងសម្រាប់កងយោធពលខេមរភូមិន្ទ ដែលបានចិនអញ្ជើញឱ្យចូលរួម។
តាមរយៈខ្លឹមសារសំណេះសំណាលដែលបានផ្សព្វផ្សាយដោយកងយោធពលខេមរភូមិន្ទ លោក ឥតសារ៉ាត់ បានបង្ហាញជំនឿជាក់លើកងកម្លាំងកម្ពុជានឹងចូលរួមធ្វើប្រតិបត្តិការក្នុងសមយុទ្ធនេះដោយជោគជ័យ។
លោកក៏បានក្រើនរំឭកផងដែរថា៖ «នាយទាហានទាំងអស់ត្រូវ ប្រកាន់ខ្ជាប់នូវភក្តីភាពទឹកចិត្តក្លាហានកាយសម្បទា និងជំនាញនិងត្រូវចេះគ្រប់គ្រង និងប្រើប្រាស់កម្លាំងឱ្យចំគោលដៅ និងជំនាញ រក្សាការសម្ងាត់យោធាខ្ពស់បំផុត ហើយត្រូវចាត់ទុកសមយុទ្ធដែលយើងទៅចូលរួមនេះ ជាការងារស្នូល»។
លោកក៏បានផ្តាំផ្ញើឱ្យនាយទាហានទាំងអស់ខិតខំសិក្សាដកពិសោធន៍ពីបណ្តាប្រទេសនានាក្នុងសមយុទ្ធនេះ ជាពិសេសទៅលើយុទ្ធវិធីទំនើប ក្នុងការវាយរំដោះចំណាប់ខ្មាំង វាយចូលជ្រៅកម្ទេចបណ្តាទីតាំងខ្មាំង ការប្រយុទ្ធរបៀបទ័ពព្រៃប្រឆាំងទ័ពព្រៃ ឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាង រួមនឹងការបាញ់ប្រតិកម្ម រហ័សកម្ទេចគោលដៅ និងការជ្រៀតចូលទីតាំងខ្មាំងដោយ
សម្ងាត់ និងវិញ្ញាសានៃការបំពេញភារកិច្ចជាច្រើនទៀត។
ពាក់ព័ន្ធនឹងរឿងនេះដែរលោកសេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិបានសម្តែងការគាំទ្រចំពោះការចូលរួមធ្វើសមយុទ្ធយោធាចម្រុះភាគីពាក់ព័ន្ធការប្រឆាំងភេរវកម្មនិងសន្តិសុខលម្ហសមុទ្រដែលមានការចូលរួមពីបណ្តាប្រទេសក្នុងតំបន់ និងវត្តមាន UN ថា ជាការបង្កើនមុខមាត់កម្ពុជានិងការពង្រឹងសមត្ថភាពយោធាកម្ពុជាផងដែរ ជាពិសេសអាចបង្កើតរូបភាពល្អក្នុងមជ្ឈដ្ឋានអន្តរជាតិ ខណៈកម្ពុជារងការរិះគន់ទៅលើការលម្អៀងទៅលើចិន ហើយការចូលរួមបែបចម្រុះភាគីជាការធ្វើពិពិធកម្មការទូតយោធាកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា៖ «នេះជាលទ្ធភាពល្អសម្រាប់កម្ពុជា ខណៈបញ្ហាសន្តិសុខលម្ហសមុទ្រជារឿងសំខាន់សម្រាប់ប្រទេសជាប់ដែនសមុទ្រ ដោយសារវាជាច្រកនាំចេញ នាំចូលសំខាន់ទោះបីសព្វថ្ងៃមានការវិវត្តបច្ចេកវិទ្យាដឹកជញ្ជូនទៅលើដែនអាកាស និងគោកប៉ុន្តែដែនទឹកនៅតែសំខាន់ក្នុងពាណិជ្ជកម្មអន្តរជាតិ ហើយការរក្សាបានសន្តិសុខលម្ហសមុទ្រ អាចទាក់ទាញការវិនិយោគ ព្រោះគេសម្លឹងឃើញសមត្ថភាពទប់ស្កាត់កាយវាយឆ្មក់ភេរវកម្មពេលនាំចេញទៅទីផ្សារអន្តរជាតិ។
លោកបន្ថែមថា សមយុទ្ធដែលរៀបចំដោយចិនលើកនេះ ជាការបង្កើនសមត្ថភាពកងកម្លាំងកម្ពុជាលើការប្រឆាំងភេរវកម្មទៅលើសន្តិសុខលម្ហសមុទ្រហើយដែលអន្តរជាតិជាពិសេសចិនជាម្ចាស់ផ្ទះកំពុងយកចិត្តទុកដាក់លើការបង្កើនសុវត្ថិភាពលម្ហសមុទ្រក្នុងតំបន់ហើយចិនក៏ចង់បញ្ជាក់ប្រាប់ប្រទេសក្នុងតំបន់និងអន្តរជាតិថា ការរះឡើងនូវឥទ្ធិពលខ្លួន តាមរយៈការទូតយោធានិងសមយុទ្ធយោធារួមមិនមែនជាការគំរាមកំហែងនោះទេ៕