​បន្ទាយ​មាន​ជ័​យៈ ដោយសារ​តែមាន​ក្តី​ស្រមៃ​ចង់បាន​សញ្ញា​ប​ត្រ​ធ្វើជា​គ្រូបង្រៀន អ្នកស្រី​ហែម ស៊ី​ណាត ដែលមាន​វ័យ ៥៧ ​ឆ្នាំ គឺជា​បេក្ខជន​ដែលមាន​វ័យ​ចំណាស់​ជាងគេ ក្នុងចំណោម​បេក្ខជន​ជាង​ ១៣ ​ម៉ឺន​នាក់ ដែល​បាន​ចុះឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់​ឌុប​) សម័យ​ប្រឡង កាលពី​ថ្ងៃទី​ ៦-៧ ខែវិច្ឆិកា ឆ្នាំ ២០២៣​។​

បច្ចុប្បន្ន អ្នកស្រី​មានមុខរ​បរជា​គ្រូបង្រៀន​អក្ខរកម្ម​អប់រំ​ក្រៅ​ប្រព័ន្ធ ដែលជា​គ្រូ​ជាប់កិច្ចសន្យា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ អ្នកស្រី​កើត​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​ ១៩៦៦ នៅ​ភូមិ​ត្រពាំងរុន ឃុំ​តានី ស្រុក​អង្គរ​​ជ័យ ខេត្តកំពត​។ បច្ចុប្បន្ន​អ្នក​ស្រី​ស៊ី​ណាត​រស់នៅ​ភូមិ​ថ្ម​រមៀល​ខាងកើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​អ្នកស្រី​ជា​ស្ត្រី​មេម៉ាយ មានកូន​ចំនួន ៤​ នាក់ ស្រី ២ នាក់ និង​មាន​ចៅ​ចំនួន ៧​ នាក់ ស្រី ៣ នាក់​។ អ្នកគ្រូ​ហែម ស៊ី​ណាត បាន​បង្រៀន​អក្ខរកម្ម​មនុស្ស​ចាស់​នៅក្នុង​ភូមិ​ថ្ម​រមៀល​ខាង​កើត ខេត្តបន្ទាយមានជ័យ ដោយ​ទទួលបាន​ប្រាក់បៀវត្ស​ប្រចាំខែ​ចំនួន ៥០ ម៉ឺន​រៀល ​ក្នុង ១ ​ខែ​។ អ្នកគ្រូ​បង្រៀន​អក្ខរកម្ម​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សៅរ៍ ហើយ​ក្នុង​ ១​ ថ្ងៃ​អ្នកគ្រូ​ត្រូវ​បង្រៀន​រយៈ​ពេល ២ ​ម៉ោង នៅពេល​រសៀល​ពី​ម៉ោង​ ៥ ដល់​ ៧​ យប់​។​

អ្នកគ្រូ​ស៊ី​ណាត​បាន​និយាយថា គាត់​ធ្វើការ​បង្រៀន​មនុស្ស​ចាស់ ដែលជា​កសិករ​ធ្វើស្រែ​ធ្វើ​ចម្ការ ក្រោយពី​ចប់​ម៉ោង​ការងារ ពួកគាត់​បានមក​រៀន​អក្សរ​ជាមួយនឹង​អ្នកគ្រូ​។ សម្រាប់​ប្រាក់បៀវត្សរ៍​ដែល​បានមក គឺ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​អ្នកគ្រូ​។​

អ្នកគ្រូ​ធ្លាប់បាន​ប្រឡង​បាក់​ឌុប​ចំនួន ២​ ដង​រួចមកហើយ តែ​ដោយសារតែ​ឆ្នាំមុន​អ្នកគ្រូ​ប្រឡង​ធ្លាក់ ក៏​អ្នកគ្រូ​សម្រេចចិត្ត​ចុះ​ឈ្មោះ​ចូលរួម​ប្រឡង​សាជាថ្មី​ទៀត​នៅ​ឆ្នាំ​ ២០២៣​ នេះ​។​

​អ្នកគ្រូ ហែម ស៊ី​ណាត ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​សម្រេចចិត្តថា ខ្ញុំ​នឹង​យក​សញ្ញាបត្រ​ឱ្យបាន ពីព្រោះ​អី​សញ្ញាបត្រ​វា​សំខាន់​ណាស់​សម្រាប់​បញ្ជា​ក់នូវ​ការសិក្សា​របស់​យើង ហើយ​ចង់ឱ្យ​ក្មេងៗ​នឹង​យកតម្រាប់​តាម កុំឱ្យ​បោះបង់​ការសិក្សា​»​។​

​អ្នកគ្រូ​ ស៊ី​ណាត បាន​រៀន​បន្ថែម​នៅ​សាលា​បំពេញវិជ្ជា​នៃ​អនុវិទ្យាល័យ​ខ្លា​កូន ស្ថិតក្នុង​ក្រុង​សិរីសោភ័ណ ជា​រៀងរាល់​ថ្ងៃអាទិត្យ​ដើម្បី​ត្រៀម​នៅក្នុង​ការប្រឡង​បាក់​ឌុប​ហើយ​ក្រៅពីនោះ​អ្នកគ្រូ​រៀន​បន្ថែម​តាម​យូ​ធូប​ដោយ​អ្នកគ្រូ​មើល​ពី​របៀប​ធ្វើ​លំ​ហាត់ ក៏ដូចជា​កម្រង​សំណួរ​ដែល​ធ្លាប់​ចេញ​ប្រឡង​តាម​អន​ឡាញ​។​

នៅក្នុង​ការប្រឡង​ឆ្នាំនេះ អ្នកគ្រូ​ស៊ី​ណាត ប្រឡង​នៅ​មណ្ឌល​អនុវិទ្យាល័យ​ទឹកថ្លា នៅ​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទប់​លេខ​ ២០ លេខ​តុ​ ៤៨៩​។​

ការធ្វើដំណើរ​ពី​ផ្ទះ​ដែល​អ្នក​គ្រូ​ស្នាក់នៅ​ទៅ​មណ្ឌល​ប្រឡង​មាន​ចម្ងាយ​ប្រហែល​ជាជាង ​១០០ គីឡូម៉ែត្រ​ដោយ​ជិះ​ម៉ូតូ​ប្រើ​រយៈពេល​ប្រហែល ២ ម៉ោង​កន្លះ​។ នៅក្នុង​ការរៀបចំ​ខ្លួន​សម្រាប់​ការប្រឡង​នេះដែរ អ្នក​​គ្រូ ហែម ស៊ី​ណាត​បាន​ក្រោក​តាំងពី​ម៉ោង​ ៤ ​ព្រឹក​មក ដោយ​អ្នកគ្រូ​បាន​ស្នាក់នៅ​បន្ទប់​ជួល​នៅ​ទល់មុខ​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច សាខា​ខេត្តបន្ទាយមានជ័យ ​(UME)​។​ 

សម្រាប់​ការប្រឡង​ក្នុង​រយៈ​ពេល​ ២ ​ថ្ងៃ​ កាលពី​ថ្ងៃទី​ ៦ ​ទី​ ៧ ​ខែវិច្ឆិកា អ្នកគ្រូ​បាន​ត្រៀម​សម្ភារ​ដូចជា​ប៊ិក បន្ទាត់ ត្រៀម​ចិត្ត ក៏ដូចជា​ការថែទាំ​សុខភាព​ខ្លួន​ឯង​ឱ្យ​បានល្អ​ផងដែរ​។ អ្នកគ្រូ​បាន​និយាយថា អ្នកគ្រូ​អាចធ្វើ​បាន​ច្រើន តែ​មិនទាន់​ដឹងថា លទ្ធផល​អាចជា​ប់ ឬក៏​ធ្លាក់​នោះទេ​។ ប្រសិនបើ​អ្នកគ្រូ​ធ្លាក់ អ្នក​​គ្រូ​នៅតែ​បន្ត​ដាក់ពាក្យ​ប្រឡង​ទៀត​នៅ​ឆ្នាំក្រោយ ហើយនឹង​ខិតខំ​ប្រឹងរៀន​បន្ថែមទៀត​។​

​អ្នកស្រី​ឃួន វិច្ឆិកា​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា​៖ «​តាមពិតទៅ នៅក្នុង​គោលការណ៍​នៃ​ការណែនាំ​នៅក្នុង​ការប្រឡង​នឹង គឺ​គាត់​ទទួលបាន​ការអនុញ្ញាត​ឱ្យចូល​រួម​នៅក្នុង​ការប្រឡង ហើយ​ជាការ​សម្រេចចិត្ត​មួយ​របស់គាត់​ដែរ ដែល​គាត់​ចង់​ប្រឡង​ជាប់​ដើម្បី​បន្ត​គោលបំណង​របស់គាត់ ទៅ​ថ្ងៃ​អនាគត​ទៀត​។ ការចូលរួម​របស់គាត់ គឺ​ក្រសួង​អប់រំ ស្វាគមន៍ និង​រីករាយ ហើយក៏​លើកទឹកចិត្ត​គាត់​ដែរ នៅក្នុង​ការខិតខំ​ប្រឹង​ប្រែង​ហើយក៏​សូម​ជូន​ពរ​គាត់​ដែរ ឱ្យ​គាត់​ទទួលបាន​ជោគជ័យ​នៅក្នុង​ការប្រឡង​»​។​

​និយាយ​រួម​អ្នកស្រី ឃួន វិច្ឆិកា បាន​បញ្ជាក់ថា នៅក្នុង​គោល​ការណ៍​របស់​ក្រសួង​អត់​មាន​ការហាម​ឃាត​បេក្ខជន​ដែលមាន​អាយុ​ច្រើន​មិនឱ្យ​ប្រឡង​ទេ ដោយ​ក្រសួង​ពុំមាន​កំណត់​អាយុ​បេក្ខជន​ដែលមាន​បំណង​ប្រឡង​បាក់​ឌុប​នោះឡើយ​។​

​ជាមួយគ្នានេះដែរ អ្នកគ្រូ ហែម ស៊ី​ណាត បាន​លើកឡើងថា​៖ «​ការសិក្សា​ពេញ​មួយជីវិត គឺមាន​សារៈសំខាន់​ណាស់ ព្រោះ​អី​សព្វថ្ងៃ មានការ​រីកចម្រើនរ​បស់​សង្គមជាតិ ក៏ដូចជា​ការរីក​ចម្រើន​នៅលើ​សកលលោក​។ អ៊ីចឹង​ការសិក្សា​ពេញ​មួយជីវិត​ត្រូវតែ​សិក្សា ពីព្រោះ​អី​ដើម្បី​ឱ្យបាន​ប្រើប្រាស់​នូវ​អ្វីដែល​ថ្មីៗ បច្ចេកវិទ្យា​ចេញមក​ថ្មីៗ​។ កាលពីមុន យើង​អត់​មាន​បច្ចេកវិទ្យា​ថ្មីៗ​ទេ ឥឡូវ​យើង​មាន​បច្ចេក​​វិទ្យា​ចេញមក​ថ្មីៗ យើង​ត្រូវតែ​ខំ​សិក្សា​ដើម្បី​ចេះ​ប្រើ​វា​»​។​

​អ្នកគ្រូ ហែម ស៊ី​ណាត បានឱ្យដឹងថា​៖ «​ប្រសិនបើ​ខ្ញុំ​ប្រឡង​ជាប់​បាក់​ឌុប ខ្ញុំ​មានបំណង​មក​បន្ត​ការសិក្សា​នៅ​ភ្នំពេញ​បន្ថែម ដោយ​ខ្ញុំ​ចង់​បន្ត​ការសិក្សា​ដើម្បី​បាន​សញ្ញាបត្រ​ធ្វើជា​គ្រូបង្រៀន ព្រោះ​បំណង​ខ្ញុំ គឺ ចង់​ក្លាយជា​គ្រូបង្រៀន​ជា​យូរ​មកហើយ​»​។​

ស្ត្រី​ដែលជា​បេក្ខជន​ប្រឡង​បាក់​ឌុប​មាន​វ័យ​ចំណាស់​ជាងគេ​រូបនេះ​បញ្ជាក់ថា អ្នកស្រី​ចង់​បន្តការងារ​ជា​គ្រូបង្រៀន​ទៀត ដោយ​អ្នកស្រី​ចង់​ប្រឡង​បាក់​ឌុប​ឱ្យ​ជាប់ ដើម្បី​អាច​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​បាន​៕​

កុសល សិរី​កន្យា​