ភ្នំពេញៈ ក្លិបបាល់ទាត់វិសាខា បានឈានទៅដល់ការបញ្ចប់កិច្ចសន្យាជាមួយគ្រូបង្វឹកអ្នកចាំទី សញ្ជាតិអង់គ្លេសជាផ្លូវការហើយ ហើយកីឡាករចំនួន ៣នាក់ទៀត ក៏បានចែកផ្លូវជាមួយក្លិបណាហ្គាវើលដ៍ អង្គរថាយហ្គឺរ និងគិរីវង់សុខសែនជ័យដែរ។ ចំណែកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បាននិងកំពុងបើកក្តីក្តាំលើបញ្ហារបស់កីឡាករ Privat Mbarga ជាមួយ FIFA។
តាមការប្រកាសព័ត៌មាន កាលពីថ្ងៃទី ១០ ខែវិច្ឆិកា កន្លងមកនេះ បានឱ្យដឹងថា FFC បានសម្រេចជួលមេធាវី នៅប្រទេសស្វ៊ីស ដើម្បីបើកក្តីក្នុងការតស៊ូមតិទៅកាន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដើម្បីបញ្ជាក់ពីលក្ខណវិនិច្ឆ័យរបស់ខ្សែប្រយុទ្ធ Privat Mbarga សាឡើងវិញ ដើម្បីបើកផ្លូវឱ្យកីឡាករ កំពុងប្រកបអាជីពនៅក្នុងលីគកំពូលរបស់ប្រទេសឥណ្ឌូនេស៊ីរូបនេះ អាចចូលលេងក្នុងក្រុមជម្រើសជាតិកម្ពុជាបាន។
ការតស៊ូមតិលើក្តីក្តាំនេះ ក៏ព្រោះតែ FIFA ពុំបានបញ្ជាក់ច្បាស់លាស់អំពីលក្ខណៈបុគ្គលិករបស់កីឡាករ Privat Mbarga ដែលអាចលេងតំណាងឱ្យកម្ពុជា បើទោះបីជាខ្សែប្រយុទ្ធរបស់កាមេរូនរូបនេះ ត្រូវបានព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរជាផ្លូវការ តាមសំណើររបស់ FFC ដែលបានដាក់ជូនទៅរាជរដ្ឋាភិបាលកម្ពុជា រួចហើយក្តី។
FFC បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា៖ «ក្នុងអំឡុងការកោះហៅកីឡាករបោះជំរំហ្វឹកហាត់ ត្រៀមលេងពានរង្វាន់បាល់ទាត់ FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១ កាលពីខែតុលាកន្លងទៅ នៅក្នុងការចុះឈ្មោះកីឡាករ FIFA ពុំបានបញ្ជាក់ច្បាស់លាស់អំពីលក្ខណៈបុគ្គលិករបស់កីឡាករ Privat Mbarga ដែលអាចលេងតំណាងឱ្យកម្ពុជាបានឡើយ»។
FFC បានបន្ថែមថា៖ «នៅក្នុងការឆ្លើយតបនឹងបញ្ហានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជួលមេធាវីនៅប្រទេសស្វ៊ីស ដែលជាអ្នកឯកទេសក្នុងច្បាប់កីឡា បើកក្តីក្នុងការតស៊ូមតិទៅកាន់ FIFA ដើម្បីបញ្ជាក់ពីលក្ខណវិនិច្ឆ័យរបស់ Privat Mbarga ក្នុងការលេងឱ្យក្រុមជម្រើសជាតិកម្ពុជា ហើយបច្ចុប្បន្នមេធាវី ដែល FFC បានជួលឱ្យធ្វើការតស៊ូមតិជាមួយ FIFA នោះ កំពុងធ្វើការងារក្នុងករណីនេះ។ ពួកយើងនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀត នៅពេលទទួលបានព័ត៌មានបន្ថែមអំពីករណីនេះ»។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Privat Mbarga ជាបេក្ខភាពកីឡាករបាល់ទាត់បរទេសទី២ បន្ទាប់ពីខ្សែបម្រើជនជាតិជប៉ុន Yudai Ogawa ដែលទើបទទួលបានសញ្ជាតិខ្មែរ ហើយសម្រាប់ការត្រៀមខ្លួនប្រកួត FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១ កាលពីខែតុលា កន្លងមកនេះ Privat ក៏បានធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី មកហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា ផងដែរ ប៉ុន្តែរូបគេមិនត្រូវបាន FIFA អនុញ្ញាត ឬចុះឈ្មោះ ដើម្បីអាចលេងតំណាងឱ្យកម្ពុជា ដូច Yudai Ogawa បានទេ។
ដោយឡែក បុរសជនជាតិអង់គ្លេស លោក Anthony John McMullen ដែលជាគ្រូបង្វឹកអ្នកចាំទី ត្រូវបានក្លិបវិសាខា បញ្ចប់កិច្ចសន្យា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ដោយក្លិបមានមូលដ្ឋាន នៅកីឡដ្ឋានព្រីនស៍មួយនេះ បានបញ្ជាក់តាមសេចក្តីប្រកាសរបស់ខ្លួនថា៖ «ពួកយើង មានកិត្តិយសសូមជម្រាបថា ក្លិបបានព្រមព្រៀងចែកផ្លូវគ្នាជាមួយ លោក Anthony John McMullen គ្រូបង្វឹកអ្នកចាំទីហើយ។ ពួកយើងសូមអរគុណលោក Anthony John សម្រាប់ការខិតខំបំពេញការងារ និងរួមចំណែកជាមួយក្រុមក្នុងការប្រកួតនាពេលកន្លងមក»។
ជាមួយគ្នានេះ ក្លិបអង្គរថាយហ្គឺរ ក៏បានសម្រេចចិត្ដចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធអេស្ប៉ាញ Victor Blasco កាលពីថ្ងៃទី៩ ខែវិច្ឆិកាដែរ ប៉ុន្តែអង្គរថាយហ្គឺរ បានបញ្ជាក់ថា៖ «វាជាការសម្រេចចិត្តដ៏លំបាកសម្រាប់ក្លិប ដែលការសម្រេចចិត្តនេះ មានការព្រមព្រៀងគ្នាទៅវិញទៅមក»។
ដូចគ្នានេះ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសពីការចែកផ្លូវជាមួយកីឡាករ នុប តុលា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ហើយក្លិបណាហ្គាវើលដ៍ ក៏បានចែកផ្លូវជាមួយកីឡាករ លឹម អារុណរ៉េយមិន ផងដែរ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ប៉ុន្តែសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) ក៏បានប្រកាសស្វាគមន៍សមាជិកថ្មីរបស់ខ្លួន គឺ លឹម អារុណរ៉េយមិន ក្នុងថ្ងៃជាមួយគ្នានោះដែរ។ មានន័យថា ពេលនេះ អារុណ បានទៅរួមរស់ជាមួយក្រុមទ័ពវិញម្តង៕