ភ្នំពេញៈ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ បានលើកឡើងថា បារាំង និងកម្ពុជា រួមជាមួយប្រទេសភាគច្រើនដទៃទៀត បានថ្កោលទោសសង្គ្រាម ដែលកំពុងតែកើតមាននៅស្ទើរគ្រប់ទីកន្លែងនៅលើពិភពលោក ក្នុងនោះរួមទាំងនៅលើទឹកដីអឺរ៉ុបផងដែរ ខណៈដែលអ្នកវិភាគនយោបាយលើកឡើងថា ពុំមានសង្គ្រាមណាមួយបញ្ចប់ទៅបាន ដោយការប្រើសង្គ្រាមទេ។
ការថ្លែងរបស់លោក ហ្សាក់ ប៉ឺឡេ ធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅឯស្ថានទូតបារាំងក្នុងពិធីរំឭកខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី១។ ពិធីនេះមួយផ្នែកទៀត ក៏បានធ្វើឡើងនៅវិមានរំឭកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ផងដែរ ដើម្បីអបអរជ័យជម្នះ សន្តិភាព និងឧទ្ទិសដល់អ្នកដែលបានពលីសម្រាប់ប្រទេសបារាំង។
លោកឯកអគ្គរដ្ឋទូតបារាំងបានមានប្រសាសន៍ថា៖ «វិមានខាងលើនេះ គឺជានិមិត្តរូបដ៏មានអត្ថន័យនៃប្រវត្តិសាស្ត្ររួមបារាំង និងកម្ពុជា»។
ពាក់ព័ន្ធនឹងសង្គ្រាមបច្ចុប្បន្ន លោក ហ្សាក់ ប៉ឺឡេ លើកឡើងថា៖ «សព្វថ្ងៃនេះក្នុងពេលដែលសង្គ្រាមកំពុងកើតមានឡើងវិញគ្រប់ទីកន្លែងនៅលើពិភពលោក រួមទាំងនៅលើទឹកដីអឺរ៉ុប ដែលជាសង្គ្រាមមួយដ៏អាក្រក់ ខុសច្បាប់ និងមិនសមហេតុផល បង្កឡើងដោយប្រទេសរុស្ស៊ី ប្រឆាំងនឹងប្រទេសអ៊ុយក្រែន ក៏ដូចសង្គ្រាមបង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ដែរ។ ប្រទេសបារាំងនិងប្រទេសកម្ពុជាបានរួមគ្នាជាមួយប្រទេសភាគច្រើនដទៃទៀត ដើម្បីថ្កោលទោសសង្គ្រាមទាំងនេះ »។
លោកបានបន្តថា ប្រទេសបារាំងមានមោទនភាព ដែលស្ថិតនៅក្បែរប្រទេសកម្ពុជា ដើម្បីបម្រើបុព្វហេតុសន្តិភាព ពិភពលោក។
លោកហ្សាក់ ប៉ឺឡេ បានបន្ថែមថា វត្តមានកងទ័ពមួកខៀវនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម(NPMEC)និងសិស្សសាលានាយទាហានសកម្មត្មាតពងនៅក្នុងពិធីនេះ ស្ថានទូតបារាំងចង់រំលេចពីកិច្ចសហប្រតិបត្តិការដ៏យូរលង់ និងប្រកបដោយទំនុកចិត្ត ជាមួយកម្ពុជាលើផ្នែកបណ្តុះបណ្តាលយោធាកម្រិតខ្ពស់បំផុត។
«ប្រទេសបារាំងក៏មានបំណងបង្ហាញពីការរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ដែលជាការសម្រេចចិត្តដ៏មោះមុតមួយរបស់កម្ពុជា បន្ទាប់ពីបានឆ្លងកាត់សង្គ្រាមស៊ីវិល និងសោកនាដកម្មជាច្រើនទសវត្សរ៍ ហើយក៏ធ្លាប់ទទួលស្វាគមន៍បេសកកម្មអាជ្ញាធរអន្តរកាល អង្គការសហប្រជាជាតិ(អ៊ុនតាក់)»។ លោកហ្សាក់ ប៉ឺឡេ បញ្ជាក់បន្ថែម។
សូមបញ្ជាក់ដែរថា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញចូលរួមក្នុងពិធីរំឭកខួបជ័យជម្នះ សន្តិភាព និងគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនកម្ពុជា-បារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ផងដែរ។ ពិធីនេះត្រូវបានរៀបចំឡើងដោយស្ថានទូតបារាំងនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីឥស្សរជនកម្ពុជា អង្គទូត មន្ត្រី និងនិស្សិតមកពី LycéeFrançais René Descartes។
លោក គិន ភា អ្នកវិភាគនយោបាយ និងប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា រាល់សង្គ្រាមដែលកើតឡើងទាំងអស់ មិនថាសង្គ្រាមលោកទាំង២លើក និងសង្គ្រាមថ្មីៗនេះទេ គឺគ្មានសង្រា្គមណាមួយបញ្ចប់ដោយការយកសង្គ្រាមទៅបញ្ចប់សង្គ្រាមទេ ដោយចុងក្រោយទៅ គឺសុទ្ធតែប្រើប្រាស់មធ្យោបាយការទូត ការចុះសន្ធិសញ្ញា និងកិច្ចព្រមព្រៀងផ្សេងៗជាដើម។
លោកបានបញ្ជាក់ថា៖ «ការបញ្ចប់សង្គ្រាមដោយប្រើប្រាស់មធ្យោបាយសន្តិវិធីមធ្យោបាយការទូត សង្គ្រាមនោះអាចបញ្ចប់ក្នុងរយៈពេលយូរអង្វែង និងមានស្ថិរភាព។ ដូចយើងដឹងហើយ សង្គ្រាមបានបន្សល់ទុកសោកនាដកម្មច្រើនណាស់ មិនថាសង្គ្រាមក្តៅ ឬសង្គ្រាមត្រជាក់ឡើយ ជាពិសេសធ្វើឱ្យជនស៊ីវិលស្លូតត្រង់ត្រូវបាត់បង់ជីវិត និងរស់នៅយ៉ាងវេទនា»។
លោក គិន ភា បានបន្តទៀតថា មេរៀនសង្គ្រាមទាំងអស់នេះ ធ្វើឱ្យគ្រប់មនុស្សជាតិផ្តល់អាទិភាព និងតម្លៃនៃសន្តិភាព ជាចាំបាច់ និងគួរចៀសវាងការប្រកួតប្រជែងណាមួយដែលនាំមកអស្ថិរភាពសង្គម និងមានសង្គ្រាម។
លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក៏បានថ្លែងដែរថា បច្ចុប្បន្ន កងទ័ពមួកខៀវកម្ពុជាជាង ៨០០នាក់ ក្នុងនោះមានស្ត្រីជាច្រើន កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពពិភពលោក ជាពិសេសនៅតាមបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងដូចជា ម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងលីបង់ ដែលនេះបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពពិភពលោក។
សូមជម្រាបថា សង្គ្រាមលោកលើកទី១ ឬហៅថា «មហាសង្គ្រាម» បានបញ្ចប់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ ដែលបណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស១០លាននាក់ ឬ១៨លាននាក់ បើរាប់ទាំងជនស៊ីវិលផង ក្នុងនោះប្រទេសបារាំងបាត់បង់ជីវិតទាហាន១,៤លាននាក់ និងមានអ្នករបួស និងពិការច្រើនជាងនេះ ៤ដង ហើយបង្កឱ្យជនស៊ីវិល ៣សែននាក់រងគ្រោះទៀតផង។
ចាប់តាំងពីឆ្នាំ២០១២ មករៀងរាល់ថ្ងៃទី១១វិច្ឆិកា មិនត្រឹមតែជាថ្ងៃរំឭកដល់ការចុះហត្ថលេខាបញ្ចប់សង្គ្រាមលោកលើកទី១ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាថ្ងៃសម្រាប់ឧទ្ទិសដល់មនុស្សទាំងអស់ដែលបានពលីជីវិតដើម្បីប្រទេសបារាំងនៅក្នុងសង្គ្រាមអតីតកាល និងបច្ចុប្បន្នកាល ទាំងជនស៊ីវិល និងទាហាន។
សូមរំឭកផងដែរថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ លោកហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោកហ្សាក់ ប៉ឺឡេ ឯករដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធវិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ចន្លោះឆ្នាំ១៩១៤-១៩១៨។
វិមាននេះត្រូវបានសាងសង់ដំបូងក្នុងឆ្នាំ១៩២៥ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ១៥១នាក់ និងជនជាតិបារាំងនៅកម្ពុជាចំនួន ៣៣នាក់ ដែលបានពលីក្នុងសង្គ្រាមនេះ ប៉ុន្តែត្រូវបានបំផ្លាញដោយរបបខ្មែរក្រហម នៅពេលពួកគេកាន់កាប់ទីក្រុងភ្នំពេញ តែទោះជាយ៉ាងណាក្ដី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកសាងវិមាននេះឡើងវិញ តាមលំនាំដើមនៅលើទីតាំងដដែលនៅក្នុងសួនច្បារមួយ ទល់មុខស្ថានទូតបារាំង។
សំណង់ប្រវត្តិសាស្ត្រនេះ មិនត្រឹមតែជានិមិត្តរូបនៃចំណងមិត្តភាពដ៏យូរលង់រវាងបារាំង និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរំឭកពីផលវិបាកដ៏សោកនាដកម្មនៃសង្គ្រាម ដែលជាអកុសលនៅតែបន្ត ធ្វើឱ្យមានជនរងគ្រោះនៅជុំវិញពិភពលោក។ ការកសាងវិមាននេះឡើងវិញ គឺជាសារសកលមួយនៃសន្តិភាព និងការអត់ឱន៕